ឈប់ឈឺក្បាល​បើ iOS 11 នៅ​តែ​មាន​បញ្ហា មើល​ដំណោះស្រាយ​ខាងក្រោមនេះ

  • 2018-07-15 02:27:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជិត​មួយ​ឆ្នាំ​ ហើយ​ Apple បាន​ចេញ​ជំនាន់​ iOS 11 សម្រាប់​អំបូរ​ iPhone និង​ iPad។ ឆាប់ៗ​នេះ​ នឹង​អាច​ប្រើ​ជំនាន់​ iOS 12 សម្រាប់​ឆ្នាំ​ ២០១៨។​

បច្ចុប្បន្ន​ ជំនាន់​ផ្លូវការ​ចុងក្រោយ​គឺ​ iOS 11.4.1 ហើយ​នេះ​ជា​បញ្ហា​កម្សត់​កម្រ​ និង​វិធី​ដោះស្រាយ​។

បញ្ហា៖ ប៊ូតុង​លើ​ Control Center គាំង​ មិន​ដំណើរការ​។ ដំណោះស្រាយ​៖ ចូល​ទៅ​កាន់​ Settings > Control Center > Customize Controls ហើយ​លុប​ចោល​កម្មវិធី​គាំង​មិន​ដើរ​ ពី​ផ្នែក​ Include ដោយ​ចុច​ប៊ូតុង​សញ្ញា​ដក​ពណ៌ក្រហម​ ក្បែរ​នឹង​ឈ្មោះ​កម្មវិធី​។ បន្ទាប់​មក​បិទ​បើក​ Device។ ពេល​បើក​មក​វិញ​ តម្រង់​ទៅ​ Customize Controls រួច​បន្ថែម​កម្មវិធី​បាន​លុប​ពី​មុន​មក​វិញ​ ដោយ​ចុច​ប៊ូតុង​សញ្ញា​បូក​ពណ៌​បៃតង​ខាងឆ្វេង​កម្មវិធី​ពី​ផ្នែក​ More Controls។

បញ្ហា៖ Device កើន​កម្ដៅ​ ខុស​ធម្មតា​ត្រឹម​ប្រើ​កម្មវិធី​ធម្មតាៗ​។ ដំណោះស្រាយ​៖

  • បើ​កើន​កម្ដៅ​ ពេល​ប្រើ​កម្មវិធី​ជាក់លាក់​ណា​មួយ​ គួរ​សម្រាក​សិន​ ជាពិសេស​ហ្គេម​ប្រភេទ​ AR។
  • បិទ​ Location Services ដោយ​ចូល​ទៅ​កាន់​ Settings > Privacy > Location Service រួច​ចុច​ប៊ូតុង​បិទ​។ ក៏​អាច​បិទ​ Bluetooth ករណី​មិន​ប្រើ​ ចូល​ទៅ​កាន់​ Settings > Bluetooth ឬ ចុច​អូស​ឡើង​លើ​ Control Center ហើយ​ចុច​លើ​ icon Bluetooth។
  • អាច​បិទ​កម្មវិធី​កំពុង​ដំណើរការ​នៅ​ Background (ផ្ទៃ​ខាងក្រោយ​) ដោយ​ចុច​ពីរ​ដង​លើ​ប៊ូតុង​ Home រួច​អូស​ផ្ទាំង​កម្មវិធី​នានា​បាន​ឃើញ​ឡើង​លើ​។
  • បើ iPhone កើន​កម្ដៅ​ពេល​សាក​ថ្ម​ ដក​ចេញ​ភ្លាម​រង់ចាំ​បន្តិច​ឲ្យ​ត្រជាក់​ រួច​ដោត​សាក​វិញ​។
  • បើ​ប្រើ​សម្បក​ទូរសព្ទ​ អាច​ដោះ​ចេញ​សិន​។

បញ្ហា៖ ភ្ជាប់​ Wi-Fi មិន​ដំណើរការ​ ដំណោះស្រាយ​៖

  • ប្រាកដ​ថា​នៅ​ជិត​នឹង​ Router មាន​រលក​សញ្ញា​ពេញ​គួរ​សម​ រួច​ពិនិត្យ​បណ្ដាញ​ Wi-Fi ដោយ​ចូល​ទៅ​កាន់​ Settings > Wi-Fi ពិនិត្យ​មើល​ប្រាកដ​ថា​ភ្ជាប់​បណ្ដាញ​ត្រឹមត្រូវ​។ បន្ទាប់​មក​សាក​បិទ​បើក​ ទាំង​ Router និង​ iOS Device។
  • អាច​ចូល​ទៅ​កាន់​ Settings > General > Reset > Reset Network Settings បញ្ចូល​ពាក្យ​សម្ងាត់​ ដើម្បី​ធ្វើការ​សម្រួល​បណ្ដាញ​ Network ធ្លាប់​បាន​កំណត់​ពី​ដំបូង​។​

បញ្ហា៖ កម្មវិធី​ប្រើ​មិន​បាន​លើ​ iOS 11 ដោយសារ​កម្មវិធី​ជា​ប្រភេទ​ 32 bit ដំណោះស្រាយ​៖

  • អាច​ពិនិត្យ​មើល​កម្មវិធី​ណា​ជា​ប្រភេទ​ 32 bit ដោយ​ចូល​ទៅ​កាន់​ Settings > General > About > Applications ហើយ​បើ​កម្មវិធី​ប្រភេទ​ 32 bit បាន​ដំឡើង​ នឹង​ឃើញ​ប៊ូតុង​សញ្ញា​ព្រួញ​នៅ​ក្បែរ​ ចុច​លើ​នោះ​ នឹង​ឃើញ​បញ្ជី​កម្មវិធី​មិន​ទាន់​បាន​អាប់ដេត​។
  • បើ​ចូល​ដល់​ Tab Applications ចុច​លើ​នោះ​មិន​ឃើញ​ផ្ទាំង​អ្វី​នោះ​ទេ​ មាន​ន័យ​ថា​មិន​មាន​កម្មវិធី​ប្រភេទ​ 32 bit បាន​ដំឡើង​នោះ​ឡើយ​។

បញ្ហា៖ កម្មវិធី​គាំង​ ឬ​បិទ​ខុស​ប្រក្រតី​ ដំណោះស្រាយ​៖

  • ចូល​ទៅ​កាន់​ App Store និង​ចុច​លើ​ Tab Updates អាច​អាប់ដេត​បាន​ បើ​មាន​កំណែទម្រង់​លើ​កម្មវិធី​មាន​បញ្ហា​នោះ​។
  • លុប​ និង​ទាញ​យក​មក​វិញ​ ដោយ​ចុច​សង្កត់​ឲ្យ​ជាប់​លើ​ icon កម្មវិធី​ចុច​ប៊ូតុង​សញ្ញា​ខ្វែង​ រួច​ទាញ​យក​ពី​ App Store វិញ​។

បញ្ហា​៖ Touchscreen គាំង​ មិន​ដំណើរការ​ ដំណោះស្រាយ​៖

  • ប្រាកដ​ថា​បាន​ប្រើ​ជំនាន់​ iOS ចុង​ក្រោយ​។
  • ពិនិត្យ​មើល​ 3D Touch Sensitivity bar ដោយ​ចូល​ទៅ​កាន់​ Settings > General > Accessibility > 3D Touch បើ​ឃើញ​ Medium ឬ​ Firm setting គួរ​កំណត់​ទៅ​ជា​ Light ជំនួស​វិញ​។
  • បញ្ហា​នេះ​អាច​កើតឡើង​លើ​កម្មវិធី​ជាក់លាក់​ណា​មួយ​ ករណី​នេះ​ គួរ​បិទ​កម្មវិធី​ ដោយ​ចុច​ប៊ូតុង​ Home ពីរ​ដង​ រួច​អូស​ផ្ទាំង​កម្មវិធី​ឡើង​លើ​ផុត​ និង​បើក​ប្រើ​វិញ​ បើ​ត្រូវការ​។
  • អាច​សាក​បិទ​បើក​ Device។

បញ្ហា៖ មិន​អាច​ចូល​មើល​ App Store ដំណោះស្រាយ​៖

  • ចូល​ទៅ​កាន់​ General > Date & Time ចុច​ប៊ូតុង​បិទ​ Set Automatically ហើយ​កំណត់​កាលបរិច្ឆេទ​ខ្លួន​ឯង​។ នេះ​នឹង​ផ្លាស់ប្ដូរ​កាល​បរិច្ឆេទ​លើ​ Tab Today នៅ​ក្នុង​ App Store។​ រួច​ចូល​ទៅ​កាន់​ App Store ទុក​ចោល​ ៣ វិនាទី​ ត្រលប់​ទៅ​ Date & Time ហើយ​ចុច​ប៊ូតុង​បើក​ Set Automatically។ បន្ទាប់​មក​បិទ​កម្មវិធី​ App Store និង​បើក​វិញ​។
  • អាច​បិទ​បើក​ Device។
  • អាច​សាក​បើក​ Mobile Data ដោយ​ចូល​ទៅ​កាន់​ Settings > Cellular > ចុច​ប៊ូតុង​បើក​ត្រង់​ Cellular Data ហើយ​ពេល​អូស​ចុះ​ដល់​ App Store ប្រាកដ​ថា​បាន​ប៊ូតុង​បាន​បើក​ ឬ​អាច​សាក​បិទ​បើក​។

បញ្ហា៖ បញ្ជី​ទំនាក់ទំនង​ បែរ​ជា​បង្ហាញ​លេខ​ទូរសព្ទ​ជំនួស​វិញ​ ដំណោះស្រាយ​៖

  • ប្រាកដ​ថា​បាន​អាប់ដេត​ប្រើ​ជំនាន់​ iOS ចុង​ក្រោយ​។
  • បិទ​បើក​កម្មវិធី​ Message ចុច​ប៊ូតុង​ Home ពីរ​ដង​ អូស​ផ្ទាំង​កម្មវិធី​ឡើង​លើ​ផុត​ ហើយ​អាច​សាក​បិទ​បើក​ Device។
  • អាច​ចូល​ទៅ​កាន់​ Settings > Contacts > Short Name ហើយ​ចុច​ប៊ូតុង​បិទ​ និង​បើក​វិញ​។

បញ្ហា​៖ Touch ID គាំង​មិន​ដំណើរការ​ ដំណោះស្រាយ​៖

  • ចូល​ទៅ​កាន់​ Settings > Touch ID & Passcode រួច​ពិនិត្យ​មើល​ប្រាកដ​ថា​ iPhone Unlock or iTunes & App Store settings បាន​បើក​ ហើយ​ក៏​ប្រាកដ​ថា​បាន​ចុះ​ឈ្មោះ​ប្រើ​ Fingerprints។
  • បើ​បាន​ចុះ​ឈ្មោះ​ Fingerprint ហើយ​ អាច​សាក​ប្រើ​ម្រាម​ដៃ​ផ្សេង​ទៀត ជាមួយ​ជម្រើស​ Add a Fingerprint​។
  • អាច​សាក​លុប​ ឬ​បើក​ប្រើ​ Touch ID fingerprint ម្ដង​ទៀត​ ដោយ​ចូល​ទៅ​កាន់​ Settings > Touch ID & Passcode ហើយ​បញ្ចូល​ពាក្យ​សម្ងាត់​។ បន្ទាប់​មក​ជ្រើសរើស​ Fingerprint ធ្លាប់​មាន​ ចុច​ Delete Fingerprint អាច​ធ្វើ​ដូចគ្នា​ លុប​រាល់​ Fingerprint បាន​ប្រើ​។ ហើយ​អាច​ចុច​ Add a Fingerprint ដើម្បី​បន្ថែម​ថ្មី​។​

បញ្ហា៖ ស៊ី​ថ្ម​ខ្លាំង​លើ​ iPhone ចាស់​ ដំណោះស្រាយ​៖

  • អាប់ដេត​ប្រើ​ជំនាន់​ iOS ចុងក្រោយ ហើយ​ត្រួត​ពិនិត្យ​មើល​ថ្ម​ ដោយ​ចូល​ទៅ​កាន់​ Settings > Battery > Battery Health (Beta)។ បើ​ឃើញ​សារ​ Your battery is currently supporting normal peak performance ប្រហែល​ត្រូវ​ពិចារណា​ប្ដូរ​ថ្ម​ថ្មី​ហើយ​។
  • រក​មើល​កម្មវិធី​ដែល​ស៊ី​ថ្ម​ខ្លាំង​ជាងគេ​ ដោយ​ចូល​ទៅ​កាន់​ Settings > Battery ហើយ​ត្រង់​ផ្នែក​ Battery Usage អាច​ដឹង​ពី​ភាគរយ​ថាមពល​ថ្ម​កម្មវិធី​បាន​ប្រើប្រាស់​ ងាយស្រួល​គិត​គូរ​លុប​ ឬ​ទុក​។​

បញ្ហា៖ ស៊ី​ថ្ម​ខ្លាំង​ក្រោយ​អាប់ដេត​ទៅ​កាន់​ iOS 11.4 ដំណោះស្រាយ​៖ បញ្ហា​នេះ​បាន​ដោះស្រាយ​លើ​ iOS 11.4.1 ប្រាកដ​ថា​បាន​អាប់ដេត​ជំនាន់​ iOS ចុង​ក្រោយ ដោយ​ចូល​ទៅ​កាន់​ Settings > General > Software Update បើ​មាន​ជម្រើស​អាប់ដេត​ អាច​ចុច​លើ​ Download and Install។

បញ្ហា៖ QR Code ក្នុង​កម្មវិធី​កាមេរ៉ា​ អាច​ផ្ដល់​នូវ​វេបសាយ​មាន​មេរោគ​, ទទួល​បាន​សារ​មាន​អក្សរ​ពិសេសៗ ​ធ្វើ​ឲ្យ​គាំង​កម្មវិធី​, សារ​ និង​ផ្ទាំង​ Notification បាត់​ពី​ Lock screen, វាយ​អក្សរ​ I ចេញ​អក្សរ​ A, មិន​អាច​ផ្ញើ​អ៊ីមែល​ជាមួយ​ Outlook ដំណោះស្រាយ៖ បញ្ហា​ទាំង​នេះ​ គួរ​ប្រាកដ​ថា​បាន​អាប់ដេត​ប្រើ​ជំនាន់​ចុង​ក្រោយ​។

បញ្ហា៖ ពន្លឺ​អេក្រង់​បើក​ តែ​ Device នៅ​ងងឹត​ ដំណោះស្រាយ​៖

  • ចូល​ទៅ​កាន់​ Settings > General > Accessibility > Display Accommodations រួច​នឹង​ឃើញ​ចំណុច​ Reduce White Point នៅ​ផ្នែក​ខាងក្រោម​ អាច​ចុច​ប៊ូតុង​បើក​ និង​កំណត់​ឲ្យ​ភ្លឺ​ជាង​នេះ​ ឬ​បិទ​មុខងារ​មិន​ប្រើ​ ៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ DigitalTrends   ប្រែ​សម្រួល៖ ប៊ុនធឿន