មក​មើល​​មុខជំនួញធំៗក្នុងដៃ យក់ ថិតរដ្ឋា​និង ឃុំ ប៉ុណ្ណាដែត មាន​​អ្វី​ខ្លះ?

  • 2018-07-04 00:33:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​ច្រើន​ឆ្នាំ​មក​ហើយ ដែល លោក ឃុំ ប៉ុណ្ណាដែត បាន​ទម្លាក់​ចោល​អាជីព​ជា​តារា​ចម្រៀង ទៅ​រក​ស៊ី​ជំនួញ​ដី​ធ្លី​ និង​សំណង់​ផ្ទះ​ល្វែង ដែល​ជា​មុខ​ជំនួញ​មួយ​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​គ្រួសារ​​អ្នក​សិល្បៈមួយ​គូ​នេះ​​កាន់​តែ​មាន​ទ្រព្យ​​ច្រើន​ជាង​កាល​ប្រឡូក​សិល្បៈ​ទាំង​ពីរ​នាក់។ ទោះបីជា លោក ឃុំ ប៉ុណ្ណាដែត ទម្លាយ​​ថា លោក​ទៅ​រក​ស៊ី​ជំនួញ​ដី​ធ្លី​ និង​សំណង់​ផ្ទះ​ល្វែង​ក៏​ពិត​មែន​ ប៉ុន្តែតារា​ចម្រៀង​រូប​នេះ​មិន​​ដែល​ធ្លាប់​ប្រាប់​ថា ក្រុមហ៊ុន​របស់​លោក​មាន​ឈ្មោះ​​​អ្វី​នោះ​ឡើយ ហើយ​មាន​ភាគ​ហ៊ុន​បែប​ណា​ឡើយ។

ក្នុង​ជំនួប​ជា​មួយ ​Sabay កាល​ពី​ពេល​ថ្មី​នេះ​បន្ទាប់​ពី​មាន​ការ​ជជីក​សួរ​ជា​ច្រើន​ជុំវិញ​ជំនួញ​របស់​អ្នក​ទាំង​ពីរ លោក ឃុំ ប៉ុណ្ណាដែត បាន​ទម្លាយ​ឲ្យ​ដឹង​ថា ក្រុម​ហ៊ុន​ដែល​លោក​​រកស៊ី​ និង​កំពុង​ដំណើរ​រាល់​ថ្ងៃលើ​ជំនួញ​ដី​ធ្លី​ និង​សំណង់​ផ្ទះ​ល្វែង មាន​ឈ្មោះ​ថា "គូរ៉ុង កម្ពុជា" ដែល​មាន​ភាគ​ហ៊ុន​ច្រើន ក្នុង​ការ​បើក​​ជំនួញ​នេះ។ តារា​ចម្រៀង​ដែល​​វិវឌ្ឍ​ខ្លួន​ជា​អ្នក​ជំនួញ​អចលនទ្រព្យ​ល្បី​ឈ្មោះ​រូប​នេះ មិន​បាន​ប្រាប់​ពី​ដើម​ទុន​​ឡើយ ប៉ុន្តែ​​លោក​បាន​បង្ហើប​ឲ្យ​ដឹង​ថា គិត​មក​ដល់​បច្ចុប្បន្ន​​ក្រុមហ៊ុន​​ខ្លួន​​បាន​លក់​ផ្ទះ ឈាន​ដល់ ៦ ទៅ​៧ គម្រោង​ហើយ ដោយ​គម្រោង​ដំបូង​គេ គឺ​ការ​ធ្វើ​ផ្ទះ​លក់​នៅ​តំបន់​សំណង់​១២។

ក្រៅ​ពី​ជំនួញ​​ដ៏​ធំ​ខាង​លើ លោក ឃុំ ប៉ុណ្ណាដែត បាន​​​បើក​​​​ហាង​​បែប​ Pub ​មួយ​ទៀត ឈ្មោះ​ថា "វិចធើរីផាប" នៅ​ខាង​​កើត​​​​ស្ថានទូត​​រុស្សី ដោយ​គិត​មក​ដល់​ពេល​នេះ លោក​ថា បាន​ដំណើរ​ការ​២ឆ្នាំ​មក​ហើយ។ ជំនួញ​ទាំង​២នេះ​លោក ឃុំ ប៉ុណ្ណាដែត គឺ​ជា​អ្នក​មើល​ការ​ខុសត្រូវ​ទាំង​អស់ ចំណែក​ឯ ភរិយា អ្នក​នាង យក់ ថិតរដ្ឋា​វិញ ក៏​មិន​បណ្ដោយ​ឲ្យ​ខ្លួន​ទំនេរ​ឡើយ ក្រៅ​ពី​ការងារ​សិល្បៈ​ដែល​នាង​មិន​ព្រម​ទម្លាក់​ចោល​នោះ គឺ​អ្នក​នាង​មាន​បើក​ហាង​​លក់​ផលិតផល​កែ​សម្ផស្ស​មួយ​ទៀត​ផង។

មុខ​ជំនួញ​ទាំង​៣នាង​លើ បើ​គិត​ជា​ទឹក​ប្រាក់ តាម​ការ​ប៉ាន់ប្រមាណ​​ក្រៅ​ផ្លូវការ រាប់​លាន​ដុល្លារ​ឯណោះ ប៉ុន្តែ​បែប​នេះ​ក្ដី ​ដូច​បាន​លើក​ឡើង​ខាង​លើ អ្នក​ទាំង​ពីរ​សូម​មិន​​បញ្ចេញ​​ពី​ដើម​ទុន​ឡើយ។

តារាចម្រៀង យក់ ថិតរដ្ឋា និង ឃុំ ប៉ុណ្ណាដែត បាន​ចូល​រោង​ការ​ជាមួយ​គ្នា​អំឡុង​ឆ្នាំ​ ២០០៥ ​ទទួល​បាន​កូន​ប្រុស​ ២ ​នាក់​ជា​ចំណង​ដៃ​។ កូន​ទី​១​ឈ្មោះ ឃុំរដ្ឋា ណាលីដូ អាយុ​ ១០ឆ្នាំ​ រៀន​ថ្នាក់​ទី​៤​ ​ចំណែក​ឯ​កូន​ទី​២​ឈ្មោះ ឃុំ​​រដ្ឋា ណាលីឌី អាយុ​​៣​​ឆ្នាំ។ក្រោយ​ផ្អាក​ជាង​១០​ឆ្នាំ លោក​ទើប​តែ​បង្ហាញ​ស្នាដៃ​រួម​គ្នា​ជា​ថ្មី​ជាមួយ​ភរិយា​គឺ​រឿង ”ចិញ្ចៀន​ខ្មោច” កាល​ពី​ពេល​ថ្មីៗ​នេះ។ ជា​មួយ​គ្នា​នោះ ​តារា​ចម្រៀង​ដែល​​វិវឌ្ឍ​ខ្លួន​ជា​អ្នក​ជំនួញ​អចលនទ្រព្យ​ល្បី​ឈ្មោះ​រូប​នេះ កំពុង​ពិចារណា​វិល​ចូល​អាជីព​ចម្រៀង បើ​សិន​ជា​ទស្សនិកជន​ ​ក៏​ដូច​ជា​អ្នក​ដឹក​នាំ​សម្ដែង​នៅ​តែ​គាំទ្រ​រូប​លោក៕

អត្ថបទៈ ស៊ុនហួត