តារាចម្រៀង២រូប បន់ស្រន់ឲ្យជប៉ុនចាកផុតពីគ្រោះភ័យ ពោរពេញដោយអត្ថន័យ
- 2018-07-11 07:26:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តារាចម្រៀង២រូប បន់ស្រន់ឲ្យជប៉ុនចាកផុតពីគ្រោះភ័យ ពោរពេញដោយអត្ថន័យ
ចន្លោះមិនឃើញ
ប្រទេសជប៉ុនបានរងគ្រោះនូវជំនន់ទឹកភ្លៀងអស់រយៈពេលជាច្រើនថ្ងៃមកហើយ ដោយគិតមកដល់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨នេះ អ្នកនាំពាក្យរដ្ឋាភិបាលជប៉ុន បានបញ្ជាក់ថា ចំនួនអ្នកស្លាប់ដោយសារគ្រោះទឹកជំនន់បានកើនឡើងដល់ ១៧៩នាក់ហើយ ខណៈ ៦៧នាក់ទៀតកំពុងបាត់ខ្លួន។
គ្រោះមន្តរាយនេះធ្វើប្រជាជននៅលើពិភពលោកចូលរួមសោកស្តាយ និងបន់ស្រន់ឲ្យជប៉ុនចាកផុតពីគ្រោះធម្មជាតិដែលបានឆក់យកជីវិតមនុស្ស បំផ្លាញហេដ្ឋរចនាសម្ព័ន្ធអស់ជាច្រើននេះ។ ក្នុងនោះសង្កេតឃើញតារាល្បីប្រចាំប្រទេសកម្ពុជា២រូបបានបង្ហោះរូបភាព និងពាក្យពេចន៍សម្តែងនូវការខ្លោចចិត្ត អាណិតជប៉ុនពោរពេញដោយអត្ថន័យ។
១.សុគន្ធ និសា៖ បានសម្តែងនូវសមានចិត្តអាណិតប្រជាជនជប៉ុន និងបួងសួងឲ្យប្រទេសជប៉ុនគេចផុសពីគ្រោះមហន្តរាយឆាប់ៗ និងសូមឲ្យគ្រប់គ្នាស្រលាញ់ធម្មជាតិ ដើម្បីចាកផុតពីគ្រោះភ័យ។ "ខ្ញុំក៏ភ្លៀង អ្នកក៏ភ្លៀង រដូវភ្លៀង ភ្លៀងដូចគ្នា ខ្ញុំសំណាងជាងអ្នក ខ្ញុំភ្លៀងសុខសាន្ត អ្នកភ្លៀងមានទុក្ខ ខ្ញុំភ្លៀងត្រជាក់ អ្នកភ្លៀងបារម្ភ មើលភ្លៀងស្រុកខ្ញុំ អាណិតស្រុកអ្នក ធ្វើខុសទាំងអស់គ្នា ដាក់ទោសតែម្នាក់ ខ្ញុំអាណិតអ្នកតែក៏ភ័យខ្លួនឯង"។
២.ណុប បាយ៉ារិទ្ធ៖ ក្នុងនាមជាប្រទេសមិត្តល្អ ធ្លាប់ផ្តល់ជំនួយដល់កម្ពុជា និងក្នុងនាមជាមនុស្សជាតិលើផែនដីតែមួយ លោកពិតជាសង្វេគចិត្ត និងចូលរួមសោកស្តាយចំពោះប្រជាជនជប៉ុន និងបួងសួងសូមប្រទេសឲ្យជប៉ុនបានរួចចាកផុតពីគ្រោះមហន្តរាយឆាប់ៗនេះ។ "ពួកយើងគឺជាមនុស្សដូចគ្នា ដូច្នេះហើយ យើងពិតជាសង្វេគចិត្តអាណិតអ្នកណាស់ ខ្ញុំនិងប្រជាជនកម្ពុជាទាំងមូលសូមចូលរួមសោកស្តាយ និងចូលរួមជាកម្លាំងចិត្តដល់អ្នក ប្រជាជនអ្នក និងជនរងគ្រោះព្រមទាំងក្រុមគ្រួសារ សូមឲ្យបានស្រាកស្រាន្តពីទុក្ខសោកដ៏ធំ នៃគ្រោះមហន្តរាយនៃធម្មជាតិមួយនេះ"។