ចាយ​លុយ ១ ពាន់​លានដុល្លារ​ទិញ Instagram អាច​ឲ្យ Facebook ចំណេញ​ ១០០ ដង​

  • 2018-06-27 07:08:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ឆ្នាំ​ ២០១២ ក្រុមហ៊ុន​ Facebook បាន​ចំណាយ​ ១ ពាន់​លាន​ដុល្លារ​ ទិញ​យក​បណ្ដាញ​ Instagram ដែល​ពេល​នោះ​ Instagram មាន​បុគ្គលិក​បម្រើ​ការ​សរុប​ត្រឹម​ ១៣ នាក់ និង​មាន​ចំនួន​អ្នក​ប្រើ​ប្រាស់​ ៣០ លាន​នាក់។ ​

ការ​សម្រេច​ទិញ​នេះ​​ធ្វើ​ឲ្យ​គ្រប់​គ្នា​ភ្ញាក់ផ្អើល​ព្រោះ​ជា​ការ​ទិញ​យក​ថ្លៃ​បំផុត​មួយ​ ក្នុង​ប្រវត្តិសាស្ត្រ​របស់​ Facebook។ យ៉ាងណាក្ដី​ ៦ ឆ្នាំ​ក្រោយ​មក​ Instagram ​រីក​ខ្លាំង​ បង្ហាញ​ថា​​លោក Mark Zuckerberg និង​​ក្រុម​ថ្នាក់​ដឹក​នាំ​នៅ​ Facebook បាន​សម្រេច​ចិត្ត​យ៉ាង​ត្រឹម​ត្រូវ។

កាល​ពី​ដើម​សប្ដាហ៍​ Instagram ប្រកាស​ថា​ចំនួន​អ្នក​ប្រើ​ប្រាស់​ប្រចាំ​ខែ​របស់​ខ្លួន​បាន​កើន​ឡើង​ដល់​ ១ ពាន់​លាន​នាក់ កើន​ឡើង​បាន​ ២៥% ពី​ ៨០០ លាន​នាក់​នៅ​ខែ​កញ្ញា​ ឆ្នាំ​ ២០១៧។ រៀង​រាល់​ថ្ងៃ​មាន​មនុស្ស​ជាង ៥០០ លាន​នាក់​ បើក​ចូល​ Instagram ដើម្បី​មើល​រូប និង Stories ដែល​​បាន​បង្ហោះ​ចេញ​ទៅ។

ផ្អែក​តាម​សារព័ត៌មាន​ Bloomberg បាន​បង្ហាញ​ការ​ជឿជាក់​ថា​ ចំណូល​របស់​​ Instagram អាច​កើន​ឡើង​តម្លៃ​​ដល់​ ១០ ពាន់​លាន​ដុល្លារ​​នៅ​ឆ្នាំ​ក្រោយ។ ចំនួន​អ្នក​ប្រើ​ប្រាស់​កើន​ឡើង​លឿន​បែប​នេះ គេ​អាច​ជឿ​ថា​ ក្នុង​ពេល​ ៥ ឆ្នាំ​ ចំនួន​អ្នក​ប្រើ​ប្រាស់​ Instagram នឹង​អាច​កើន​ដល់​ ២ ពាន់​លាន​នាក់។

ផ្អែក​តាម​តួ​លេខ​ខាង​លើ​នេះ​ចំណូល​របស់​ Instagram នឹង​អាច​កើន​ឡើង​ដល់​ ១០០ ពាន់​លាន​ដុល្លារ​ក្នុង​ពេល​ ៥ ឆ្នាំ​ទៀត ដែល​ច្រើន​ជាង​ការ​ចំណាយ​របស់​ Facebook កាល​ពី​ ៦ ឆ្នាំ​មុន​ដល់​ទៅ​ ១០០ ដង​ឯណោះ។

ត្បិត​ថា​នេះ​គ្រាន់​តែ​ជា​ការ​ប៉ាន់​ស្មាន​ ប៉ុន្តែ​​ច្បាស់​ណាស់​ថា​ Instagram ជា​ការ​បណ្ដាក់​ទុន​ដ៏​ល្អ​បំផុត​មួយ​របស់​ Facebook បើ​ប្រៀប​នឹង​ WhatsApp ឬ Oculus ដែល​ Facebook បាន​ចំណាយ​ ១៩ ពាន់​លាន​ដុល្លារ និង ២ ពាន់​លាន​ដុល្លារ​ដើម្បី​ទិញ​យក៕​​​​

ប្រភព៖ Zing   ប្រែ​សម្រួល៖ សុខហេង