ពិសេស! ក្រៅ​ពី ចេន ​មាន​តារា​ចម្រៀង​ម្នាក់​ទៀត ក៏​ក្លាយ​ជា​សមាជិកថ្មី​របស់​​ក្រុម​បាល់ទាត់​បឹងកេតដែរ

  • 2018-07-02 14:21:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិនមែន​មាន​តែ​តារា​ចម្រៀង​លោក ចេន ម្ចាស់​បទ "មនុស្ស​​ម្នាក់​នេះ​សំខាន់​នៅ​ពេល​ណា" ម្នាក់​ទេ ដែល​ចូល​​សមាជិក​ថ្មី​ក្រុម​បាល់​ទាត់​បឹង​កេត​ គឺ​នៅ​មាន​តារា​ចម្រៀង​ម្នាក់​ទៀត​នោះ គឺ​លោក ចាន់ ភក្ដី ហៅ Shutter ម្ចាស់​បទ "អតីត" ក៏​បាន​ចុះ​កុងត្រា ជា​សមាជិក​ក្នុង​ក្រុម​បាល់​ទាន់​នេះ​ដូច​គ្នា។

លោក ចាន់ ភក្ដី ហៅ Shutter បាន​បង្ហើប​ឲ្យ Sabayដឹង​ថា លោក​ទើប​តែ​ចុះ​កុងត្រា​ជា​មួយ​ក្លឹប​​បាល់​ទាត់​បឹងកេត​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ និង​ទើប​​តែ​ចូល​ហាត់​នេះ​ថ្ងៃ​នេះ ដើម្បី​ត្រៀម​លក្ខណៈ​​ក្នុង​ការ​ប្រកួត ដែល​ក្រុម​នឹង​រៀប​ចំ​ឲ្យ​ក្នុង​ពេល​ដ៏​ខ្លី​ខាង​​មុខ​នេះ។

ម្ចាស់​បទ "អតីត"​រូប​នេះ បាន​បន្ត​ឲ្យ​ដឹង​ថា ក្រៅ​ពី​អាជីព​ជា​​អ្នក​សិល្បៈ និង​ថត​រូប លោក​គឺ​ជា​កីឡាករ​បាល់​ទាត់​​ម្នាក់​ផង​ដែរ ដោយ​​ការ​លេង​របស់​លោក ភាគ​ច្រើន​នៅ​តាម​សាលា​រៀន​កាល​នៅ​រៀន។"​ខាង​ក្លឹប​គាត់​ឃើញ​ខ្ញុំ​លេង​ល្អ​ ហើយ​ខ្ញុំ​​ជា​តារា​ចម្រៀង​អីចឹង គាត់​ក៏​ហៅ​​ចូល រឿង​កុងត្រា​ជា​មួយ​គ្នា មិន​ដឹង​ប៉ុន្មាន​ឆ្នាំ​ទេ " Shutter ថ្លែង​បញ្ជាក់។

រូបភាព៖ ផ្ដល់​ដោយ Shutter

តាម​ការ​បញ្ជាក់​ពី​លោក Shutter ​ការ​ចុះ​កុងត្រា​ជា​មួយ​ក្លឹប​បឹង​កេត​នេះ គឺ​ខាង​ក្លឹប​មិន​បាន​បិទ​សិទ្ធិ​លោក លើ​អាជីព​សិល្បៈ​ឡើយ គឺ​នៅ​តែ​បន្ត​បាន​រហូត ពេល​​ទំនេរ​គឺ​អាច មក​​ចូល​ហាត់​ធម្មតា​បាន។ លោកShutter បាន​លើក​ឡើង​ថា ខ្លួន​មិន​​​នឹក​ស្មាន​ថា អាច​ក្លាយ​ជា​សមាជិក​​ក្នុង​ក្លឹប​មាន​កេរ្តិ៍ឈ្មោះ​បែប​នេះ​ឡើយ ព្រោះ​កន្លង​មក​ការ​លេង​កីឡា របស់​លោក​គ្រាន់​តែ​ជា​ការ​ហាត់​ប្រាណ ដើម្បី​សុខភាព និង​ការ​ចូល​ចិត្ត​កីឡា​ប៉ុណ្ណោះ។

លោក​បាន​ប្ដេជ្ញា​ថា នឹង​ខិតខំ​ប្រឹង​ឲ្យ​អស់​ពី​សមត្ថភាព លើ​អាជីព​មួយ​នេះ មិន​ឲ្យ​ថ្នាក់​ដឹក​នាំ​ក្លឹប​ក៏​ដូច​ជា​សមាជិក​ក្នុង​ក្រុម​ទាំង​អស់ អស់​សង្ឃឹម​លើ​លោក​ឡើយ៕ ​

អត្ថបទៈ ស៊ុនហួត