ដឹង App ដាក់​ឲ្យ​ទាញ​យក​ហ្រ្វីៗ គេ​រក​លុយ​យ៉ាង​ដូចម្តេច?

  • 2018-06-28 07:40:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី-ហ្គេម (App) ជា​ច្រើន​បាន​ដាក់​ឲ្យ​ទាញ​យក​ឥត​គិត​ថ្លៃ​លើ Google Play Store ឬ App Store សម្រាប់​ស្មាតហ្វូន។ ផ្អែក​តាម​របាយការណ៍​ពី Statista ក្នុង​ឆ្នាំ ២០១៧ ប្រភេទ Free Apps មាន​ការ​ចុច Download ប្រមាណ ២៥០ ពាន់​លាន​ដង ខណៈ Paid Apps មាន​ត្រឹម ១៥ ពាន់​លាន ប៉ុន្តែ​ចំណូល​របស់ App ឥត​គិត​ថ្លៃ ខ្លះ​រក​បាន​ខ្ទង់​លាន​ដុល្លារ តើ​នោះ​មក​ពី​មូលហេតុ​អ្វី?

១.In-App Purchases:

ជា​យុទ្ធសាស្រ្ត​ដ៏​ពេញ​និយម​មួយ​ដែល​រាប់​ពាន់ App កំពុង​ដំណើរការ​លើ Google Play Store និង Apple App Store។ វិធី​នេះ​អនុញ្ញាត​ឲ្យ​អ្នក​ប្រើប្រាស់​ចំណាយ​លុយ​ទិញ​របស់​អ្វី​មួយ​នៅ​ខាង​ក្នុង​ App​ផ្ទាល់ ហើយ​បែក​ចែក​ជា ៣ ប្រភេទ:

  • Consumable: ជា​សេវាកម្ម​ឬ​ផលិតផល​ដែល​អ្នក​ប្រើប្រាស់​អាច​ប្រើ​បាន​តែ​មួយ​លើក ជា​ឧទាហរណ៍​ប្រភេទ​លុយ​ក្នុង​ហ្គេម​ឬ​ពិន្ទុ។

  • Non-consumable: ជា​មុខងារ​អនុញ្ញាត​ឲ្យ​អ្នក​ប្រើ​ចំណាយ​លុយ​ក្នុង​មួយ​រយៈ​ខ្លី ជា​ឧទាហរណ៍​ការ​បន្ថែម​បើក​ឲ្យ​ប្រើ​មុខងារ​លើស​ពី​ការ​កំណត់​ឬ​បិទ​មិន​ឲ្យ​ឃើញ​ផ្ទាំង​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម។

  • Subscriptions: បើក​ឲ្យ​ទិញ Subscriptions ដែល​អាច​ដោះ​ចោល​នូវ​មាតិកា​ឬ​មុខងារ​សម្រាប់​ប្រើ​ក្នុង​រយៈ​ពេល​មួយ អាច​ក្នុង​រយៈ​ពេល ១ ខែ​ឬ​ ១ ឆ្នាំ​ទៅ​តាម​ទំហំ​នៃ​ការ​ចំណាយ។

២.In-App Ads:

អ្នក​អភិវឌ្ឍ​កម្មវិធី-ហ្គេម​អាច​រក​ចំណូល​មួយ​បែប​ទៀត​តាម​រយៈ​ផ្ទាំង​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម ដែល​មាន​ប៉ុន្មាន​ប្រភេទ​ដូច​ខាង​ក្រោម:

  • Cost per click (CPC): ចំណូល​នឹង​រាប់​តាម​រយៈ​ការ Click របស់​អ្នក​ប្រើប្រាស់​ទៅ​លើ​ផ្ទាំង​ពាណិជ្ជកម្ម។
  • Cost per view (CPV): ភាគ​ច្រើន​បញ្ចូល​ក្នុង​មាតិកា​វីដេអូ ដោយ​ចំនួន​អ្នក​ទស្សនា​វីដេអូ​ពាណិជ្ជកម្ម​កាន់​តែ​ច្រើន នោះ​ចំណូល​របស់​អ្នក​អភិវឌ្ឍ​បាន​កាន់​តែ​ខ្ពស់។
  • Cost per install (CPI): ទទួល​បាន​ចំណូល​នៅ​ពេល​អ្នក​ប្រើប្រាស់​ចុច​ដំឡើង​កម្មវិធី​ឬ​ហ្គេម​ណា​មួយ​តាម​រយៈ​ផ្ទាំង​ផ្សព្វផ្សាយ។

បែបបទ​នៃ​ការ​បង្ហាញ​ផ្ទាំង​ពាណិជ្ជកម្ម​ក៏​មាន​ដូច​ខាង​ក្រោម:

  • Banner: ផ្ទាំង​ផ្សព្វផ្សាយ​ប្រភេទ​នេះ​រមែង​បង្ហាញ​នៅ​ផ្នែក​ខាង​លើ​ឬ​ខាង​ក្រោម​នៃ​អេក្រង់ ហើយ​មាន​លាយឡំ​ជាមួយ​អក្សរ​ឬ​រូបភាព។ យ៉ាងណាមិញ​អត្រា​ចំណូល​តាម​រយៈ Banner មាន CTR ទាប ហើយ​ឡើង​ខ្ពស់​ផ្អែក​តាម​ស្លាកយីហោ (Brand) បង្ហាញ​ទៅ​កាន់​ប្លុក​អ្នក​ប្រើប្រាស់។
  • Native: មនុស្ស​ជា​ច្រើន​មិន​ចូលចិត្ត​ផ្ទាំង​ពាណិជ្ជកម្ម ហើយ​ព្យាយាម​ចុច​បិទ ចំណុច​នេះ​ហើយ​ជា​ដំណោះស្រាយ​សម្រាប់ Developer ក្នុង​ការ​ដាក់​ Native ព្រោះ​មិន​បង្ហាញ​រញ៉េរញ៉ៃ​ច្រើន។
  • Videos: ផ្អែក​តាម​របាយការណ៍​ពី eMarketer អត្រា​ CTR នៃ​ផ្ទាំង​ពាណិជ្ជកម្ម​វីដេអូ​មាន ០,៣៩ ភាគរយ ( ០,១២ ភាគរយ សម្រាប់ Banner ធម្មតា)។
  • Interstitial: ជា​ប្រភេទ Ads ដែល​លោត​ពេញ​ផ្ទៃ​អេក្រង់ អំឡុង​ពេល​អ្នក​ប្រើ​បើក​ឬ​បិទ​កម្មវិធី។
  • Rich media: ដោយ​អត្រា CRT ខ្ពស់​ដល់ ០,៤៤ ភាគរយ ប្រភេទ Rich media ads មាន​មធ្យោបាយ​ច្រើន​ក្នុង​ការ​បង្ហាញ​ទៅ​អ្នក​ប្រើប្រាស់​តាម​រយៈ​សំឡេង, វីដេអូ, អក្សរ និង​ជា​ច្រើន​ទៀត។

៣.Freemium:

ងាយស្រួល​យល់​ប្រសិន​អ្នក​រើស​យក Free Version អាច​ប្រើប្រាស់​តាម​រយៈ​ការ​កំណត់​របស់ Developer ប៉ុន្តែ​បើ​រើស​យក Freemium អ្នក​ប្រើប្រាស់​ត្រូវ​ចំណាយ​លុយ​ក្នុង​ការ​ទិញ App ដើម្បី​អាច​ប្រើ​មុខងារ​កាន់​តែ​ច្រើន ជា​ឧទាហរណ៍​រវាង​កម្មវិធី MX Player និង MX Player Pro។

៤.Sponsorship:

ការ​ស្វែងរក​ម្ចាស់​ឧបត្ថម្ភ​មក​សហការ​ជាមួយ Developer អាច​រក​ចំណូល​បាន ២ បែប តាម​រយៈ​ការ​ចែក​ចំណូល​ជាមួយ​ម្ចាស់​ឧបត្ថម្ភ និង​មួយ​ទៀត​តម្រូវ​ឲ្យ​ស្ថាប័ន​ឬ​ក្រុមហ៊ុន​នោះ​បង់​សេវា​ប្រចាំ​ខែ​ឬ​ឆ្នាំ។

៥.Email Marketing:

ចំនួន​ភ្ជាប់ Email របស់​អ្នក​ប្រើ​មក​កាន់ App កាន់​តែ​ច្រើន ចំណូល​កាន់​តែ​ក្រាស់។ ចំណុច​នេះ​ប្រសិន​អ្នក​ឲ្យ​ភ្ជាប់​ជាមួយ Facebook នោះ​ប្រហែល Emails របស់​អ្នក​នឹង​ត្រូវ​បាន​ភ្ជាប់​ទៅ​កាន់ Developer ដោយ​ស្វ័យប្រវត្តិ ហើយ​រាល់​ការ​ផ្សព្វផ្សាយ​ណា​មួយ អ្នក​នឹង​បាន​ឃើញ​តាម​រយៈ​សារ​ខាង​ក្នុង​អ៊ីមែល៕

ប្រភព៖ rubygarage   ប្រែ​សម្រួល៖ កៅ រក្សា