មកស្គាល់ស្ពានឆ្លងកាត់ទន្លេមេគង្គ​នៅកម្ពុជា ក្នុងនោះមានស្ពាន១ កំពុងសាងសង់​សម្រេចបានពាក់កណ្តាល

  • 2024-05-08 02:56:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គិតមកដល់បច្ចុប្បន្ន​នេះ កម្ពុជាមានស្ពាន​ឆ្លងកាត់ទន្លេមេគង្គ​ចំនួន ៦ ក្នុងនោះ មានស្ពាន១​កំពុងសាងសង់​ក្នុងខេត្តក្រចេះ​ដែលសម្រេចបាន​ជិតពាក់កណ្តាលហើយ។

១. ស្ពានមេគង្គ មានទីតាំងស្ថិតនៅខេត្ដស្ទឹងត្រែង ឆ្លងកាត់ទន្លេមេគង្គ សណ្ដូកចេញពីក្រុងស្ទឹងត្រែងឆ្លងទៅកាន់ស្រុកថាឡាបរិវ៉ាត់ ជាប្រភេទស្ពានបេតុង មានប្រវែង ១៧៣១ ម៉ែត្រ និងទទឹង ១៣,៤០ ម៉ែត្រ។

២. ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ ក្នុងខេត្តក្រចេះ កំពុងសាងសង់​សម្រេចបាន ៤៩,១៨% គិតត្រឹមដើមខែឧសភា ឆ្នាំ​២០២៤ ដែលមានប្រវែង ១៧៦១ ម៉ែត្រ ស្ថិតនៅស្រុកចិត្របុរី និងស្រុកព្រែកប្រសព្វ ជាមួយនឹងផ្លូវតភ្ជាប់ និងផ្លូវខ្នែង ទៅកាន់ក្រុងក្រចេះ ខេត្តក្រចេះ ដែលមានប្រវែងសរុបជាង ៣៣គីឡូម៉ែត្រ។

៣. ស្ពាន​ស្ទឹងត្រង់-ក្រូចឆ្មារ ភ្ជាប់គ្នារវាង​ខេត្តកំពង់ចាម និងត្បូងឃ្មុំ មានប្រវែង ១១៣១ម៉ែត្រ និងទទឹង ១៣,៥ម៉ែត្រ ជាប្រភេទស្ពានបេតុងសរសៃដែក។

៤. ស្ពានគីហ្សូណា ឆ្លងកាត់ទន្លេមេគង្គ ភ្ជាប់ពីក្រុងកំពង់ចាម ខេត្តកំពង់ចាម ឆ្លងទៅកាន់ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ជាប្រភេទស្ពានបេតុង មានប្រវែង ១៥០០ ម៉ែត្រ និងទទឹង ១៤ ម៉ែត្រ។

៥. ស្ពានព្រែកតាមាក់ មានទីតាំងស្ថិតនៅខេត្តកណ្ដាល ឆ្លងកាត់ទន្លេមេគង្គ ភ្ជាប់​ពីស្រុកមុខកំពូល ទៅកាន់ស្រុកខ្សាច់កណ្ដាល ជាប្រភេទស្ពានបេតុង មានប្រវែង ១០៦៦ ម៉ែត្រ និងទទឹង ១៣,៥០ ម៉ែត្រ។

៦. ស្ពានត្សឹបាសា (ស្ពានអ្នកលឿង) ឆ្លងកាត់ទន្លេមេគង្គក្រោម ភ្ជាប់ពីស្រុកលើកដែក ខេត្តកណ្ដាល ឆ្លងទៅកាន់ស្រុកពាមរក៍ ខេត្តព្រៃវែង ជាប្រភេទស្ពានខ្សែកាប មានប្រវែង ២២១៥ ម៉ែត្រ និងទទឹង ១៣,៥០ ម៉ែត្រ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី