ព្យុះខ្លាំងបក់ទូកទេសចរចិននៅឆ្នេរភូកេត ក្រឡាប់បាត់ខ្លួនជិត៥០នាក់
- 2018-07-06 06:25:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ព្យុះខ្លាំងបក់ទូកទេសចរចិននៅឆ្នេរភូកេត ក្រឡាប់បាត់ខ្លួនជិត៥០នាក់
ចន្លោះមិនឃើញ
អាជ្ញាធរថៃ កំពុងខ្នះខ្នែងស្វែងរកមនុស្សចំនួន៤៩នាក់ទៀត ដែលបានបាត់ខ្លួនក្នុងហេតុការណ៍ក្រឡាប់ទូក១ នៅក្នុងសមុទ្រនៃខេត្តភូកេត កាលពីយប់ថ្ងៃទី៥កក្កដាម្សិលមិញ។ ក្នុងប្រតិបត្តិការនេះ អាជ្ញាធរ បានរកឃើញសាកសព១ នៅជិតទីតាំងដែលទូកលិច ហើយកំពុងតែពិនិត្យសាកសពនោះហើយ។
អភិបាលខេត្តភូកេត លោក Norapat Plodthong បាននិយាយថា ទូកដែលបានក្រឡាប់នោះឈ្មោះ Phoenix មានផ្ទុកអ្នកដំណើរ ៩៧នាក់ ក្នុងនោះ ៤៨នាក់ត្រូវបានជួយសង្គ្រោះរួចហើយ។ ទូកនេះបានលិចនៅជិតកោះ Koh Heh។ ភាគច្រើននៃអ្នកបាត់ខ្លួន គឺជាអ្នកទេសចរចិន និងមានជនជាតិរុស្ស៊ីផងដែរ។
បើតាមលោកអភិបាលខេត្ត មន្រ្តីផ្នែកសមុទ្រ បានរាយការណ៍ថា ទូកនោះត្រូវបានក្រឡាប់លិច ដោយសារខ្យល់ព្យុះដ៏ខ្លាំងមួយ ហើយលោកសន្និដ្ឋានថា ទូកនោះ នៅតែបន្តធ្វើដំណើរ បើទោះបីជាមានការព្រមានពីអាកាសធាតុរបស់អាជ្ញាធរក៏ដោយ។
លោក Norapat បានឱ្យដឹងថា ក្រៅពីទូកល្បាតចំនួន៣គ្រឿង ដែលត្រូវបានបញ្ជូនទៅរុករកអ្នកបាត់ខ្លួននោះ ទូកនេសាទជាច្រើនគ្រឿងទៀត នៅក្នុងតំបន់នោះ ក៏ត្រូវបានបញ្ជូនទៅស្វែងរកផងដែរ៕