៥ ចំណុច​នេះ អាច​ឲ្យ​អ្នក​មិនស្ទាក់ស្ទើរ​ដំឡើង​ប្រើ iOS 12

  • 2018-06-28 07:19:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Apple បន្ត​បន្ថែម​មុខងារ​ ស្ទិល​រចនា​ និង​បែបបទ​ប្រើប្រាស់ថ្មីៗ ​រាល់​ពេល​ចេញ​ប្រព័ន្ធ​​ប្រតិបត្តិការថ្មី​​របស់​ខ្លួន​។ ជំនាន់​ថ្មី​នីមួយៗ​ ចេញ​មក​មាន​ទាំង​ការ​ពង្រឹង​សមត្ថភាព​ ក៏​ដូចជា​​ជួសជុល​បញ្ហានានា។ យ៉ាងណា​អ្នក​ប្រើប្រាស់​មួយ​ចំនួន​​នៅ​តែ​ស្ទាក់ស្ទើរ​ នៅពេលធ្លាប់​ឮ​បញ្ហា​កើត​ឡើង​មួយ​ចំនួន​ នៅ​ពេល​អាប់ដេត​ឡើង​​ប្រើ​ជំនាន់​ថ្មី​ភ្លាមៗ​។

ហេតុផល​ទាំង​ ៥ អាច​ជំរុញ​ ការ​សម្រេចចិត្ត​ និង​បន្ថយ​ភាព​ស្ទាក់ស្ទើរ​បាន​។

១) Siri Shortcut

Siri កាន់​តែ​សកម្ម​ សិក្សា​លើ​ទម្លាប់​ ឬ​ឥរិយាបថ​ប្រើប្រាស់​របស់​អ្នក​ ឧទាហរណ៍​ អាច​រំលឹក​អ្នក​ បើ​ចូល​គេង​យឺត​ សម្រាប់​កិច្ចការ​ប្រជុំ​ថ្ងៃ​បន្ទាប់​។ អាច​ណែនាំ​បើក​មុខងារ​ Do Not Disturb ពេល​អ្នក​ទៅ​មើល​កុន​, Call ទៅ​ម្ដាយ​នៅ​ថ្ងៃ​ខួប​កំណើត​ ឬ​ផ្ដល់​ការ​កុម្ម៉ង់​កាហ្វេ​ពេល​ព្រឹក​ អ្នក​ធ្លាប់​ទទួល​ទាន​។

អាច​រៀបចំ​ Shortcuts ខ្លួន​ឯង​ តាមរយៈ​កម្មវិធី​ Shortcuts សម្រាប់​ Siri។ ជាមួយ​ពាក្យ​បញ្ជា​ "Good morning" បើក​អំពូល​ភ្លើង​នៅ​ចង្ក្រាន​, បើក​ម៉ាស៊ីន​ឆុង​កាហ្វេ​ និង​បើក​ដំណើរការ​ Apple Music។ ឬ​ប្រើ​ពាក្យ​បញ្ជា​ "Home time" បើក​ស្ដាប់​តន្ត្រី​ក្នុង​រថយន្ត​, បើក​បង្ហាញ​ទិសដៅ​ និង​ផ្ញើ​សារ​ទៅ​កាន់​ដៃគូ​ ដឹង​ពី​ដំណើរ​របស់​អ្នក​។

អ្នក​ក៏​អាច​បើក​ប្រើ​ Shortcuts ទាំង​នេះ​ ពី​ Apple Watch ឬ​ HomePod បាន​ផង​ដែរ​ មិន​ត្រឹម​តែ​ iPhone នោះ​ទេ​។

២) Screen Time

មុខងារ​ Screen Time ថ្មី​របស់​ Apple ផ្ដល់​វិធី​ល្អ​មួយ​ ដល់​ឪពុកម្ដាយ​ កំណត់​ចំនួន​ពេលវេលា​ ក្មេងៗ​ចំណាយ​លើ​ iPhone ឬ​ iPad។ ក្នុង​នោះ​ក៏​អាច​ដឹង​ ចំនួន​នាទី​ ក្មេងៗ​ចំណាយ​លើ​កម្មវិធី​នីមួយៗ​ ប្រចាំថ្ងៃ​ផង​ដែរ​។

ការ​ដឹង​ពី​ចំនួន​ម៉ោង​ អ្នក​ចំណាយ​លើ​ Facebook ឬ​ Instagram ប្រហែល​អាច​ផ្លាស់ប្ដូរ​ចិត្ត​អ្នក​ពេល​ក្រោយ​បាន​។

៣) MEMOJI

បើ​អ្នក​ចូលចិត្ត​ Animoji ជាមួយ​នឹង​ Memoji នឹង​ធ្វើ​ឲ្យ​អ្នក​ញញឹម​ អាច​បង្កើត​ Animoji ដោយ​ខ្លួនឯង​ មាន​រូបរាង​ ដូច​អ្នក​។ តែ​ត្រូវការ​ iPhone X ព្រោះ​តម្រូវ​កាមេរ៉ា​ TrueDepth។ នេះ​អាច​ប្រើ​ជា​រូប​សម្គាល់​ខ្លួន​ ក្នុង​ពេល​ប្រើ​ FaceTime Call បាន​។

Apple ក៏​បាន​បន្ថែម​ រូបរាង​ Animoji ថ្មី​ៗ រួម​មាន​ខ្មោច​ និង​ដាយណូស័រ​ផង​ដែរ​។

៤) ពង្រឹង​សមត្ថភាព

សម្រាប់​អ្នក​ប្រើ​ iPhone ស៊េរី​មុនៗ​ ប្រហែល​មិន​ពេញចិត្ត​ ពេញ​ថ្លើម​នឹង​ Memoji ថ្មី​នោះ​ទេ​ ព្រោះ​មិន​អាច​ប្រើ​បាន​ តែ​អាច​ពេញចិត្ត​ លើ​ការ​ពង្រឹង​សមត្ថភាព​ប្រព័ន្ធ​។ អាច​ជា​ការ​ព្រួយបារម្ភ​ធម្មតា​ ជំនាន់​ថ្មី​របស់​ iOS អាច​ធ្វើ​ឲ្យ​ iPhone យឺត​ តែ​ iOS 12 ខុស​ពី​នេះ​។

បើក​កម្មវិធី​ ៤០% លឿន​ជាង​មុន​, អូស​បើក​កាមេរ៉ា​ពី​ផ្ទាំង​ Lock screen ៧០% លឿន​ជាង​មុន​, បង្ហាញ​ Keyboard ៥០% លឿន​ជាង​មុន​ និង​មាន​ចំណុច​ច្រើន​ទៀត​ ឆ្លើយតប​បាន​លឿន​ជាង​មុន​ លើ​ប្រព័ន្ធ​។ ការ​ប្ដូរ​ប្រើ​កម្មវិធី​ បាន​លឿន​ជាង​មុន​ ទាំង​នេះ​ បាន​សាកល្បង​លើ​ iPhone 6 Plus ជាពិសេស​ ហើយ​ម៉ូដែល​ផ្សេង​ទៀត​ អាច​ខុសគ្នា​តិច​ ឬ​ច្រើន​ តាម​នោះ​។

៥) Group FaceTime

ជាមួយ​មុខងារ​ថ្មី​ Group FaceTime Call អាច​ជជែក​ជា​សំឡេង​ ឬ​វីដេអូ​ ជាមួយ​មនុស្ស​ដល់​ទៅ​ ៣១ នាក់​។ ពេល​នរណា​ម្នាក់​និយាយ​ នឹង​បង្ហាញ​នៅ​ចំណុច​កណ្ដាល​ តែ​ក៏​អាច​ប្រើ​ Focus View ជ្រើសរើស​នរណា​ម្នាក់​ពេញចិត្ត​ បង្ហាញ​នៅ​កណ្តាល​បាន​។

មុខងារ​នេះ​ មាន​ជម្រើស​ Filters និង​ Effect ដូចគ្នា​ពេល​ប្រើ​ពី​មុន​ ដោយ​អាច​ដំណើរការ​លើ​ iPhone, iPad និង​ អាច​ឆ្លើយតប​លើ​ Apple Watch។ មុខងារ​នេះ​ ក៏​មាន​លើ​ MacOS ផង​ដែរ​។

មិន​ទាន់​អស់​នៅ​ឡើយ​ទេ​ នៅ​មាន​មុខងារ​សំខាន់ៗ​ជា​ច្រើន​ iOS 12 នឹង​ផ្ដល់​ឲ្យ​។ ពេល​ចេញ​ឲ្យ​ទាញ​យក​ ជា​ផ្លូវការ​ នេះ​អាច​កាត់​បន្ថយ​ភាព​ស្ទាក់ស្ទើរ​បាន​ខ្លះ​៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ DigitalTrends   ប្រែ​សម្រួល៖ ប៊ុនធឿន