៥ក្បាច់ ត្រៀមមុនប្រឡងបាក់ឌុបជាង១ខែ ពីសិស្សឆ្នើមនិទ្ទេសA លំដាប់ពិន្ទុ១០០ពេញ(វីដេអូ)

  • 2018-06-26 03:56:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​រយៈ​ពេល​នេះ សិស្សានុសិស្ស​ថ្នាក់​ទី១២ ទូទាំង​ប្រទេស​កំពុង​សម្រុក​ខិត​ខំ​ប្រឹង​ប្រែង​រៀន​យ៉ាង​ខ្លាំង​ទៅ​តាម​វិធីសាស្ត្រ​រៀង​ខ្លួនៗ ដើម្បី​ត្រៀម​ការ​ប្រឡង​មធ្យម​សិក្សា​ទុតិយភូមិ​ឆ្នាំ​២០១៨។ ចុះ​ក្រឡេក​មក​មើល​អតីត​សិស្ស​ឆ្នើម​​និទ្ទេសA លំដាប់​ពិន្ទុ​១០០​ពេញ ស គីមស៊ា វិញ តើ​ក្នុង​អំឡុង​ពេល​នេះ​ឆ្នាំ​២០១៧ រូប​គេ​ផ្ដោត​លើ​អ្វី​ខ្លះ​ទើប​ក្លាយ​ជា​សិស្ស​ឆ្នើម​បែប​នេះ?

សិស្សឆ្នើម ស គីមស៊ា

**១. ទុក​ការ​ប្រឡង​ឆមាសទី២​ដូចជា​ការ​ប្រឡង​ថ្នាក់​ជាតិ**

គីមស៊ា​លើក​ឡើង​ថា ការ​ប្រឡង​ឆមាស​ត្រូវ​ខំ​ប្រឹង​​ឲ្យ​ខ្លាំង​ដូចគ្នា កុំ​ធ្វើ​ការ​បើក​ចាក់ កុំ​លួច​ចម្លង មាន​ន័យ​ថា​យក​ការ​ប្រឡង​នេះ ទុក​ជា​ការ​វាស់​ស្ទង់​សមត្ថភាព​ខ្លួន​ឯង ថា​តើ​យើង​អាច​ធ្វើ​បាន​កម្រិត​ណា​ ដើម្បី​ត្រៀម​ខ្លួន​ក្នុង​ការ​ប្រឡង​ថ្នាក់​ជាតិ។

២. អនុវត្ត​ទៅ​លើ​ការ​ធ្វើ​វិញ្ញាសា​ផ្សេងៗ

មក​ទល់​នឹង​ពេល​នេះ គីមសា ប្រាប់​ថា​មេរៀន​ផ្សេងៗ​គឺ​រៀន​ចប់​អស់ហើយ។ ដូច្នេះ​គួរ​តែ​ធ្វើ​ការ​អនុវត្ត​ទៅ​លើ​វិញ្ញាសា​ផ្សេងៗ ដូចជា៖ គណិត រូប គីមី ជីវៈ និង​វិញ្ញាសា​សរសេរ​ផ្សេង​ទៀត ដើម្បី កំណត់​ពេល​វេលា ​ថាតើ​​រយៈ​ពេល​ដែល​ក្រសួង​ឲ្យ​មក ៩០​នាទី ឬ ១៥០​នាទី តើ​យើង​អាច​ធ្វើ​ទាន់​ជាមួយ​វិញ្ញាសា​ទាំង​អស់​នោះ​ដែរ​ឬ​ក៏​អត់? ក្រៅ​ពី​នោះ​គួរ​សាក​ល្បង ធ្វើ​វិញ្ញាសា​ផ្សេង​ទៀត ក្រៅ​ពី​វិញ្ញាសា​ឆ្នាំ​ចាស់ ដែល​ជា​ស្តង់ដា​ប្រឡង​ដូច​គ្នា ដើម្បី​ឲ្យ​ដឹង​ថា តើ​មេរៀន​ណា​ដែល​យើង​មិន​ទាន់​ចេះ ​ហើយ​មេរៀន​ណា​ដែល​យើង​ត្រូវ​ការ​ពង្រឹង​បន្ថែម​ទៀត។

៣. គួរ​តែ​ចំណាយ​ពេល​សិក្សា​ដោយ​ខ្លួន​ឯង​ជា​ជាង​សម្រុក​រៀន​គួរ​តែ​ម្យ៉ាង

គីមស៊ា និយាយ​ថា ភាគ​ច្រើន​បំផុត​ឲ្យ​តែ​មក​ដល់​ពេល​នេះ​ហើយ គឺ​ម្នាក់ៗ​សម្រុក​ទៅ​រៀន​គួរ​សឹង​តែ​មិន​អាច​រក​កន្លែង​អង្គុយ​បាន។ គីមស៊ា បន្ត​ថា៖ «គួរ​តែ​ចំណាយ​ពេល​ធ្វើ​ការ​សិក្សា​ដោយ​ខ្លួន​ឯង មាន​ន័យ​ថា យើង​ទៅ​រៀន​គួរ​ដូចគ្នា ទៅ​យក​វិញ្ញាសា​ដូច​គ្នា តែ​គួរ​រក​ពេល​វេលា​ណា​មួយ​វាស់​ស្ទង់​សមត្ថភាព​ខ្លួន​ឯង។» យុវជន​ពូកែ​សំនួន​វោហារ​នេះ ជំរុញ​លើក​ទឹក​ចិត្ត​ឲ្យ​សិស្សានុសិស្ស​ទាំង​ឡាយ គិត​ត្រង់​ចំណុច​នេះ​សា​ឡើង​វិញ ជាក់​ស្ដែង​ដូចជា​រូប​គេ​ផ្ទាល់​​ធ្លាប់​បាន​ចំណាយ​ពេល​រៀន​គួរ​តាំង​ពី​ព្រឹក​ទល់​ល្ងាច តែ​អ្វី​ដែល​ទទួល​បាន​ហាក់​មិន​ដូច​អ្វី​ដែល​គេ​ចង់​បាន​ឡើយ។ ដូច​នេះ​ អ្វី​ដែល​ត្រូវ​ធ្វើ​នោះ គឺ​ត្រូវ​សិក្សា​ឲ្យ​ស្គាល់​ពី​ខ្លួន​ឯង ថា​តើ​យើង​រៀន​របៀប​ម៉េច​ទើប​មាន​ប្រសិទ្ធភាព?

សិស្សកំពុងរៀនគួរ

៤. កុំ​ព្យាយាម​ទន្ទេញ​វិញ្ញាសា​ចាស់ៗ

យុវជន​វ័យ​១៨​ឆ្នាំ​រូប​នេះ បន្ត​ថា ការ​ទន្ទេញ​វិញ្ញាសា​ទោះ​បី​ជា​យើង​ជា​អ្នក​ពូកែ​ទន្ទេញ​យ៉ាង​ណា​ ទោះ​បី​ចេញ​វិញ្ញាសា​​​នោះចេញ​ភ្លាម ក៏​យើង​ពិបាក​ប្រឡង​ដែរ ព្រោះ​មិន​មែន​ចេះ​ពី​ក្នុង​ខ្លួន។ ជា​ការ​ប្រសើរ​ គួរ​ព្យាយាម​យល់​ពី​លំហាត់ ក៏​ដូចជា​វិញ្ញាសា​ទាំង​អស់​នោះ​វិញ។ ការ​សិក្សា​ទៅ​លើ​វិញ្ញាសា​ចាស់ៗ គឺ​ត្រឹមត្រូវ​ហើយ ប៉ុន្តែ​មិន​មែន​ទន្ទេញ​យក​លេខ​ យក​អី មក​​មើល​នោះ​ទេ។ អ្វី​ដែល​សំខាន់​នោះ ត្រូវ​យក​មក​មើល​ថា​ប្រភេទ​វិញ្ញាសា​ណា​ដែល​គេ​ចេញ​ប្រឡង​ឆ្នាំ​ហ្នឹង? តើ​កម្រិត​វិញ្ញាសា​ប៉ុណ្ណា? តើ​យើង​អាច​ធ្វើ​បាន​ឬ​អត់? តើ​លំហាត់​ប្រភេទ​ណា​ទៀត​ដែល​យើង​មិន​ទាន់​ធ្វើ​បាន? ដូច្នេះ​មាន​ន័យ​ថា ការ​ទិញ​វិញ្ញាសា​នៅ​តាម​តូប តាម​ផ្សារ​ទាំង​អស់​នោះ គឺ​ដើម្បី​យក​មក​សិក្សា​ពី​វិញ្ញាសា​ទាំង​នោះ ចំណែក​ឯកា​ទិញ​យក​ទន្ទេញ គឺ​អត់​ត្រូវ​ស្តង់ដារ​ជាមួយ​ការ​ប្រឡង​នោះ​ទេ។

៥. ចង់​បាន​និទ្ទេស​ល្អ​ត្រូវ​កុំ​មើល​រំលង​មុខ​វិជ្ជា​ផ្នែក​អក្សរ

នៅ​ត្រង់​ចំណុច​នេះ អាច​សិស្ស​មួយ​ចំនួន​ផ្ដោត​ទៅ​លើ​មុខ​វិជ្ជា​វិទ្យាសាស្ត្រ​ច្រើន រហូត​ពេល​ខ្លះ មិន​បាន​រំឭក​មេរៀន​ដទៃ​ទៀត​ ដូចជា ភូមិ​ ប្រវត្តិ​ជា​ដើម។ ដូច្នេះ​មុខ​វិជ្ជា​ទាំង​អស់​នេះ បើ​សិន​ជា​សល់​ពេល​ពី​ការ​ដោះ​ស្រាយ​លំហាត់ ឬ​គណនា​ គួរ​ចំណាយ​ពេល​ខ្លះ ដើម្បី​មើល​ទៅ​លើ​មេរៀន​ទាំង​នោះ​ខ្លះ​ ទើប​អាច​ធ្វើ​ការ​ប្រឡង​បាន​ពិន្ទុ​ច្រើន​ដូច​គ្នា៕

សូមទស្សនាក្នុងវីដេអូសម្ភាសពិសេសខាងក្រោមនេះ៖

ចុចអាន៖

អត្ថបទ៖ វឌ្ឍនៈ