ឃើញ​ចង់​រៀន​ហ្មង! វិទ្យាល័យ​នៅ​កំពង់​ឆ្នាំង ប្រើ​ប្រព័ន្ធ​បច្ចេកវិទ្យា​ទំនើបៗ​

  • 2018-07-02 06:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វិទ្យាល័យ​ហ៊ុន​សែន​ទួល​ខ្ពស់ ជា​វិទ្យាល័យ​ទើប​និង​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​កាល​ពី​ថ្ងៃ​ទី ២៩ ខែ​មិថុនា ​ឆ្នាំ ២០១៨ ដែល​ស្ថិត​នៅ​ភូមិ​រកា​ទង ឃុំ​ទួល​ខ្ពស់ ស្រុក​ទឹក​ផុស ខេត្ត​កំពង់​ឆ្នាំង​មាន​បំពាក់​បច្ចេកវិទ្យា និង​សម្ភារៈ​សិក្សា​យ៉ាង​សំបូរ​បែប។

កម្មវិធី​សិក្សា​ពី​ចម្ងាយ​សម្រាប់​វិទ្យាល័យ ហ៊ុន សែន ទួល​ខ្ពស់ ស្រុក​ទឹក​ផុស ខេត្ត​កំពង់​ឆ្នាំង​នេះ ជា​ផ្នែក​មួយ​នៃ​គម្រោង​ការ​ត​ភ្ជាប់​ប្រព័ន្ធ​ឌីជីថល​នៅ​សាលា​នានា (Digital Connectivity for School) ចំនួន​បី ទី​តាំង៖

  • ១.ស្ថិត​នៅ​វិទ្យាល័យ​ហ៊ុន សែន​កំពង់លែង ស្រុក​កំពង់​លែង ខេត្ត​កំពង់​ឆ្នាំង
  • ២.ស្ថិត​នៅ​វិទ្យាល័យ​ហ៊ុន សែន​ទួល​ខ្ពស់ ស្រុក​ទឹក​ផុស ខេត្ត​កំពង់ឆ្នាំង និង
  • ៣.ស្ថិត​នៅ​វិទ្យាល័យ​អ៊ីវ៉ា​ស្រង់ ស្រុក​គង​ពិសី ខេត្ត​កំពង់ស្ពឺ។

សមិទ្ធផល​ដែល​ត្រូវ​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​រួម​មាន៖ អគារ​សិក្សា ១ខ្នង ៣ជាន់ មាន ១៨ បន្ទប់ អគារ​សម្រាប់​រៀន​កាត់​ដេរ អគារ​រៀន​ពី​ចម្ងាយ​តាម​ប្រព័ន្ធ​អេឡិចត្រូនិក និង​ព័ត៌មានវិទ្យា អគារ​ទីចាត់ការ និង​បណ្ណាល័យ បង្គន់​អនាម័យ តុ​កៅអី​សិស្ស តុ​កៅអី​គ្រូ ម៉ាស៊ីន​ដេរ ឧបករណ៍​ប្រព័ន្ធ​ការពារ​រន្ទះ ដង​ទង់ជាតិ កង្ហារ សម្ភារៈ​បរិក្ខារ សម្ភារៈ​សម្រាប់​កិច្ចការ​រដ្ឋបាល ព្រម​ទាំង​ត​ភ្ជាប់​ប្រព័ន្ធ​អគ្គិសនី​សម្រាប់​ប្រើប្រាស់ ដោយ​បាន​ចំណាយ​ថវិកា​សរុប​អស់ ៦៦៤,១១៧ដុល្លារ​អាមេរិក ក្នុង​នោះ​ក៏​មាន​ការ​ចូលរួម​ឧបត្ថម្ភ​ពី​បណ្ដា​សប្បុរសជន​នានា​ផង​ដែរ។

ថ្នាក់​រៀន​មាន​បំពាក់​កុំព្យូទ័រ និង​ប្រព័ន្ធ​អេឡិចត្រូនិក

#កម្មវិធី​សិក្សា​ពី​ចម្ងាយ​នេះ​នឹង​ផ្ដល់​នូវ​អត្ថប្រយោជន៍​យ៉ាង​ច្រើន​ដូចជា៖

  • ផ្ដល់​ភាព​ងាយស្រួល​ជូន​លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស​ក្នុង​ការ​សិក្សា​មេរៀន​ថ្មីៗ​បាន​ទាន់​ពេលវេលា។
  • ងាយ​ស្រួល​ក្នុង​ការ​ធ្វើ​បច្ចុប្បន្នភាព​មេរៀន និង​ផ្សព្វផ្សាយ។
  • តាម​រយៈ​ប្រព័ន្ធ​អ៊ីនធឺណិត​សិស្ស​អាច​សិក្សា​ស្រាវជ្រាវ​មេរៀន​ដោយ​ខ្លួន​ឯង។
  • សិស្ស​មិន​ចាំបាច់​មក​សិក្សា​នៅ​ទីប្រជុំជន ស្រុក ខេត្ត ក្រុង (កាត់​បន្ថយ​ចំណាយ​ជូន​អាណា​ព្យាបាល​សិស្សានុសិស្ស)។
បរិវេណសាលាដែលមានឧបករណ៍​ប្រព័ន្ធ​ការពារ​រន្ទះ

អគារ​សិក្សា​ថ្មី​របស់​វិទ្យាល័យ​ហ៊ុន សែន ទួល​ខ្ពស់​នេះ មាន​បំពាក់​បន្ថែម​នូវ​សម្ភារៈ​និង​បរិក្ខារ​ទំនើប​ជា​ជំនួយ​របស់​សាជីវកម្ម​ទូរគមនាគមន៍​កូរ៉េ (Korea Telecoms) សហការ​ផ្ដល់​នូវ​ជំនួយ​បច្ចេកទេស​ត​ភ្ជាប់​បណ្ដាញ​អ៊ីនធឺណិត​និង​ឌីជីថល​សម្រាប់​សាលា​ជាមួយ​សហគ្រាស​រដ្ឋ​ទូរគមនាគមន៍ (Telecom Cambodia) ក្នុង​ការ​ផ្ដល់​លទ្ធភាព​សិក្សា​ពី​ចម្ងាយ​ជូន​សិស្សានុសិស្ស នៅ​ក្នុង​ខេត្ត​កំពង់ឆ្នាំង​ឲ្យ​បាន​ទទួល​ការ​បណ្ដុះបណ្ដាល​ពី​លោកគ្រូ អ្នកគ្រូ​នៅ​ឯ​ទីក្រុង​ភ្នំពេញ​ផង​ដែរ។

ក្រៅ​ពី​នេះ ក៏​បាន​ដាក់​ឲ្យ​ដំណើរការ​ប្រព័ន្ធ Wi-Fi សាធារណៈ ដោយ​បាន​ការ​​អញ្ជើញ​ចូល​រួម​ដ៏ខ្ពង់ខ្ពស់ពី​រដ្ឋ​មន្ត្រី​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​ឯកឧត្ដម ត្រាំ អ៊ីវតឹក ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នោះ៕

ឯកឧត្ដម ត្រាំ អ៊ីវតឹក រដ្ឋ​មន្ត្រី​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍

អានអត្ថបទ​បន្ត៖

ប្រភព៖ ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​

អត្ថបទ៖ រក្សា

អត្ថបទថ្មី