ឃើញ​រូប​សំរាម​ទាំង​នេះ​ហើយ អ្នក​នឹងសង្វេគដល់ទីក្រុង​ភ្នំពេញ

  • 2018-06-28 09:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

"ឃើញរូបទាំង៧សន្លឹកខាងក្រោមនេះហើយអ្នកនឹងសង្វេគដល់ទីក្រុងភ្នំពេញ តើភ្នំពេញនឹងទៅជាយ៉ាងណាបើសំរាមទាំងនេះចេញតែកើនឡើង"

រូប​ជា​ច្រើន​សន្លឹក​ខាង​ក្រោម​នេះ​បង្ហាញ​ពី​សំរាម​ និង​គ្រឿង​ចក្រ​កំពុង​កាយ​ប្រមូល​កាក​សំណល់​នានា​ចេញ​នៅ​ប្រឡាយ​បឹង​ត្របែក​កាល​ពី​ព្រឹក​ថ្ងៃ​ទី​​២៨ ខែ​មិថុនា ឆ្នាំ​២០១៨​នេះ​​។ ​កាក​សំណល់​ដែល​គ្រឿង​ចក្រ​របស់​មន្ទីរ​សាធារណការ​រាជធានី​ភ្នំពេញ​​​កំពុង​កាយ​ប្រមូល​នោះ​ភាគ​ច្រើន​គឺ​ជា​កាក​សំណល់​ធ្វើពីផ្លាស្ទិក​។

កាកសំណល់កំពុងកកផ្ទះនៅប្រឡាយ​បឹង​ត្របែក​

បើ​តាម​ការ​ប្រកាស​​ក្នុង​ប្រព័ន្ធ​ Facebook ផ្លូវ​ការ​របស់​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មិថុនា​ បាន​បញ្ជាក់​ថា​ មន្ទីរ​សាធារណការ​របស់​រាជធានី​ភ្នំពេញ​នឹង​ចល័ត​គ្រឿងចក្រ​ដើម្បី​ចុះទៅសម្អាត​សំរាម​កាយចេញ​ពី​ប្រឡាយ​បឹង​ត្របែក​ចេញ​នៅ​ថ្ងៃ​នេះ​។​​​​​

​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ខ្លី​ខ្លី​កាល​ពី​ខែ​ចុង​ឧសភា​ដែល​ស្រង់​សំដី​ប្រធាន​គ្រប់គ្រង​ទីលាន​ចាក់​សំរាម​ដង្កោ ក្នុង​រាជធានី​ភ្នំពេញ​លោក កែវ ចាន់ណារិទ្ធ ​បាន​បញ្ជាក់​ថា​​ សំរាម​នៅ​រាជធានី​ភ្នំពេញ បាន​កើន​ឡើង​ជា​មធ្យម​ក្នុង​មួយ​ឆ្នាំ ៦​ម៉ឺន​តោន ស្មើ​ប្រមាណ ១២%។ ក្នុង​នោះ នៅ​ដើម​ឆ្នាំ ​២០១៨​នេះ សំរាម​​បាន​កើន​ឡើង​រហូត​ដល់ ២៥០០​តោន ក្នុង​១ថ្ងៃ។ កាលពី​ឆ្នាំ​២០១៧ ក្នុង​១​ថ្ងៃ​ៗ សំរាម​ដឹក​ចេញពី​រាជធានី​ភ្នំពេញ ទៅ​ចាក់​នៅ​ទីលាន​ចាក់​សំរាម​ដង្កោ មាន​ជិត ២​ពាន់​តោន។

​បើ​ទោះ​ជា​មាន​ច្បាប់​ហាម​ឃាត់​ពិន័យ​ជា​ប្រាក់​ពី​១ម៉ឺន ដល់​ ១០​ម៉ឺន​រៀល​​ និង​បង្កើត​កិច្ច​​សហការ​រវាង​ស្ថាប័ន​រដ្ឋ​ និង​ឯកជន​ចូល​រួម​​បង្កើត​ជា​យុទ្ធនា​​សម្អាត​ និង​ផ្សព្វ​ផ្សាយ​ពី​ផល​ប៉ះ​ពាល់​ពី​សំរាម​យ៉ាង​ណា​ក៏​ដោយ​ ក៏​បញ្ហា​សំរាម​នេះ​នៅ​តែ​ជា​បញ្ហា​​ឈឺ​ក្បាល​មួយ​​របស់​អាជ្ញាធរ​នៅ​មិន​ទាន់​ដោះស្រាយ​ឲ្យ​បាន​ល្អ​​​​​ប្រសើរ​នៅ​ឡើយ​។

​បញ្ហា​កក​សន្ទះ​សំរាម​នៅ​តាម​បណ្ដាញ​ប្រព័ន្ធ​លូ​បង្ហូរ​ទឹក​នេះ​អាច​ដោះ​ស្រាយ​បាន​លុះ​ត្រា​ណា​មាន​ការចូលរួមសហការពីអាជ្ញាធរពាក់ព័ន្ធ ក្រុមហ៊ុនប្រមូលសំរាម និងការ​ចូល​រួម​ពី​ប្រជាពលរដ្ឋ​ទាំង​អស់​គ្នា​ ដោយ​ត្រូវ​វេច​ខ្ចប់ និង​ទុក​ដាក់​សំរាម​ឲ្យ​បាន​ល្អ និងប្រមូលទាន់ពេលវេលា ទើប​បញ្ហា​ទាំង​នេះ​លែង​កើត​ឡើង​៕​​​​

ពាក្យស្លោកគួរចងចាំ "សំរាមមិនមែនធ្លាក់ពីលើមេឃនោះទេ" "សំរាមមិនធ្លាក់ដល់ដី ភ្នំពេញកាន់តែប្រពៃ"

អត្ថបទ៖ លន ហ្សាឌីណា