ម្សិលមិញ ONE ប្រកាសកែប្រែលទ្ធផលឲ្យកីឡាករថៃចាញ់ចិនវិញ
- 2018-07-04 03:51:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម្សិលមិញ ONE ប្រកាសកែប្រែលទ្ធផលឲ្យកីឡាករថៃចាញ់ចិនវិញ
ចន្លោះមិនឃើញ
កីឡាករចិន Ma Jie Wen ត្រូវបានគណៈកម្មការរៀបចំការប្រកួតប្រកាសកាលពីម្សិលមិញឲ្យឈ្នះកីឡាករថៃ Sagetdao Petpayathai វិញ បន្ទាប់ពីលទ្ធផលចាញ់ទាំងចម្រូងចម្រាសកាលពីសប្តាហ៍មុន។
លទ្ធផលចម្រូងចម្រាសនេះបានកើតមានឡើងក្នុងការប្រកួតរបស់ One Championship កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨នៅប្រទេសមីយ៉ាន់ម៉ា។ អ្នកគុនចម្រុះចិន Ma Jie Wen ត្រូវបានគេមើលឃើញថា មានប្រៀបលើកីឡាករថៃពីការប្រកួត៣ទឹក ប៉ុន្តែចៅក្រមបានផ្តល់ពិន្ទុឲ្យចាញ់ទៅវិញ។ តាមរយៈលទ្ធផលនេះក្រុមកីឡាករចិនមិនពេញចិត្ត និងបានធ្វើការតវ៉ា។
កាលពីម្សិលមិញនេះ ONE Championship បានចេញសេចក្តីប្រកាសផ្លូវការពីការពិនិត្យឡើងវិញ និងបានកែប្រែលទ្ធផលឲ្យ Ma Jie Wen ឈ្នះ។ តាមសេចក្តីប្រកាសដែល Sabay ទទួលបាន ONE បានលើកឡើងថា ការប្រកួតនេះពិតជាប្រកៀកប្រកិតគ្នាខ្លាំង ប៉ុន្តែបន្ទាប់ពីមើលសាឡើងវិញតាមការវិនិច្ឆ័យស្តង់ដាររបស់ ONE Championship បង្ហាញឲ្យឃើញថា Ma Jia Wen ឈ្នះពិន្ទុលើ Sagetdao។ ដូច្នេះការសម្រេចជាផ្លូវការគឺ Ma Jia Wen ជាអ្នកឈ្នះ។
ភាពចម្រូងចម្រាសនៃលទ្ធផលកើតមានមួយលើកជាពីរលើកក្នុងស្ថាប័នប្រដាល់ ONE CHAMPIONSHIP ។ សូម្បីតែអ្នកប្រដាល់កម្ពុជា សុខ ធី ក៏ត្រូវបានគណៈកម្មការប្រកាសឲ្យចាញ់កីឡាករថៃ Lerdsila ក្នុងការប្រកួតប្រដាល់សេរីកាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨។ បន្ទាប់ពីការតវ៉ារបស់គ្រូបង្វឹក ហ៊ុន ចាន់រាជ ខាង ONE បានសូមទោសដល់កីឡាករសុខ ធី និងផ្តល់ប្រាក់ជំងឺចិត្តចំនួន៥ពាន់ដុល្លារ ប៉ុន្តែលទ្ធផលនៅតែចាញ់ដដែល។
ជុំវិញករណីសុខ ធីនេះ Sabay បានសួរទៅខាង One Championship ហើយទទួលបានបញ្ជាក់ថា ពួកគេនឹងរៀបចំឲ្យកីឡាករទាំងពីរប្រកួតគ្នាសាជាថ្មីនាពេលខាងមុខ៕
វីដេអូការប្រកួតរវាង Ma Jie Wen និង Sagetdao