ក្មេងៗ និងគ្រូបង្វឹកថៃជាប់រូងភ្នំទាំង ១៣ ពេលនេះបានចេញពីមន្ទីរពេទ្យហើយ និងឆ្លើយសំណួរមួយចំនួនទៅអ្នកសារព័ត៌មាន
- 2018-07-18 14:15:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្មេងៗ និងគ្រូបង្វឹកថៃជាប់រូងភ្នំទាំង ១៣ ពេលនេះបានចេញពីមន្ទីរពេទ្យហើយ និងឆ្លើយសំណួរមួយចំនួនទៅអ្នកសារព័ត៌មាន
ចន្លោះមិនឃើញ
ក្មេងៗ និងគ្រូបង្វឹកបាល់ទាត់ថៃទាំង ១៣ ដែលបានជាប់ក្នុងល្អាងភ្នំថាំហ្លួង អស់ពេលជាង ២ សប្ដាហ៍ ត្រូវបានជួយសង្គ្រោះដោយជោគជ័យ កាលពីសប្ដាហ៍មុន។ ក្នុងល្ងាចថ្ងៃនេះ ពួកគេបានចាកចេញពីមន្ទីរពេទ្យហើយ និងបានចូលរួមឆ្លើយសំណួរមួយចំនួនក្នុងសន្និសីទសារព័ត៌មាន។
នៅក្នុងសន្និសីទសារព័ត៌មានដែលត្រូវបានធ្វើឡើងនៅម៉ោង ៦ ល្ងាចនេះ មានសំណួររហូតដល់ទៅ ១០០ ឯណោះត្រូវបានដាក់ជាមុនដោយអ្នកសារព័ត៌មាន ឲ្យទៅអាជ្ញាធរថៃ និងក្រុមគ្រូពេទ្យចិត្តសាស្ត្រ។ យ៉ាងនេះក្ដី មានតែសំណួរជ្រើសរើសមួយចំនួនប៉ុណ្ណោះ ត្រូវបានសួរក្នុងអំឡុងសន្និសីទសារព័ត៌មាន ហើយភាគច្រើន គ្រូបង្វឹក Ekaphol Chantawong (ហៅដោយខ្លីថា Ake) ជាអ្នកឆ្លើយ។
ខាងក្រោមជាចំណុចសំខាន់ៗមួយចំនួន ដែលបានកើតឡើងក្នុងអំឡុងសន្និសីទសារព័ត៌មានដែលមានរយៈពេល ៤៥ នាទី ៖
១.ក្មេងៗ និងគ្រូបង្វឹកទាំង ១៣ ត្រូវបានគេប្រទះឃើញក្នុងសុខភាពល្អ និងសប្បាយរីករាយ។ ពួកគេទាំងអស់សុទ្ធតែបញ្ជាក់ថា ពួកគេបានព្រមព្រៀងទៅរូងភ្នំថាំហ្លួង មិនមាននរណាបង្ខំនរណាឡើយ។ ពួកគេក៏បានធ្វើការសុំទោសឪពុកម្ដាយរបស់ពួកគេ ចំពោះហេតុការណ៍មួយនេះ។
២.គ្រូបង្វឹក Ake បាននិយាយថា ខ្លួន និងក្មេងៗទាំង ១២ មានអារម្មណ៍ "ខុសឆ្គង" មែនទែន បន្ទាប់ពីដឹងថា ទាហានជើងទឹកថៃ Saman Kunan បានបាត់បង់ជីវិតក្នុងបេសកកម្មជួយសង្គ្រោះខ្លួន។ គ្រូបង្វឹករូបនេះ បន្តថា ក្មេងៗគ្រោងបួសនៅថ្ងៃខាងមុខ ដើម្បីសម្ដែងការដឹងគុណដល់លោក Kunan។
៣.នៅពេលទឹកឡើងរហូតដល់ ៣ ម៉ែត្រ ពួកគេបានជីកចូលកាន់តែជ្រៅក្នុងរូងភ្នំ ដើម្បីស្វែងរកកន្លែងសុវត្ថិភាព។ មុនពេលពួកគេត្រូវបានអ្នកហែលទឹកជនជាតិអង់គ្លេសប្រទះឃើញ ទឹកជាអាហារតែមួយមុខគត់របស់ពួកគេ។
៤.គ្រូបង្វឹក Ake បាននិយាយថា ក្មេងៗសុទ្ធតែចេះហែលទឹក និងបដិសេធរបាយការណ៍ផ្សេងទៀតដែលបានចុះផ្សាយខុសពីនេះ។
៥.មិនមានក្មេងៗណា ចង់ចេញពីល្អាងភ្នំមុនគេនោះទេ នៅពេលក្រុមអ្នកជួយសង្គ្រោះសួររកអ្នកស្ម័គ្រចិត្ត។ គ្រូបង្វឹក Ake បាននិយាយ៖ "មិនមាននរណាចង់ប្រជែងដើម្បីចេញពីល្អាងភ្នំមុនគេនោះ ពីព្រោះពួកយើងសុទ្ធតែមានទំនាក់ទំនងជិតស្និទ្ធជាមួយគ្នា"។
៦.ប្រព័ន្ធផ្សព្វផ្សាយ និងអ្នកសារព័ត៌មានត្រូវបានអាជ្ញាធរថៃអំពាវនាវកុំធ្វើសកម្មភាពរំខានដល់ពេលវេលារបស់ក្មេងៗ និងគ្រូបង្វឹកទាំង ១៣ ជាមួយក្រុមគ្រួសាររបស់ពួកគេ។
៧. ស្ថានភាពសុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់ក្មេងៗទាំង ១២ ត្រូវបានគ្រូពេទ្យចិត្តសាស្ត្រម្នាក់ថា "ល្អគួរសម"។
៨. ក្នុងចំណោមក្មេងៗទាំង ១២ មាន ៤ នាក់ដែលជាមនុស្ស "គ្មានរដ្ឋ"។ ពួកគេនឹងត្រូវបានផ្ដល់សញ្ជាតិថៃ។ មន្ត្រីថៃម្នាក់បានបញ្ជាក់ថា ឯកសារពាក់ព័ន្ធទាក់ទងនឹងរឿងនេះ ត្រូវបានធ្វើឡើងរួចរាល់ហើយ៕