ពេលនេះ ទឹកជន់លិចនៅខេត្តចំនួន០៣ និងកំណាត់ផ្លូវជាតិលេខ៤ នៅតែបិទមិនឲ្យធ្វើដំណើរ

  • 2018-07-18 03:19:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ឯកឧត្ដម​ ចាន់ យុត្ថា​ ​អ្នក​នាំពាក្យ​ក្រសួង​ធនធាន​ទឹក​ បញ្ជាក់​ប្រាប់​ Sabay ​ខេត្ត​ដែល​កំពុង​រងទឹក​ជំនន់​​ធ្ងន់ធ្ងរ​​ទៅ​​តំបន់​មួយ​ចំនួន​នៅ​បណ្ដា​​​ខេត្ត​បាត់ដំបង​ ខេត្ត​កោះកុង ​ខេត្ត​កំពង់​ស្ពឺ​ និង​រួម​ទាំង​កំណាត់​ផ្លូវ​ជាតិ​លេខ៤​។

​តាម​ការ​រៀប​រាប់​របស់​អ្នកនាំ​ពាក្យ​ឲ្យដឹង​ថា ខេត្ត​បាត់​ដំបង​​​​ ​ទឹក​ហូរ​ខ្លាំង​​ចេញ​ពី​ដង​​ស្ទឹង​សង្កែ​ ​បាន​ជន់​លិច​ស្រុក​មួយ​ចំនួន ក្នុង​ស្រុក​បាណន់​បាន​ជន់​លិច​​​​រយៈ​ពេល​ ២សប្ដាហ៍​មក​ហើយ​​ ព្រោះ​​តែ​ជា​តំបន់​ទំនាប​ផង​ ប៉ុន្តែ​ក្រសួង​ថា​ទឹក​ត្រូវ​បាន​ហូរ​ទៅ​ប្រឡាយ​ និង​ព្រែក​ ដែល​មិន​ធ្វើ​​ឲ្យ​លិច​ប៉ះ​ពាល់​ដល់​ស្រុក​ផ្សេង​​​នោះ​ទេ​។

​ចំណែក​ខេត្ត​កោះកុង ​ទឹក​ហក់​ឡើង​ខ្លាំង​ ​ដោយ​សារ​​ទឹក​ភ្លៀង​នា​ថ្ងៃ​ទី ១៧ ខែ​កក្កដា ឆ្នាំ ២០១៨ នេះ ។ ការ​ជន់​ឡើង​នេះ​ គឺបាន​លិច​ចូល​ដល់​ភូមិឋាន​ប្រជាពលរដ្ឋ​នៅ​តាម​មាត់​ព្រែក​ ស្ថិត​ក្នុង​ឃុំ​ត្រពាំង​រូង ​ស្រុក​កោះកុង និង​ឃុំ​ប៉ាក​ខ្លង​ ស្រុក​មណ្ឌល​សីមា​នៅ​ចំណុច ​៣០៣ (ព្រំដែនកម្ពុជា-ថៃ)​ ខេត្ត​កោះកុង។​

​ខេត្ត​កំពង់ស្ពឺ​ ទឹក​ជំនន់​ដោយ​ទឹក​ភ្លៀង​ បាន​បណ្ដាល​ឲ្យ​ស្រុក​មួយ​ចំនួន​នៅ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៤​។មក​ដល់​ព្រឹក​ថ្ងៃ​ទី ១៨ ​ខែ​កក្កដា​ ឆ្នាំ ២០១៨​ ​​ត្រង់​ចំណុច​ស្ពាន​សំរោង​ ឃុំ​អូរ​បាក់​រទេះ ​ស្រុក​កំពង់​សីលា​ ខេត្ត​ព្រះសីហនុ​ ទឹក​បុក​មកពី​​ភ្នំ​ ​កំពុង​​ជន់​លិច​ខ្លាំង​​លើ​កំណាត់​​ផ្លូវ​ជាតិ​លេខ​៤ ​​​​​​​​​​ ខណៈ​ស្ថានភាព​ទឹកជំនន់​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ ៤ ​ត្រង់​ចំណុច​ស្ពាន​អូរគគី​ បាន​ស្រក​ចុះ​វិញ​ជា​បណ្តើរ​ៗ​ហើយ។

ជាមួយគ្នានេះ ក្រសួង​បាន​អំពាវនាវ​ឲ្យ​ ប្រជាពលរដ្ឋ​ដែល​ជា​ប្រជា​នេសាទ និង​អ្នក​ធ្វើ​ដំណើរ​តាម​សមុទ្រ បង្កើន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់ ដើម្បី​ជៀស​គ្រោះ​ថ្នាក់​ផ្សេង​ដែល​អាច​កើត​មាន​ជា​យថា​ហេតុ ក្រោយបានជូនដំណឹងការព្យាករអាកាសធាតុនៅយប់ថ្ងៃទី ១៧ កក្កដា ថា​ ខ្យល់​មូសុង​និរតី​ខ្លាំង នៅ​តែ​បន្ត​មាន​ឥទ្ធិពល​មក​លើ​កម្ពុជា ខណៈ​សម្ពាធ​ទាប​សកម្ម​មួយ​នៃ​ប្រព័ន្ធ​សម្ពាធ​ទាប បាន​និង​កំពុង​បង្កើន​ឥទ្ធិពល​លើ​តំបន់​ផ្ទៃ​រង​ទឹក​ភ្លៀង​ទន្លេ​មេគង្គ​ក្នុង​ប្រទេស​ថៃ​ និង​ប្រទេស​ឡាវ។

តំបន់ដែលរងឥទ្ធិលពលមាននៅ​ខេត្ត​ជាប់​សមុទ្រ ជា​ពិសេស កោះ​កុង និង​ខេត្ត​ព្រះសីហនុ និងបណ្ដាខេត្ត-រាជធានីផ្សេងៗនឹង​មាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ក្នុង​កម្រិត​ពី​តិច​ទៅ​បង្គួរ។

ខាង​ក្រោម​ជា​រូប​ថត​នៃ​ការ​បង្ហោះ​ផ្លូវ​ការ​អំពី​ការ​ព្យាករណ៍​អាកាសធាតុ​របស់​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម៖

អត្ថបទ៖ ស៊ិន សាវ៉េត

រូបភាព៖ ក្រសួងធនធានទឹក