គ្មានការ​បណ្តេញ​គ្រូ​បង្វឹកចេញ​ទេ ក្រោយ​អាហ្សង់ទីន​ចាញ់​​ក្រូអាត​ធ្ងន់​ក

  • 2018-06-23 10:19:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​ទោះ​ជា Jorge Sampaoli ដឹក​នាំ​អាហ្សង់ទីន​ចាញ់​ក្រោម​ថ្វី​ជើង​ក្រូអាត​យ៉ាង​ធ្ងន់ធ្ងរ ប៉ុន្តែ អតីត​គ្រូ​បង្វឹក​ឈីលី​​នឹង​មិន​ត្រូវ​​បាន​បណ្ដេញ​ចេញ​ពី​​តួនាទី​នៅ World Cup ២០១៨ នេះ​ឡើយ។

សហព័ន្ធ​កីឡា​បាល់ទាត់​អាហ្សង់ទីន (Argentina FA ឬ AFA) បាន​បញ្ជាក់​​បន្ទាប់​ពី​ចប់​ប្រកួត​ជុំ​ទី​២​ថា គ្មាន​នរណា​ម្នាក់​នឹង​​ត្រូវ​ចាកចេញ​ពី​តំណែង​ទេ​។ នេះ​បើ​តាម Independent ទើប​បាន​ចុះ​ផ្សាយ។

​Marcaបាន​ដកស្រង់​​ពី​បណ្ដាញ​សារព័ត៌មាន TYC ដោយ​បាន​រាយការណ៍​ថា កីឡាករ​អាហ្សង់ទីន​មាន​កិច្ច​ប្រជុំ​បន្ទាន់​មួយ នៅ​ព្រឹក​ថ្ងៃ​សុក្រ​បន្ទាប់​ពី​ចាញ់​ក្រូអាត ៣-០ ហើយ​បាន​សម្រេច​ថា ពួកគេ​នឹង​​មិន​ត្រូវការ​​លោក Sampaoli ដឹក​នាំ​ក្រុម​លេង​​ទល់​នឹង​នីហ្សេរីយ៉ា​ទៀត​ទេ ដោយ​ជំនួស​មក​វិញ​ដោយ​លោក Jorge Burruchaga គ្រូ​បច្ចេកទេស ដែល​ជា​ជំនួយ​ការ​លោកSampaoli។ ប៉ុន្តែ បើ​តាម​សហព័ន្ធ គ្មាន​ឡើយ​ការ​ផ្តាស់ប្តូរ​គ្រូ​បង្វឹក។

Otamendi ព្យាយាម​លោត​សំកាំង​យក​បាល់​ពេល​ប៉ះ​ក្រូអាត

Sergio Aguero បាន​ប្រតិកម្ម​ទៅ​នឹង​ពាក្យ​សំដី​របស់​អតីត​គ្រូ​បង្វឹក Sevilla និង ឈីលី ដែល​បាន​បន្ទោស​កូន​ក្រុម​ថា​មិន​ចេះ​លេង​បាល់​ជាមួយ Messi។ Aguero និយាយ​ថា "គាត់​អាច​និយាយ​អ្វី​ដែល​គាត់​ចង់​"។

ភាព​តានតឹង​ផ្ទៃ​ក្នុង​របស់​អាហ្សង់ទីន​ បាន​កើត​ឡើង​​ស្រប​​ពេល​ដែល​​ក្រុម​មក​ពី​អាមេរិក​ឡាទីន​មួយ​នេះ​​មាន​ឱកាស​កាន់​តែ​ស្តួចស្តើង​ក្នុង​ការ​ឡើង​ទៅ​វគ្គ​១៦​ក្រុម។

Messi ទម្លាយ​សំណាញ់​ទី Danijel Subasic របស់​អ្ន​ក​ចាំទីក្រូអាត​មិន​បាន​សម្រេច

សារព័ត៌មាន​ Indpendent របស់​អង់គ្លេស​បាន​រាយការណ៍​ថា​វិបត្តិ​នៃ​ការ​រៀបចំ​របស់​គ្រូ​បង្វឹក Sampaoli នៅ​ត្រង់​ប្រើ​ប្រព័ន្ធ​ការពារ​៣ នាក់ លេង​ទល់​នឹងក្រូអាត។ ប្រព័ន្ធ​នេះ Sampaoli ជោគជ័យ​ច្រើន​នៅ​ពេល​ដឹក​នាំ​ឈីលី ប៉ុន្តែ បែរ​ជា​​បរាជ័យ​ធំ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ក្រុម​ជម្រើស​ជាតិអាហ្សង់ទីន​។

ម្យ៉ាង​ទៀត Messi លេង​នៅ​តំបន់​បម្រើ​កណ្ដាល​ដែល​ខ្លួន​​មិន​សូវ​ថ្នឹក​ជាមួយ ហើយ បាន​ត្រឹម​រង់​ចាំ​បាល់​វែង​ពី Nicolas Otamendi ស្រប​ពេល​ដែល Aguero ក៏​មិន​មែន​ជា​ប្រភេទ​ខ្សែ​ប្រយុទ្ធ​តំបន់​កណ្ដាល ដែល​ពិបាក​លេង​បាល់ one-twos ជាមួយ Messi។ ជាហេតុ​ធ្វើ​ឲ្យ​អាហ្សង់ទីន​ពិបាក​បណ្តើរ​បាល់​ចូល​ទៅ​ក្នុង​ប្រអប់​គ្រោះថ្នាក់​របស់​ក្រូអាត។

ជារួម​នៅ​ពេល​នេះ បើ​ទោះ​ជា Jorge Sampaoli អាច​ដឹក​នាំ​អាហ្សង់ទីន​ឡើង​ទៅ​វគ្គ​១៦​ក្រុម ប៉ុន្តែ វិបត្តិ​អាហ្សង់ទីន​ទំនង​ជា​ពិបាក​ដោះ​ស្រាយ​ដដែល ពី​ព្រោះ​​កីឡាករ​ទាំង​អស់​ហាក់​អស់​ជំនឿ​លើ​គ្រូ​បង្វឹក៕

ប្រភព៖ Marca | Independent   ប្រែ​សម្រួល៖ សុខ លាងហ៊ត