ទើបដឹងថា! ភរិយារបស់ Pep មានចំណែកយ៉ាងសំខាន់ ក្នុងការជំរុញ Mendy បានផ្ទេរមក Man City
- 2018-06-26 11:49:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទើបដឹងថា! ភរិយារបស់ Pep មានចំណែកយ៉ាងសំខាន់ ក្នុងការជំរុញ Mendy បានផ្ទេរមក Man City
ចន្លោះមិនឃើញ
ខ្សែការពារស្លាបឆ្វេង Benjamin Mendy បានបង្ហើបថា ប្រពន្ធលោក Pep Guardiola មានចំណែកយ៉ាងសំខាន់ក្នុងជួយឲ្យការផ្ទេររបស់ខ្លួនមក Manchester City បានសម្រេចដូចបំណង។
ក្នុងអត្ថបទមួយក្នុង The Players' Tribune កីឡាករ Mendy បានបង្ហើបថា កាលពីឆ្នាំមុន នៅពេលខ្លួនកំពុងពិចារណាចូលរួមជាមួយក្លឹបមេឃខៀវនៅអង់គ្លេស ខ្លួន និងលោក Pep ចាប់ផ្ដើមទាក់ទងផ្ញើសារឆ្លើយឆ្លងឲ្យគ្នាទៅវិញទៅមកតាមបណ្ដាញសង្គម WhatsApp។
ក្នុងអំឡុងពេលទាក់ទងគ្នានោះ ខ្សែការពារស្លាបបារាំងបានទម្លាយឲ្យដឹងថា ខ្លួនមិនត្រឹមតែផ្ញើសារជាមួយលោក Pep នោះទេ តែជាមួយប្រពន្ធលោកផងដែរ។ ប្រពន្ធលោក Pep បានជួយលោកទាក់ទងនឹងភាសាបារាំង ដើម្បីមានការទំនាក់ទំនងងាយស្រួលជាមួយ Mendy។
ការណ៍នេះហើយ ទើបធ្វើឲ្យ Mendy មានអារម្មណ៍និយាយជាមួយ"សមាជិកគ្រួសារ" ជាជាងនិយាយជាមួយ "គ្រូបង្វឹក" ពេលទាក់ទងជាមួយ Pep។
បន្ថែមពីការបង្ហើបទាំងអស់នេះ កីឡាករបារាំង បាននិយាយសរសើរមិនដាច់មាត់ទៅលើអ្នកចាត់ការក្លឹប Manchester City ដែលជួយក្លឹបឲ្យឈ្នះ Premier League រដូវកាល ២០១៧/១៨ និង League Cup។
សូមបញ្ជាក់ផងដែរថា Benjamin Mendy បានមកចូលរួមជាមួយ Manchester City ពី Monaco កាលពីឆ្នាំមុន ក្នុងតម្លៃផ្ទេរ ៥២ លានផោន (ជិត ៧០ លានដុល្លារសហរដ្ឋអាមេរិក)។ ទោះជាយ៉ាងណា លេងឲ្យក្លឹបថ្មីមិនបានប៉ុន្មានផង Mendy ក៏ពើបប្រទះរបួសជង្គង់ធ្ងន់ធ្ងររហូតសម្រាកព្យាបាលជិត ១ រដូវកាល។ កីឡាករទើបសះពីរបួសនាអំឡុងខែមេសាឆ្នាំនេះ ប៉ុណ្ណោះ៕