អុញ! អតីត​ CEO ក្លឹប Juventus ថា Ronaldo បាន​ចុះ​កុងត្រា​ជាមួយ​ក្លឹប​ហើយ

  • 2018-07-05 11:34:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​នាយក​ប្រតិបត្តិ​ក្លឹប Juventus លោក Luciano Moggi ថា ខ្សែ​ប្រយុទ្ធ Cristiano Ronaldo បាន​ចុះ​កុងត្រា​ជាមួយ​ក្លឹប​ហើយ។

អតីត​នាយក​ប្រតិបត្តិ​ក្លឹប Juventus លោក Luciano Moggi

លោក Moggi បាន​ថ្លែង​ប្រាប់​បណ្ដាញ​ទូរទស្សន៍​អ៊ីតាលី Tele7Gold ថា៖ "បើ​តាម​គំនិត​ខ្ញុំ Ronaldo បាន​ចុះ​កុងត្រា​ជាមួយ Juventus ហើយ និង​បាន​ធ្វើ​ការ​ពិនិត្យ​សុខភាព​បាន​យ៉ាង​ជោគជ័យ​ហើយ​នៅ​ទីក្រុង Munich។ នេះ​បើ​តាម​អ្វី​ដែល​ខ្ញុំ​បាន​ដឹង បន្ទាប់​ពី​បាន​និយាយ​ជាមួយ​មនុស្ស​សំខាន់ៗ​មួយ​ចំនួន"។

ការ​ថ្លែង​របស់​អតីត​នាយក​ប្រតិបត្តិ​ក្លឹប Juventus ធ្វើ​ឡើង​បន្ទាប់​ពី​មួយ​រយៈ​ចុង​ក្រោយ​នេះ មាន​របាយការណ៍​ជា​ច្រើន​ចុះ​ផ្សាយ​ថា​ Juventus កំពុង​តាម​ទិញ Ronaldo ពី Real Madrid។ បើ​សេចក្ដី​រាយការណ៍​ចុង​ក្រោយ ក្លឹប​យក្ស​អ៊ីតាលី​បាន​ព្រម​ឲ្យ​ថ្លៃ ១០០ លាន​អឺរ៉ូ (ជាង ១១៦ លាន​ដុល្លារ​សហរដ្ឋអាមេរិក)។

កាល​ពី​ខែ​មករា​ឆ្នាំ​នេះ Ronaldo ធ្លាប់​បាន​និយាយ​ថា បើ​សិន​ជា​ក្លឹប Real Madrid ព្រម​ដាក់​តម្លៃ​ខ្លួន​ត្រឹម ១០០ លាន​អឺរ៉ូ មាន​ន័យ​ថា ក្លឹប​ឈប់ "ស្រលាញ់" ខ្លួន​ទៀត​ហើយ។

Ronaldo បាន​ចូល​រួម​ជាមួយ Real Madrid កាល​ពី​ឆ្នាំ ២០០៩។ ក្នុង​រយៈ​ពេល​ជាង ៩ ឆ្នាំ នៅ​ក្លឹប កីឡាករ​ស៊ុត​ចូល​សរុប ៤៥០ គ្រាប់ ក្នុង​ការ​បង្ហាញ​ខ្លួន ៤៣៨ ប្រកួត​ ហើយ​បាន​ជួយ​ក្លឹប​ឲ្យ​ឈ្នះ​ពាន​ធំៗ​ជា​ច្រើន៕

ប្រភព៖ Four Four Two   ប្រែ​សម្រួល៖ ហ៊ីម រស្មី