ខេម មិនទាន់ដល់វេនបញ្ចេញសមត្ថភាពលើអាជីពថ្មី
- 2018-07-05 03:44:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខេម មិនទាន់ដល់វេនបញ្ចេញសមត្ថភាពលើអាជីពថ្មី
ចន្លោះមិនឃើញ
ខណៈតារាចម្រៀងជាច្រើនផ្សេងទៀតត្រូវបានផលិតកម្មថោនជ្រើសរើសឲ្យសម្ដែងភាពយន្តក៏ដូចជារឿងកំប្លែងខ្លីៗជាបន្តបន្ទាប់ លោក ខេម តារាចម្រៀងម្នាក់ក្នុងផលិតកម្មមួយនេះ បានលើកឡើងថា ការសម្ដែងភាពយន្តបន្ថែមលើអាជីពតារាចម្រៀងរបស់លោកមិនទាន់ដល់វេនខ្លួនឡើយ ប៉ុន្តែបែបនេះក្ដីលោកជឿជាក់ថា ផលិតកម្មមិនទុកលោកចោលឡើយ។
ខេម និយាយថា ការសម្ដែងភាពយន្តបន្ថែមលើអាជីពតារាចម្រៀងនេះ មិនមែនខ្លួនមិនចង់ឡើយ គឺខ្លួនចង់ ប៉ុន្តែគម្រោងនៃការថតរបស់ផលិតកម្មថោន មិនទាន់មានសាច់រឿងណាត្រូវនឹងតួរបស់លោក។
លោកបានបន្តឲ្យដឹងថា ភាពយន្តដែលខ្លួនចង់សម្ដែងនោះ ជាភាពយន្តបែបមនោសញ្ចេតនាបែបស្រុកស្រែ ហើយចង់សម្ដែងជាតួឯកតែម្ដង។ ចំពោះការថតរឿងខ្លីៗ រឿងកំប្លែង ដូចជាកម្មវិធី"ដូចឆ្នឹងផង"ដែលមានតារាចម្រៀងជាច្រើនក្នុងផលិតកម្មចេញមុខថតជាបន្តបន្ទាប់ ខេម បានបដិសេធមិនសម្ដែងឡើយ ដោយលោកលើកហេតុផងថា ខ្លួនជាតារាចម្រៀង មិនមែនជាតួកំប្លែងនោះទេ។
ជាមួយនឹងការថតភាពយន្តផងដែរ ទោះបីជាបច្ចុប្បន្នខ្លួនជាតារាចម្រៀងមានកុងត្រាក្ដី ខេម និយាយថា ផលិតកម្មថោនមិនបានបិទសិទ្ធិខ្លួនឡើយ គឺលោកនៅតែអាចថតឲ្យផលិតកម្មផ្សេងបាន ប្រសិនបើមានផលិតកម្មមួយណាចង់បានលោកទៅសម្ដែងនោះ ប៉ុន្តែមុនការព្រមព្រៀងគ្នាក៏ត្រូវតែមានការចរចាពីការថតនោះ តើអាចមានផលប៉ះពាល់ដល់ផលិតកម្ម ឬប្រជាប្រិយភាពកម្រិតណាជាមុខសិន។
ទោះបីជាជាមិនទាន់ដល់វេនចេញថតរឿងក្ដី តាមការលើកឡើងរបស់ខេម ផលិតកម្មមិនបានទុកលោកចោលឡើយ នៅរដូវភ្លៀងនេះ តារាចម្រៀងរូបនេះបង្ហើបឲ្យដឹងថា ផលិតកម្មបានត្រៀមបទចម្រៀងឲ្យលោកជាច្រើនបទផងដែរ ហើយគ្រោងបញ្ចេញឆាប់នេះតែម្ដង៕