មូលហេតុ​៣​យ៉ាង​ដែល​ Tiki-Taka ហាក់​ដល់​ថ្ងៃ​អវសាន​

  • 2018-07-04 08:53:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បរាជ័យ​របស់​អេស្ប៉ាញ​ក្រោម​ថ្វី​ជើង​រុស្ស៊ី​មិន​ត្រឹម​ទម្លាក់​ពួកគេ​ចេញ​ពី​ World Cup នោះ​ទេ​ តែ​ក៏​ជា​សញ្ញា​មួយ​ដែល​បង្ហាញ​ថា​ប្រព័ន្ធ​លេង​បែប​ Tiki-Taka លែង​គំរាម​កំហែង​ដល់​ក្រុម​បាល់ទាត់​នៅ​លើ​ពិភពលោក​ដូច​មុន​ទៀត​ហើយ។​

គេ​នៅ​ចាំ​មិន​ភ្លេច​នៅ​ពេល​​ Tiki-Taka ដែល​អេស្ប៉ាញ​និយម​ប្រើ​ បាន​គ្រប់គ្រង​ពិភព​បាល់ទាត់​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន​ ដោយ​ពួក​គេ​បាន​ឈ្នះ​ពាន​ធំ​៣​ជាប់​ៗ​គ្នា​គឺ​ Euro ២០០៨, World Cup ២០១០ និង​ Euro ២០១២។ កាល​ណោះ​គឺ​ជា​យុគ​សម័យ​មាស​របស់ អេស្ប៉ាញ​​ដែល​គ្មាន​គូ​ប្រជែង​​អាច​បំបែក​ប្រព័ន្ធ​លេង​របស់​ក្រុម​ជើង​ខ្លាំង​អឺរ៉ុប​មួយ​នេះ​បាន​ដោយ​ងាយ​ឡើយ​។

យ៉ាង​ណា​ Tiki-Taka របស់​អេស្ប៉ាញ​ហាក់​អស់​ប្រសិទ្ធិភាព​ហើយ​នា​ពេល​បច្ចុប្បន្ន​ដោយ​សារ​មូលហេតុ​សំខាន់​៣​យ៉ាង​គឺ​៖

១. ការ​បាត់បង់​កីឡាករ​ឆ្នើម​

មិនមែន​គ្រប់​កីឡាករ​ទាំង​អស់​សុទ្ធតែ​ចេះ​លេង​ប្រព័ន្ធ​ Tiki-Taka បាន​ទេ ចាំ​បាច់​ពួកគេ​ត្រូវ​មាន​ទេព​កោសល្យ​ និង​​យល់​ច្បាស់​ពី​របៀប​លេង​ទើប​អាច​ស៊ី​ចង្វាក់​គ្នា។ Xavi Hernandez និង​ Andres Iniesta គឺ​ជា​ខ្សែ​បម្រើ​២​រូប​ដែល​ពូកែ​លេង​ Tiki-Taka ខ្លាំង​បំផុត​ ខណៈ​ Cesc Fabregas និង​​ Xabi Alonso ក៏​ដូចគ្នា​ ប៉ុន្តែ​អេស្ប៉ាញ​ឆ្នាំ​២០១៨​នេះ​បាត់បង់​កីឡាករ​សំខាន់​ទាំង​នេះ​ស្ទើរ​តែ​ទាំង​ស្រុង​សល់​តែ​ Iniesta ១​ប៉ុណ្ណោះ​ដែល​មាន​វ័យ​កាន់​តែ​ចាស់​ថែម​ទៀត។

២. យុទ្ធសាស្ត្រ​ការពារ​របស់​គូ​ប្រជែង​

ក្រុម​គូ​ប្រជែង​ដែល​ប៉ះ​ជាមួយ​អេស្ប៉ាញ​នៅ​ពេល​នេះ​អាច​សម្រប​ខ្លួន​បាន​ហើយ​ជាមួយ​ក្បាច់​ Tiki-Taka ដោយ​ក្រុម​ទាំង​នោះ​​អាច​ការពារ​បាន​ល្អ​ជាង​មុន​ និង​ទប់​ទល់​ពេល​អេស្ប៉ាញ​វាយ​សម្រុក​ម្ដងៗ​ខុស​ពី​ប៉ុន្មាន​ឆ្នាំ​មុន​ដែល​វា​ហាក់​ថ្មី​ៗ​សម្រាប់​ពួកគេ។ ព័រទុយហ្គាល់​, ម៉ារ៉ុក​ និង​រុស្ស៊ី​ សុទ្ធ​តែ​លេង​បាន​ល្អ​ជាមួយ​ស្ដេច​ Tiki-Taka ព្រោះ​តែ​ការ​បាន​សិក្សា​ពី​ប្រព័ន្ធ លេង​នេះ​ សូម្បី​តែ​អ៊ីរ៉ង់​ដែល​ជា​ក្រុម​មក​ពី​អាស៊ី​ក៏​អេស្ប៉ាញ​យក​ឈ្នះ​បាន​ត្រឹម​១​-០ យ៉ាង​តានតឹង​បំផុត។

៣. អវសាន​របស់​កំពូល​ខ្សែ​ប្រយុទ្ធ​ឆ្នើម​

ទោះ​ Tiki-Taka ល្អ​ប៉ុន​ណា​ក៏​ដោយ​ តែ​បើ​សិន​ជា​ខ្សែ​ប្រយុទ្ធ​មិន​មុត​ស្រួច​ ក៏​វា​គ្មាន​ប្រសិទ្ធិភាព​ដែរ។​ នៅ​សម័យ​ដែល​អេស្ប៉ាញ​ឈាន​ដល់​កម្រិត​កំពូល​ពួកគេ​មាន​ខ្សែ​ប្រយុទ្ធ​ដ៏​គ្រោះថ្នាក់​បំផុត​២​រូប​ដែល​យល់​ច្បាស់​ពី Tiki-Taka គឺ​ David Villa និង​ Fernando Torres ស្រប​ពេល​បច្ចុប្បន្ន​ខ្សែ​ប្រយុទ្ធ​អេស្ប៉ាញ​ដូចជា Diego Costa និង​ Aspas ជា​ដើម​មិន​ទាន់​ល្អ​គ្រប់គ្រាន់​នៅ​ឡើយ​សម្រាប់​ការ​លេង​របៀប​ Tiki-Taka៕

ប្រភព៖ FIFA   អត្ថបទ៖ វិរ័ត្ន

អត្ថបទថ្មី