ព្រឺណាស់! អ្នកសៀមរាប ប្រាប់ពីរឿងរ៉ាវដ៏អស្ចារ្យ ចម្លាក់ថ្មអាយុកាលពាន់ឆ្នាំ កម្រមានអ្នកស្គាល់

  • 2018-07-03 08:07:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក នួន សិរីរតន៍ ជា​ប្រជាពលរដ្ឋ​រស់​នៅ​ខេត្ត​សៀមរាប ទើប​តែ​បាន​ទៅ​ដល់​ទីតាំង​មួយ​កន្លែង​នៅ​ជាប់​ជម្រាល​ភ្នំគូលែន មាន​ឈ្មោះ​ថា ពើង​គំនូរ បាន​រៀបរាប់​ពី​អារម្មណ៍​ពិត​ទាំង​រំភើប​នៅ​ពេល​ដែល​បាន​ឃើញ​ទស្សនីយភាព​ដ៏​គួរ​ព្រឺ​សម្បុរ ព្រោះ​អស្ចារ្យ​ខ្លាំង​ពេក​នឹក​ស្មាន​មិន​ដល់។

អ្នក​​ចូលចិត្ត​ប្រមាញ់​រូប​ភាព​ប្លែកៗ​នេះ បាន​រៀប​រាប់​បន្ត​ទៀត​ថា នេះ​ជា​លើក​ទី​១​ហើយ​ដែល​លោក​បាន​ទៅ​ឃើញ​ទិដ្ឋភាព​ដ៏​កម្រ​នេះ ទៅ​ដល់​ទី​នោះ​មាន​ដើម​ឈើ​ត្រឈឹង​ត្រឈៃ ហ៊ុមព័ទ្ធ​ដោយ​ផ្ទាំង​ថ្ម​ធំៗ ហើយ​មាន​ចម្លាក់​ជាប់​ផ្ទាំង​ថ្ម​ដ៏​អស្ចារ្យ ដែល​បន្សល់​ទុក​តាំង​ពី​សតវត្ស​ទី​១១​មក។ ចំណែក​ឯ​ផ្លូវ​ចូល​មាន​ដើម​ឫស្សី​ដុះ​យ៉ាង​ក្រាស់​ឃ្មឹក​អម​សង​ខាង​គ្រប​លើ​ផ្លូវ​ចូល ប្រៀប​ដូច​ជា​ល្អាង​ភ្នំ​មួយ​យ៉ាង​វែង​អន្លាយ​រហូត​ដល់​ទៅ​៣​គីឡូម៉ែត្រ​ឯណោះ។ លោក រតន៍​បន្ត​ថា នៅ​ទី​នោះ​ត្រជាក់​ស្រឹប​ ព្រោះ​តែ​ឥទ្ធិពល​នៃ​ផ្ទាំង​ថ្ម និង​ដើម​ឈើ​ធំៗ​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ថា កំពុង​ស្ថិត​នៅ​ទីតាំង​មួយ​ដូច​គេ​ប្រសិទ្ធ​ឡើង​យ៉ាង​ដូច្នោះ។

រូបចម្លាក់ប្លែកៗខុសពីគ្នាជាច្រើន មានកម្ពស់ចាប់ពី១ម៉ែត្រឡើង ត្រូវបានដាប់ឆ្លាក់នៅជាប់នឹងផ្ទាំងថ្ម កម្ពស់ប្រមាណចាប់ពី៥ម៉ែត្រឡើង។ នេះបើតាមការរៀបរាប់បន្ថែមទៀតរបស់លោក នួន សិរីរតន៍។

បុរស​វ័យ​៣៤​ឆ្នាំ​រូប​នេះ ប្រាប់​ថា ដើម្បី​អាច​ទៅ​ដល់​ទីតាំង​នោះ គឺ​ត្រូវ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ទៅ​ប្រាសាទ​បឹង​មាលា ជិះ​ទៅ​ត្រង់​រហូត​ដល់​ផ្លូវ​បំបែក​ស្វាយ​លើ បត់​ទៅ​ទិស​ខាង​កើត (ស្ដាំ​ដៃ) ប្រហែល​១​គីឡូម៉ែត្រ នោះ​នឹង​ទៅ​ដល់​ជើង​ភ្នំគូលែន។ ទៅ​ដល់​ទី​នោះ​ត្រូវ​ធ្វើ​ដំណើរ​តាម​ផ្លូវ​មួយ​ដែល​គ្រប​ដណ្ដប់​ដោយ​ឫស្សី​ប្រមាណ​៣គីឡូម៉ែត្រ​ទៀត ទើប​ទៅ​ដល់​ទីតាំង​ដ៏​អស្ចារ្យ​នេះ។

តាម​ក្រសួង​ទេសចរណ៍ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ពើង​គំនូរ​ត្រូវ​បាន​កសាង​ឡើង​នៅ​សតវត្ស​ទី១១ នៃ​គ.ស ស្ថិត​នៅ​ភូមិ​ត្រពាំង​ទឹម ឃុំតាសៀម ស្រុក​ស្វាយលើ​ខេត្ត​សៀមរាប។ ជា​ទីតាំង​ដ៏​សំខាន់​មួយ​នៅ​សតវត្ស​ទី១១ ដោយ​ទីនោះ​មាន​ចម្លាក់​ផ្សេងៗ​ដូចជា​ ចម្លាក់​ព្រះគណេសដៃ៨ ចម្លាក់លឹង្គ ចម្លាក់​ព្រះវិស្ណុ ចម្លាក់​ព្រះឥសូ រូប​គំនូរ​ត្រី​ប្រវែង​ប្រមាណ​១​ម៉ែត្រ​គូ​ដោយ​ប្រើ​ពណ៌​ក្រហម​ព្រាល។

សិលាចារឹក​ប្រហែល​ចារ​នៅ​សតវត្ស​ទី១១ នៃ​គ.ស បង្ហាញ​ថា ពើង​គំនូរ​ជា​ទីតាំង​របស់​ព្រះរាជគ្រូ របស់​មហាក្សត្រ​ព្រះនាម​ថា «ព្រះសិវៈសោម» ក្នុង​នោះ​សិលាចារឹក​ក៏​បាន​បង្ហាញ​ពី​ព្រះបាទ​ជ័យវរ្ម័ន​ទី២ ក្នុង​ឈ្មោះ​ជា​មរណនាម​ថា ព្រះ​បរមេស្វរៈ និង​ភ្នំមហេន្ទ្រ (ភ្នំគូលែន)៕ ​

អត្ថបទ៖ ថោ ច័ន្ទឬទ្ធិ

រូបភាព៖ ផ្ដល់សិទ្ធិដោយលោក នួន សិរីរតន៍