ទិញផ្ទះបុរី ចង់បានតម្លៃថោក មកដឹង ៧ចំណុចនេះជាមុន កុំឲ្យទឹកភ្នែកថ្ងៃក្រោយ
- 2018-07-12 08:15:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទិញផ្ទះបុរី ចង់បានតម្លៃថោក មកដឹង ៧ចំណុចនេះជាមុន កុំឲ្យទឹកភ្នែកថ្ងៃក្រោយ
ចន្លោះមិនឃើញ
ការសម្រេចចិត្តទិញផ្ទះ ជារឿងដែលលោកអ្នកត្រូវតែគិតឲ្យបានគ្រប់ជ្រុងជ្រោយ ទើបមិនបណ្ដាលឲ្យស្ដាយនៅថ្ងៃក្រោយ។ ជុំវិញការសម្រេចចិត្តត្រឹមត្រូវ លោក វ៉ា វីរៈ អ្នកជំនាញអចលនទ្រព្យ បានលើកឡើងថា សម្រាប់អ្នកមានលទ្ធភាពទិញផ្ទះនៅបុរី មិនគួរសម្លឹងមើលតែតម្លៃ ព្រោះផ្ទះតម្លៃទាប ឬមធ្យមភាគច្រើន មិនមែនស្ថិតនៅទីប្រជុំជននោះទេ អ្វីដែលសំខាន់ត្រូវគិតដំបូងនោះគឺទីតាំង ថាតើវាសមល្មមសម្រាប់អ្នកធ្វើដំណើរបានកម្រិតណា។ បន្ទាប់មកទៅមើល៧ចំណុចដែលលោកអ្នកគួរពិចារណាខាងក្រោមនេះ៖
១. - ផ្លូវថ្នល់
ផ្លូវថ្នល់ ជាចំណុចមួយ ដែលលោកអ្នកគិតពិចារណា។ បើសិនលោកអ្នកជាអ្នកធ្វើការឬបុគ្គលិកក្រុមហ៊ុន គួរណាស់តែធ្វើដំណើរទៅផ្ទាល់ ក្រោយពីអ្នកបានរើសទីតាំងហើយ ដើម្បីដឹងលម្អិតផ្លូវធ្វើដំណើរ និងចរាចរណ៍តាមផ្លូវ មានឡានតូចធំ និងម៉ូតូឆ្លងកាត់ច្រើនប៉ុណ្ណា។
២. - អគ្គិសនី
ទីតាំងបុរីមួយចំនួន មិនទាន់តភ្ជាប់អគ្គិសនីរដ្ឋនៅឡើយ ដោយទិញអគ្គិសនីឯកជនមកជំនួសសិន។ ចំណុចនេះលោកអ្នកអាចសួរទៅខាងបុរី ថាគេបានភ្ជាប់អគ្គិសនីរដ្ឋ ឬឯកជន? ម្យ៉ាងការតភ្ជាប់អគ្គិសនីនៅបុរីខ្លះ គេដាក់ឲ្យប្រើប្រាស់មានកម្រិត មិនមែនប្រើតាមអំពើចិត្តនោះទេ។
៣. - ប្រព័ន្ធទឹកស្អាត
ប្រព័ន្ធទឹកស្អាតក៏សំខាន់ដូចគ្នា លោកអ្នកត្រូវដឹងច្បាស់ថាតំបន់ហ្នឹង មានតប្រព័ន្ធទឹក សម្រាប់ប្រើប្រាស់គ្រប់គ្រាន់ ឬយ៉ាងណា។
៤. - ប្រព័ន្ធលូ
មួយរិញទៀត គឺប្រព័ន្ធលូ មានប្រឡាយ ចំណុចនេះគឺសំខាន់ផងដែរ ដោយសារតែរាជធានីភ្នំពេញ តំបន់មួយចំនួនអាចប្រឈមនឹងការលិចទឹកភ្លៀងធ្ងន់ធ្ងរ ដូច្នេះលោកអ្នកគួរពិនិត្យឲ្យដល់កន្លែងសាងសង់ មើលពីប្រព័ន្ធរៀបចំលូ ថាតើវាហូរទៅប្រឡាយឬយ៉ាងណា? ម្យ៉ាងលោកអ្នកអាចសាកសួរប្រជាជននៅតំបន់ដែលអ្នកចង់ទិញផ្ទះនោះ ថាធ្លាប់លិចទឹកដែរទេ? ចុះភ្លៀងរយៈពេលចុងក្រោយនេះ មានស្ថានភាពយ៉ាងណា?
៥. - គុណភាពសំណង់
នេះជាចំណុចដែលសំខាន់សម្រាប់លោកអ្នកត្រូវដឹង ព្រោះក្រុមហ៊ុនសាងសង់បុរីមូយចំនួន ខ្វះការយកចិត្តទុកដាក់ទៅលើគុណភាពផ្ទះ ដោយហេតុថាចង់បានចំនួនផ្ទះសង់ច្រើន និងសាងសង់ឲ្យទាន់ថ្ងៃប្រគល់ដល់អតិថិជន។ ម្យ៉ាងក្រុមហ៊ុនខ្លះ មិនមែនសាងសង់ផ្ទាល់ទេ ដោយប្រកាសក្រុមម៉ៅការសំណង់ធ្វើ និងដាក់ដេញថ្លៃ ឲ្យតម្លៃសាងសង់ទាប ដែលជាហេតុផលមួយ ក្រុមម៉ៅការខ្លះ ធ្វើសំណង់គ្មានគុណភាព។ យ៉ាងណាមិញ ចំពោះរឿងនេះ លោកអ្នកបើបានសម្រេចចិត្តទិញហើយ ក៏ឧស្សាហ៍ទៅមើលផ្ទះពេលគេកំពុងសាងសង់ច្រើនដង ជាពិសេសពេលបុកធ្នឹម(សម្រាប់បុរី) តទុយោទឹកជាដើម និងគួរសាកសួរបន្ថែមពីជាងជំនាញពីសំណង់ផ្ទះផងដែរ។
៦. - ការប្រមូលសំរាម
ការទុកដាក់សំរាមជាចំណុចមួយ ក៏ត្រូវដឹងផងដែរ ព្រោះក្រុមហ៊ុនប្រមូលសំរាមបច្ចុប្បន្នមានតែមួយទេ ហើយតំបន់ខ្លះការប្រមូលសំរាមការមានការយឺតយ៉ាវ។ ដូចនេះ លោកអ្នកគួរដឹងពីតារាងពេលវេលាបញ្ចេញសំរាមជាមុន។
៧. ប្រព័ន្ធអ៊ីនធើណេត
សម័យនេះ ជាសម័យបច្ចេកវិទ្យា ដូចនេះតម្រូវការប្រើប្រាស់អ៊ីនធើណេតនៅផ្ទះ ក៏មិនគួរខ្វះផងដែរ ព្រោះតំបន់ខ្លះនៅឆ្ងាយខ្លាំងពេក មិនមានសេវាអ៊ីនធើណេតគ្រប់គ្រាន់ ហេតុដូច្នេះ បើលោកអ្នកជាអ្នកធ្វើការ មិនគួររំលងរឿងនេះឡើយ។ តែក្នុងនោះក៏មានបុរីមួយចំនួន មានកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនអ៊ីនធើណេត ដែលលោកអ្នកអាចភ្ជាប់ ឬមិនភ្ជាប់ស្រេចលើអ្នក តែមិនអាចហៅក្រុមហ៊ុនអ៊ីនធើណេតដទៃមកភ្ជាប់បានឡើយ។
ទន្ទឹមគ្នានេះ ក៏មានចំណុចមួយផ្សេងទៀត អ្នកធ្លាប់ទិញផ្ទះនៅបុរីបានចែករំលែក ជាក់ស្ដែងចំពោះ សន្តិសុខសុវត្ថិភាព សម្រាប់បុរីស្ដង់ដារខ្ពស់ គេមានរៀបចំសន្តិសុខយាមផ្លូវយ៉ាងម៉ត់ចត់ ដោយម្ចាស់ផ្ទះទាំងអស់ត្រូវស្គាល់លេខផ្ទះ និងផ្លូវរបស់ខ្លួន។ ដោយឡែកសម្រាប់បុរីទូទៅ ភាគច្រើនគេមានសន្តិសុខយាមមាត់ក្លោងទ្វារចូលប៉ុណ្ណោះ តែបើលោកអ្នកត្រូវការសុវត្ថិភាពផ្លូវជាប់ផ្លះផ្ទាល់ អាចស្នើក្រុមហ៊ុនបុរីដាក់សន្តិសុខយាមបន្ថែម តែត្រូវចំណាយថវិកាខ្លួនឯង៕