គ្រូ​បង្វឹក​៣​អាច​នឹង​ជំនួស​ Sampaoli នៅ​អាហ្សង់ទីន​

  • 2018-07-02 03:40:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អនាគត​ Jorge Sampaoli ជា​មួយ​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន​មិន​ស្ថិតស្ថេរ​នោះ​ទេ​ក្រោយ​លោក​ដឹកនាំ​ក្រុម​មិន​បាន​ល្អ​នៅ​ World Cup ថែម​ទាំង​ធ្លាក់​ចេញ​ពី​កម្មវិធី​កាល​ពី​ពេល​ថ្មី​ៗ​ក្រោម​ស្នាដៃ​បារាំង។​

ទោះ​មិន​ទាន់​មាន​ព័ត៌មាន​ផ្លូវ​ការ​ណា​មួយ​ពី​ការ​ចែក​ផ្លូវ​គ្នា​របស់​គ្រូ​បង្វឹក​វ័យ​៥៨​ឆ្នាំ​ជាមួយ​អាហ្សង់ទីន​ ក៏​ដោយ​ក៏​តំណែង​របស់​លោក​ទំនង​ជា​មិន​អាច​រក្សា​បាន​តទៅ​ទៀត​ទេ​គឺ​អាច​នឹង​ត្រូវ​អាហ្សង់ទីន​ បញ្ឈប់​ ឬ​ចាកចេញ​ដោយ​ខ្លួន​ឯង​នា​ពេល​ដ៏​ខ្លី​ខាង​មុខ។

បើ​មាន​ការ​ចាកចេញ​មែន​នោះ​ មនុស្ស​សំខាន់​៣​រូប​អាច​ជា​ជម្រើស​ឈាន​មុខ​គេ​ទៅ​ដឹកនាំ​អាហ្សង់ទីន៖

#១ Alejandro Sabella

Sabella ធ្លាប់​នាំ​អាហ្សង់ទីន​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ World Cup ឆ្នាំ​២០១៤​ តែ​ត្រូវ​ចាញ់​អាល្លឺម៉ង់​ ១-០ នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ។ ទោះ​ដឹកនាំ​ក្រុម​បាន​ល្អ​តែ​គ្រូ​បង្វឹក​វ័យ​៦៣​បាន​លា​ឈប់​ ​ក្រោយ​មិន​អាច​ជួយ​អាហ្សង់ទីន​លើក​ពាន​បាន​សម្រេច​។​​ យ៉ាង​ណា​រយៈ​ពេល​៤​ឆ្នាំ​កន្លង​ផុត​ទៅ​ Sabella អាច​ជា​ជម្រើស​កោះ​ហៅ​មក​វិញ​ស្រប​ពេល​ដែល​ក្រុម​កំពុង​ជួប​វិបត្តិ​អ្នក​ដឹកនាំ​។ ​

#២ Diego Simeone

Simeone គឺ​ជា​បុគ្គល​ឆ្នើម​មួយ​រូប​ក្នុង​កីឡាករ​បាល់ទាត់​ដែល​បច្ចុប្បន្ន​កំពុង​ដឹកនាំ​នៅ​ Atletico Madrid។ អតីត​ខ្សែ​ការពារ​រូប​នេះ​លេង​បាន​ជាង​១០០​ប្រកួត​ឲ្យ​អាហ្សង់ទីន​រាប់​ទាំង​នៅ​ព្រឹត្តិការណ៍​ World Cup ៣​ដង​ក្នុង​ឆ្នាំ​ ១៩៩៤, ១៩៩៨ និង​ ២០០២។ នៅ​ Copa América វិញ​លោក​ធ្លាប់​ឈ្នះ​ពាន​២​ដង​ ក្នុង​ឆ្នាំ​ ១៩៩១ និង​ ១៩៩៣ និង​បាន​មេដាយ​ប្រាក់​អូឡាំពិក​ក្នុង​ឆ្នាំ​១៩៩៦។​ ភាព​ជោគជ័យ​ទាំង​នៅ​ជា​កីឡាករ​ និង​គ្រូ​ បង្វឹក​ធ្វើ​ឲ្យ​ Simeone អាច​ជា​អ្នក​បន្ទាប់​ទៅ​ដឹកនាំ​នៅ​អាហ្សង់ទីន​។

#Marcelo Gallardo

Marcelo Daniel Gallardo គឺ​ជា​អតីត​ខ្សែ​បម្រើ​ប្រយុទ្ធ​ជម្រើស​ជាតិ​អាហ្សង់ទីន​ និង​បច្ចុប្បន្ន​ជា​​អ្នក​ចាត់​ការ​ទូទៅ​ក្រុម​ធំ​ក្នុង​ស្រុក​គឺ River Plate។ ក្នុង​វ័យ​ទើប​៤២​ឆ្នាំ​ Gallardo ទើប​ប្រឡូក​ក្នុង​ការ​ដឹកនាំ​បាន​២​ក្លឹប​ប៉ុណ្ណោះ​គឺ River Plate នេះ​ និង​ Nacional របស់​អ៊ុយរ៉ាហ្គាយ។ យ៉ាង​ណា​កាល​នៅ​ជា​កីឡាករ​លោក​ធ្លាប់​លេង​ឲ្យ​ក្លឹប​អាជីព​ជា​ច្រើន​ទាំង​នៅ​អឺរ៉ុប, ទ្វីប​អាមេរិក​ខាង​ជើង​ និង​អាមេរិក​ខាងត្បូង​ផ្ទាល់៕

ប្រភព៖ Wikipedia | FIFA   អត្ថបទ៖ វិរ័ត្ន