កាន់​តែ​ធ្ងន់​ហើយ អ្នក​ចែក​ចាយស៊ីមបន្ត​ អត់​យកអត្តសញ្ញាណ​ប័ណ្ណ ប្រយ័ត្ន​ជាប់គុក

  • 2018-06-25 07:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក អ៊ឹម វុត្ថា អ្នក​នាំ​ពាក្យ​និយ័តករ​ទូរគមនាគមន៍​កម្ពុជា (TRC) បាន​ព្រមាន​ដល់​បណ្ដា​ប្រតិបត្តិករ​ដែល​អនុញ្ញាត​ឲ្យ​អ្នក​ចែក​ចាយ​ស៊ីម​បន្ត លក់​មិន​យក​អត្តសញ្ញាណ​ប័ណ្ណ​អាច​ប្រឈម​មុខ​និង​ផ្លូវច្បាប់​ធ្ងន់ធ្ងរ។

ឯកឧត្ដមអ៊ឹម វុត្ថា| រូបភាព៖ trc.gov.kh

លោក​ថា ភាគី​ប្រតិបត្តិករ​ត្រូវ​ព្រមាន​និង​ចាត់​វិធានការ​ដល់​តំណាង​ចែក​ចាយ(dealer)ឱ្យ​តឹង​រឹង​បំផុត។ លោក​បាន​ពន្យល់​ពី​ផល​លំបាក​ថា អន្តរ​ក្រសួង (ក្រសួង​ព័ត៌មាន-ក្រសួង​មហាផ្ទៃ និង​ក្រសួង​ប្រៃសណីយ៍)​ កំពុង​តែ​ស្ថិត​ក្នុង​ដំណាក់កាល​សំអាត និង​លុប​បំបាត់ ព័ត៌មាន​ក្លែងក្លាយ (fake news)។

"ចុះ​បើ​មាន​ស៊ីមកាត អត់​អត្តសញ្ញាណប័ណ្ណ គេ​មិន​យក​ទៅ​បង្កើត account ក្លែង​ក្លាយ។ ចឹង​នេះ​ហើយ​ជា​ឬស​គល់"។

លោក​បាន​បញ្ជាក់​ថា​តួលេខ​គណនី​ហ្វេកប៊ុក (facebook) ពី​ក្រសួង​មាន​ជាង ៦,៨លាន​គណនី ខណៈ​តួលេខ អ្នក​ប្រើ​អ៊ីនធឺណិត​សរុប​ប្រមាណ​ជា ៨ លាន​នាក់ និង​មាន​ស៊ីម​ទូរសព្ទ​ជាង ១៨ លាន​កំពុង​ប្រើប្រាស់ ក្នុង​ចំណោម​ក្រុមហ៊ុន​ទាំង ៧ កំពុង​ដំណើរការ​ផ្ដល់​សេវា​សម្រាប់​អតិថិជន។

រូប​តំណាង

និយតករ​ទូរគមនាគមន៍​កម្ពុជា​បាន​ដាក់​​កំហិត​​(ឱស្សានុវាទ​​ចុងក្រោយ) ត្រឹម​ថ្ងៃ ០១ កក្កដា ២០១៨ ដល់​ក្រុមហ៊ុន​ទូរសព្ទ​ទាំង​អស់​ត្រូវ​​បញ្ឈប់​ជា​បន្ទាន់ ការ​បន្ត​លក់ស៊ីម​គ្មាន​ឯកសារ​ដល់​អ្នក​ប្រើប្រាស់​ ដែល​ផ្ទុយ​ច្បាប់​និង​បទបញ្ញត្តិ។

ការ​ថ្លែង​របស់​ឯកឧត្ដម ធ្វើឡើង​ក្នុង​កិច្ច​ប្រជុំ​អន្តរ​ក្រសួង រវាង​ស្ថាប័ន​និង​ប្រតិបត្តិករ​ទូរគមនាគមន៍ នៅ​ការិយាល័យ​និយ័តករ​ទូរគមនាគមន៍​កម្ពុជា (TRC) កាលពីថ្ងៃទី២៥ ខែ​មិថុនា ឆ្នាំ​២០១៨៕

អាន​អត្ថបទ​បន្ត៖

អត្ថបទ៖ រក្សា

អត្ថបទពេញនិយម