ក្លឹប​​៦​នេះ​​​ត្រៀម​ខ្លួន​​គួរ​ឲ្យ​ភ្ញាក់​ផ្អើល នឹង​ធ្វើ​ឲ្យ ​​MCL ​ជើង​ទី​២​​កាន់​តែ​កក្រើក​

  • 2018-06-30 00:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​ជើង​ទី​២​នៃ​ក្រប​ខណ្ឌ​​បាល់ទាត់​ជើង​ឯក​ជាតិ​នឹង​ចាប់​ផ្តើម​ថ្ងៃ​សៅរ៍​ទី​៣០ ខែ​មិថុនា​នេះ​ហើយ​ ខណៈ​ក្រុម​ខ្លាំង​ៗ​មួយ​ចំនួន​បាន​ត្រៀម​ខ្លួន​ និង​​ផ្លាស់​ប្តូរ​ដ៏​​គួរ​ឲ្យ​​ភ្ញាក់​ផ្អើល​មួយ​ចំនួន​ដើម្បី​ប្រជែង​ឆ្ពោះ​ទៅ​គ្រង​ជើង​ឯក។

១-វិសាខា

កែវ សុខផេង (ឆ្វេងទី១) និង សុខ សុវណ្ណ (ស្តាំទី​១)

សមាជិក​កំពូល​ថ្មី​សន្លាង​ វិសាខា​ ទទួល​បាន​ការ​ចាប់​អារម្មណ៍​ជាង​គេ​ក្នុង​ការ​ត្រៀម​ខ្លួន​សម្រាប់​ជើង​ទី​២​ បើ​ទោះ​ជា​ជើង​ទី​១​​ធ្វើ​បាន​យ៉ាង​ល្អ​ក៏​ដោយ។ ការ​ត្រៀម​ខ្លួន​នេះ​គឺ​នាំ​ចូល​សមាជិក​ថ្មី​សុទ្ធ​តែ​មាន​បទ​ពិសោធ​​ក្នុង​នោះ​យក​ ខ្សែ​ការពារ​ សុខ សុវណ្ណ ពី​បឹងកេត​ និង​ខ្សែ​បម្រើ​ កែវ សុខផេង​​ដែល​ទំនេរ​ បន្ទាប់​ពី​ចាក​ចេញ​ពី​លីគ​ម៉ាឡេស៊ី។ ចុង​ក្រោយ​បំផុត​ វិសាខា​​នាំ​ចូល​ខ្សែ​បម្រើ​កណ្តាល​ជម្រើស​ជាតិ​កម្ពុជា​ និង​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ ទិត្យ ឌីណា។

២-បឹងកេត

ក្រុម​ការពារ​តំណែង​ជើង​ឯក​ឆ្នាំ​ចាស់​ បឹងកេត​ កំពុង​ឈរ​លើ​កំពូល​តារាង បន្ទាប់​ពី​ចប់​ជើង​ទី​១​ ប៉ុន្តែ​ក្រុម​មួយ​នេះ​មិន​នៅ​បង្អង់​ត្រឹម​នេះ​ឡើយ។ ពួក​គេ​បាន​​ចុះ​កុងត្រា​យក​​ខ្សែ​ប្រយុទ្ធ​ឆ្នើម​កម្ពុជា ចាន់ វឌ្ឍនាកា​ ដែល​ជា​អតីត​កីឡាករ​របស់​ខ្លួន​ បន្ទាប់​ពី​កីឡាករ​រូប​នេះ​ត្រូវ​បាន​បញ្ចប់​កុងត្រា​នៅ​ក្លឹប​ Pahang FA របស់​ម៉ាឡេស៊ី។ ជា​មួយ​គ្នា​​ក៏​នាំ​ចូល​ខ្សែ​ប្រយុទ្ធ កែ វណ្ណៈ​ និង​អ្នក​ចាំ​ទី​ យុគ អារី ព្រម​ទាំង​បញ្ចូល​យុវជន​មួយ​ចំនួន​ចូល​ក្រុម​ធំ។ យ៉ាង​ណា បឹងកេត​បាន​បញ្ចេញ​អ្នក​ចាំ​ទី​បទ​ពិសោធ​ច្រើន ស៊ូ យ៉ាទី។​

៣-ណាហ្គាវើល

ស៊ូ យ៉ាទី

និយាយ​ពី​ណាហ្គាវើល​វិញ​ក៏​មិន​ធម្មតា​ដែរ​​ក្នុង​ត្រៀម​ខ្លួន​នេះ​គឺ​យក​អ្នក​ចាំ​ទី​ជម្រើស​ជាតិ​កម្ពុជា​ ស៊ូ យ៉ាទី​ ពី​បឹងកេត​​ដើម្បី​ឲ្យ​ជើង​ទី​២​កាន់​តែ​ប្រសើរ​ឡើង។ ​ជា​មួយ​គ្នា​នេះ​ ណាហ្គាវើល​បាន​ចុះ​កុងត្រា​យក​​កីឡាករ​កូរ៉េ​ខាង​ត្បូង​ Song Chi-hoon ដែល​មាន​បទ​ពិសោធ​ច្រើន​​នៅ​ពាន​ K-League Challenge ដែល​ជា​ក្រប​ខណ្ឌ​ទី​២​របស់​កូរ៉េ​ខាង​ត្បូង។

៤-ព្រះ​ខ័នរាជ​ស្វាយរៀង

ប្រាក់ មុន្នីឧត្តម Sergio Barboza និង Willard

ក្លឹប​ដែល​មាន​មូលដ្ឋាន​នៅ​ខេត្ត​ស្វាយរៀង​មួយ​នេះ​ធ្វើ​មិន​សូវ​បាន​ល្អ​ឡើយ​កាល​ពី​ជើង​ទី​១​ក្នុង​​នោះ​កីឡាករ​បរទេស​មិន​សូវ​មាន​ប្រសិទ្ធភាព​ ហើយ​ក៏​កីឡាករ​ក្នុង​ស្រុក​ក៏​ជាប់​ពិន័យ​ចំនួន​ថែម​ទៀត។ កាល​ពី​ព្រឹក​ថ្ងៃ​សុក្រ​ ទី​២៩ មិថុនា ព្រះ​ខ័នរាជ​ស្វាយរៀង​បាន​ប្រកាស​ចែក​ផ្លូវ​ជា​មួយ​កីឡាករ​បរទេស​៣​នាក់​គឺ​ Trevin Ceaser, Shane Booysen និង Hyun Whoo។

យ៉ាង​ណា នៅ​ថ្ងៃ​សុក្រ​ដដែល​នោះ ស្វាយរៀង​បាន​ប្រកាស​ចុះ​កុងត្រា​កីឡាករ​ថ្មី​៣​នាក់​សុទ្ធ​តែ​ជា​កីឡាករ​លេង​តំបន់​ជួរ​មុខ​គឺ អតីត​កីឡាករ​របស់​ខ្លួន ប្រាក់ មុន្នីឧត្តម​ បន្ទាប់​ត្រឡប់​មក​ពី​លីគ​កំពូល​ម៉ាឡេស៊ី។ កីឡាករ​សញ្ជាតិ​ប្រេស៊ីល​ Sergio Barboza ​​ធ្លាប់​លេង​​ក្លឹប Master 7 FC ​នៅ​លីគ​របស់​ឡាវ និង​កីឡាករ​អង់គ្លេស​ Willard ​​ជា​អតីត​​យុវជន​របស់​ Arsenal ​និង Southampton ។ 

៦-ភ្នំពេញ​ក្រោន

កីឡាករ Valci Teixeira (រូបថត៖ ភ្នំពេញ​ក្រោន)

តំបន់​ប្រយុទ្ធ​របស់​ភ្នំពេញ​ក្រោន​មិន​សូវ​មាន​ប្រសិទ្ធភាព​ប៉ុន្មាន​កាល​ពី​ជើង​ទី​១​ ដូច្នេះ​ច្បាស់​ណាស់​ក្រុម​មួយ​នេះ​ត្រូវ​តែ​ពង្រឹង​តំបន់​ជួរ​​ថែម​ទៀត។ ភ្នំពេញ​ក្រោន​បាន​ចុះ​កុងត្រា​យក​ខ្សែ​ប្រយុទ្ធ​ប្រេស៊ីល​ Valci Teixeira Júnior អាយុ​៣១​ឆ្នាំ​ដែល​មាន​បទ​ពិសោធ​ច្រើន​ក្នុង​នោះ​ធ្លាប់​លេង​​នៅ​ក្លឹប Sisaket , Krabi , Bangkok ​និង​ក្រុម Samut Sakhon ​​ជា​ដើម។

ការ​ប្រកួត​ជើង​ទី​២ ​សប្តាហ៍​ទី​១២​

  • សូទីលូ​អង្គរ​ vs ភ្នំពេញ​ក្រោន​ ​ម៉ោង​៣:៣០​នាទី​រសៀក​ ថ្ងៃ​ទី​៣០ មិថុនា ​នៅ​សៀមរាប​
  • ព្រះ​ខ័នរាជ​ស្វាយរៀង vs ណាហ្គាវើល ​ម៉ោង​៦​ល្ងាច​ ថ្ងៃ​ទី​៣០ មិថុនា​ នៅ​កីឡដ្ឋាន​ស្វាយរៀង​
  • បឹងកេត​ vs អាស៊ី​អឺរ៉ុប​ ម៉ោង​៦​ល្ងាច​ ថ្ងៃ​ទី​៣០ មិថុនា​ នៅ​ពហុកីឡដ្ឋាន​ជាតិ
  • អគ្គិសនី​កម្ពុជា​ vs វិសាខា ម៉ោង​៣​រសៀល​ ថ្ងៃ​ទី​១ កក្កដា នៅ​កីឡដ្ឋាន EDC
  • វេស្ទើន​ភ្នំពេញ vs ប៉ូលិស​ ម៉ោង​​៣​រសៀល​ ថ្ងៃ​ទី​១​ កក្កដា នៅ​កីឡដ្ឋាន​វេស្ទើន​
  • ក្រសួង​ការពារ​ជាតិ​ vs អង្គរ​ថាយហ្គឺរ​ ម៉ោង​​៦​ល្ងាច​នៅ​​ស្តាត​ចាស់​​

អត្ថបទ៖ ជាន ចាន់រ៉ា