បេក្ខជនត្រូវការប្រើទូរសព្ទបន្ទាន់ពេលប្រឡងបាក់ឌុប មានករណីពិសេសអាចជួយបាន

  • 2018-07-04 02:39:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ការ​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ​ការ​ប្រើប្រាស់​ទូរសព្ទ​ត្រូវ​បាន​ហាម​ឃាត់​ដាច់​ខាត ដើម្បី​បង្ការ​កុំ​ឲ្យ​មាន​ការ​លួច​ថត​ចម្លង បង្ហោះ​វិញ្ញាសា ឬ​ប្រើប្រាស់​ដើម្បី​ជា​មធ្យោបាយ​ជួយ​ដល់​ដល់​ការ​ប្រឡង។ ចំណែក​ឯ​អ្នក​ដែល​មាន​សិទ្ធ​ក្នុង​ការ​ប្រើប្រាស់ គឺ​មាន​តែ​ប្រធាន​មណ្ឌល​តែ​ម្នាក់​គត់។ ដូច្នេះ​ក្នុង​ករណី​បេក្ខជន​ប្រឡង​ ត្រូវ​ការ​ប្រើ​ទូរសព្ទ​​បន្ទាន់​ ក្រសួង​បាន​អនុញ្ញាត​ឲ្យ​សុំ​ទូរសព្ទ​ដៃ​ប្រធាន​មណ្ឌល​នោះ​ផ្ទាល់​តែ​ម្ដង។ នេះ​បើ​តាម​ប្រសាសន៍​របស់​ឯកឧត្ដម ហង់ជួន ណារ៉ុន រដ្ឋ​មន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​កាល​ពី​ថ្មី​ៗ​នេះ។

ក្នុង​ករណី​ពិសេស​មួយ​ទៀត មុន​ពេល​ដល់​ម៉ោង​ប្រឡង​បេក្ខជន​ទាំង​អស់​អាច​យក​ទូរសព្ទ​ផ្ញើ ជាមួយ​នឹង​គណៈកម្មការ​រៀប​ចំ​ការ​ប្រឡង ដោយ​មាន​រៀបចំ​ជា​កេស​មួយ​ទុក​ដាក់​ត្រឹមត្រូវ។ បេក្ខជន​គ្រាន់​តែ​សរសេរ​ឈ្មោះ​ជាប់​ទូរសព្ទ ពេល​មាន​ការ​ត្រូវ​ប្រើ ឬ​ក្រោយ​ចប់​ម៉ោង​ប្រឡង​ចង់​ទំនាក់​ទៅ​គ្រួសារ បេក្ខជន​អាច​មក​យក​ទូរសព្ទ​របស់​ខ្លួន​បាន។ រដ្ឋ​មន្ត្រី​ក្រសួង​អប់រំ ថ្លែង​បន្ថែម។

ឯកឧត្ដម ហង់ជួន ណារ៉ុន ក៏​បាន​ឲ្យ​ដឹង​ទៀត​ថា ចំណែក​ឯ​គណៈកម្មការ​រៀបចំ​ការ​ប្រឡង ឬ​បេក្ខជន​ មាន​ឡាន​ចូល​ក្នុង​មណ្ឌល​ប្រឡង យក​ទូរសព្ទ​ដាក់​ក្នុង​ឡាន ហើយ​ចូល​ប្រើប្រាស់​ក្នុង​ឡាន គឺ​មិន​បាន​ដាច់​ខាត ពោល​មាន​តែ​មនុស្ស​ម្នាក់​គត់​អាច​ប្រើ​ទូរសព្ទ​បាន មាន​តែ​ប្រធាន​មណ្ឌល​ប៉ុណ្ណោះ។

ការ​ប្រឡង​មធ្យម​សិក្សា​ទុតិយភូមិ​ឆ្នាំ​២០១៨ ដែល​នឹង​ត្រូវ​ប្រព្រឹត្តិទៅ​នៅ​ថ្ងៃ​ទី​២០​ ខែ​សីហាខាងមុខនេះ នឹងមានការចូលរួមទាំង​សិស្ស​ថ្នាក់​វិទ្យាសាស្ត្រ និង​សង្គម មាន​ចំនួន​សរុប ១១៧ ០៦១នាក់​ និង​មាន​មណ្ឌល​ប្រឡង​ចំនួន១៩៥​មណ្ឌល ចែកចេញ​ជា​ ៤ ៧១៦​បន្ទប់ នៅ​រាជធានី​-ខេត្ត​ទូទាំង​២៥ នៃ​ព្រះរាជាណាចក្រ​កម្ពុជា៕

​​

អត្ថបទ៖ វឌ្ឍនៈ