ក្រុម​ការងារ​ Guinness World Records​ នឹង​វិល​មក​កម្ពុជា​ឆាប់​ៗ​នេះ

  • 2018-07-18 08:40:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ការងារ​បំបែក​កំណត់​ត្រា​ឯតទគ្គ​កម្ម​​ពិភពលោក (Guinness World Records)​នឹង​វិល​មក​កាន់​កម្ពុជា​ជាថ្មី​ម្តង​ទៀត​នៅ​​ចុង​ខែ​សីហា ឆ្នាំ​​២០១៨ ខាង​មុខ ដើម្បី​មក​វិនិច្ឆ័យ​ផ្ដល់​ជូន​កំណត់ត្រា​ដល់​ទូក​ “ង” វែង​ជាង​គេ​របស់​កម្ពុជា។

ទូក ង វែង​ជាង​គេ​របស់​កម្ពុជា ត្រៀម​បំបែក​កំណត់ត្រា​ពិភពលោក​

លោក ងិន ប៉ាណាល់ អនុប្រធាន​គណៈកម្មការ​ផលិត​ទូក​វែង​ជាង​គេ​ បាន​ឱ្យ​ដឹង​ថា គិត​មក​ដល់​ពេល​នេះ​ការផលិត​ទូក​វែង​ជាង​គេ​សម្រេច​បាន​​៩០% ហើយ​​​គ្រោង​បញ្ចប់​ការផលិត​នៅ​ចុង​ខែ​នេះ។ បន្ទាប់​ពី​ចប់​ការ​ផលិត​​​ក្រុម​ការងារ​​​នឹង​​​យក​ទៅ​បណ្ដែត​ទឹក និង​​​​អុំ​សាកល្បង​សិន មុន​ការ​មក​ដល់​របស់​​ក្រុម​ការងារ​បំបែក​ត្រា​ពិភព​លោក​ចុះ​វិនិច្ឆ័យ​នៅ​ចុង​ខែ​សីហា។

លោក ងិន ប៉ាណាល់

“​អញ្ចឹង​យើ​ង​ត្រូវ​តេស្ត​ផ្ទៃក្នុង​ខ្លួន​យើង​សិន​​ ដើម្បី​ឱ្យ​​ដឹង​ថា ទូក​អាច​អុំ​បាន​​ឬ​យ៉ាង​ម៉េច?​ យើង​​អាច​មាន​ពេល​​កែកុន​​ចាប់​ពីដើម​ខែ​​ក្រោយ​រហូត​ដល់​ពាក់​កណ្ដាល​ខែ​សីហា មុន​​ក្រុម​ការងារ​បំបែក​កំណត់​ត្រា​ចុះ​មក​”។  

ទូក “ង”​ វែង​ជាង​គេ​នេះ មា​នប្រវែង៨៥​,៥ម៉ែត្រ ទទឹ​ង១,៥៥ម៉ែ​ត្រ ដាក់ចំណុះ​ទូក​បាន ១៧៩នាក់។ ក្បាល​ទូក​ឆ្លាក់​ចេញ​ជា​ក្បាល​នាគ កន្ទុយ​ឆ្លាក់​ចេញ​ជា​កន្ទុយ​ហង្ស។ លោក​ ងិន ប៉ាណាល់​​ ឱ្យ​ដឹង​ទៀត​ថា ក្បាច់​រចនា​ផ្កា​ភ្ញី​ឆ្លាក់​នៅ​លើ​ទូក​ “ង” នេះ​ក៏​បាន​ឆ្លង​យោបល់​​​ពី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​ផង​ដែរ​។ ការ​ផលិត​ទូក “ង” គឺជា​ការ​បង្ហាញ​ពី​ប្រវត្តិ​ដ៏​យូរ​លង់ នៃ​ការ​ផលិត និង​ការ​ប្រើប្រាស់​ទូក​របស់​ខ្មែរ​តាំង​ពី​សម័យ​បុរាណ និង​ជួយ​លើក​តម្កើង​កិត្យានុភាព​ជាតិ ដោយ​បង្ហាញ​ឲ្យ​ពិភពលោក​ទាំង​មូល​បាន​ដឹង​កាន់តែ​ច្បាស់​ថា កម្ពុជា​អាច​បង្កើត​ស្នាដៃ​ដ៏​អស្ចារ្យ​មួយ​បាន​ មិន​ត្រឹមតែ​កសាង​ប្រាសាទ ដ៏​អស្ចារ្យ​របស់​មហា​វីរក្សត្រ​ជំនាន់​មុន​ទេ ប៉ុន្តែ​កូនខ្មែរ​ជំនាន់​ក្រោយ​ក៏​អាច​សាង​បាន​ភាព​អស្ចារ្យ​របស់​ខ្លួន​ដោយ​ឡែក​បាន​ដែរ។

 

“​សម្រាប់​ខ្ញុំ​ ខ្ញុំ​គិត​ថា យើង​អាច​បំបែក​បាន​ព្រោះ​​បាន​ពិភាក្សា និង​ឯក​ភាព​ជាមួយ​នឹង​ក្រុម​ការងារ​ផ្នែក​បំបែក​កំណត់​ត្រា ​​ទាក់ទង​នឹង​បច្ចេកទេស​នៃ​ការ​ធ្វើ​ ហើយ​ប្រវែង​អី​បាន​ឯកភាព​​ចុះ​ជា​កិច្ច​សន្យា​រួច​ហើយ​។ ដូច្នេះ​សម្រាប់​ខ្ញុំ​នឹង​ក្រុម​ការងារ​សប្បាយ​ចិត្ត​មែន​ទែន​​ ដោយ​យើង​បាន​រួម​ចំណែក​មួយ​ផ្នែក​​សម្រាប់​ផលិត​ទូក​នេះ​​ឡើង​​​ជា​ការ​បង្កើន​កិត្យានុភាព​ជាតិ​យើង ហើយ​បើ​យើង​បក​​មក​វិញ​​ថ្ងៃ​ទី​១ ដែល​ថ្ងៃ​ដឹក​ឈើ​មក​ដំបូង​​យើង​ក៏​មិន​នឹក​ស្មាន​ថា​អាច​ផលិត​ទូក​មួយ​សម្បើម​មែនទែន​”។

ទូក ង​ ​វែង​ជាង​គេ​នេះ សហភាព​​សហព័ន្ធ​​យុវជន​​កម្ពុជា​​ខេត្ត​ព្រៃវែង​បាន​ធ្វើ​ក្រុង​ពាលី កាលពី​ថ្ងៃ​ទី៨ ខែ​មេសា ឆ្នាំ​២០១៨ ដើម្បី​ចាប់​ផ្ដើម​ដំណើរ​ការ​ធ្វើ​ ។ គួរ​​បញ្ជាក់​​ថា ​ទូក ង ដែល​​វែង​​ជាង​​គេ​​លើ​ពិភព​​លោក​​នា​ពេល​បច្ចុប្បន្ន ​គឺជា​​​ទូ​ក​​របស់​​ប្រទេស​​ចិន ​ដែល​​មាន​​ប្រវែង ៧៧,៨​ម៉ែត្រ ​ដោយ​​បា​ន​​បំបែក​ឯតទគ្គកម្ម​​កាលពី​​ឆ្នាំ​​២០១៧៕

អត្ថបទ៖ សុផល

រូបថត៖ ផ្ដល់​ឲ្យ​