ជិះយន្តហោះលើកដំបូង បើមិនដឹងរឿងទាំងនេះពេលឡើងពេលចុះ ម៉េមម៉ាមពេញព្រលាន
- 2018-07-21 03:00:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជិះយន្តហោះលើកដំបូង បើមិនដឹងរឿងទាំងនេះពេលឡើងពេលចុះ ម៉េមម៉ាមពេញព្រលាន
ចន្លោះមិនឃើញ
ធ្វើដំណើរតាមយន្តហោះមិនងាយស្រួលដូចរថយន្តក្រុង គ្រាន់តែទិញសំបុត្រឡើយឡើងជិះនោះទេ ត្រូវបំពេញបែបបទច្រើនដំណាក់កាលទម្រាំបានឡើងអង្គុយ ហើយពេលចុះចតវិញក៏ត្រូវយល់ពីបែបបទមួយចំនួនទៀត ទើបអាចបោះជំហានចូលទឹកដីគេបាន។ តទៅនេះ គឺជាការចែករំលែកបទពិសោធន៍ពីកញ្ញារូបស្រស់ គង់ ច័ន្ទវ៉ាន់ណេង ធ្លាប់ហោះហើរតាមយន្តហោះញយដង ពីដំណាក់កាលទាំង១៣ពេលឡើង និងពេលចុះយន្តហោះ។
**១ ការសុំវីសា**
បើសិនជាអ្នកទៅលេងប្រទេសដែលតម្រូវឱ្យសុំវីសាជាមុនដូចជាសហភាពអឺរ៉ុប និងប្រទេសអាស៊ីមួយចំនួនដូចជាជប៉ុន តៃវ៉ាន់ កូរ៉េជាដើម អ្នកត្រូវសុំទិដ្ឋាការនៅតាមស្ថានទូតជាមុន។ ចំពោះបែបបទផ្សេងៗ គឺអាស្រ័យលើលក្ខខណ្ឌរបស់ស្ថានទូតនីមួយៗ។ ប៉ុន្តែបើអ្នកទៅលេងថៃ ម៉ាឡេស៊ី ឬសិង្ហបុរីជាដើម អ្នកមិនចាំបាច់បារម្ភពីរឿងសុំទិដ្ឋាការនោះទេ។
២ ការកក់សំបុត្រយន្តហោះ
អ្នកត្រូវជ្រើសរើសក្រុមហ៊ុនណាមួយដើម្បីធ្វើការកក់សំបុត្រយន្តហោះ ទៅតាមតម្លៃដែលអ្នកអាចទទួលយកបាន។ ពេលកក់រួចខាងក្រុមហ៊ុនទេសចរណ៍នឹងចេញ Ticket Booking ឱ្យអ្នក។ អ្នកអាចPrint វាចេញមក ឬរក្សាទុកក្នុងទូរសព្ទដៃតែមួយមុខក៏បាន។
៣ ត្រូវទៅដល់ព្រលានឱ្យបានមុនពីរម៉ោង
ការទៅដល់ព្រលានមុនម៉ោងហោះហើរពីរម៉ោង អាចជួយសម្រួលពេលវេលាហោះហើររបស់អ្នកឱ្យទាន់ម៉ោង ព្រោះមានដំណាក់កាលច្រើនដែលអ្នកត្រូវឆ្លងកាត់ រឹតតែយ៉ាប់បើសិនជានៅថ្ងៃដែលអ្នកហោះ មានមនុស្សច្រើន។
៤ បង្ហាញTicket Booking ដើម្បី Check-in
រកមើលលើកញ្ចក់ទូរទស្សន៍ (Monitor) ណាដែលlogo នៃជើងហោះហើរដែលអ្នកជិះ ហើយចូលទៅCheck in នៅកន្លែងនោះ។ ជួនកាល អ្នកគ្រាន់តែហុចលិខិតឆ្លងដែនឱ្យបុគ្គលិកព្រលាន គេនឹងចេញ Boarding Pass ឱ្យអ្នកហើយ តែជួនកាលគេក៏ទាមទារ Ticket Booking ដែរ ដូច្នេះអ្នកគ្រាន់តែបង្ហាញក្រដាសដែលអ្នកបានពីក្រុមហ៊ុនលក់សំបុត្រយន្តហោះ ឬបង្ហាញទូរសព្ទដែលបានសេវរូបនោះជាការស្រេច។ បុគ្គលិកព្រលាននឹងរៀបចំលេខកូដផ្សេងៗ បិតលើវ៉ាលីសរបស់អ្នក។ គួរបញ្ជាក់ដែរថា នៅលើBoarding Pass ដែលអ្នកតែងតែឃើញបង្ហោះពាសពេញហ្វេសប៊ុក គឺសំខាន់ណាស់ ត្រូវរក្សាវាឱ្យជាប់រហូតទាល់តែអ្នកបានទៅអង្គុយលើយន្តហោះ បើហ៊ានតែបាត់ គឺស្មើនឹងអត់បានទៅ។
៥ ដកលុយពន្ធ
សម្រាប់អ្នកកាន់លិខិតឆ្លងដែនសញ្ជាតិខ្មែរ ត្រូវដកលុយពន្ធ ៧ដុល្លារសម្រាប់មនុស្សធំ និង ៣ដុល្លារសម្រាប់កូនក្មេង នៅបញ្ជរCAB។ អ្នកអាចសួរបុគ្គលិកព្រលានពីទីតាំងរបស់ CAB។
៦. បំពេញបែបបទ
បន្ទាប់មកទៀត អ្នកនឹងត្រូវឡើងជណ្ដើរយន្ត ដោយត្រូវបញ្ហាញលិខិតឆ្លងដែននិង Boarding Pass ទៅភ្នាក់ងារដែលឈរនៅមាត់ជណ្ដើរតែម្ដង។ រួចឡើងទៅជាន់ខាងលើ ពេលទៅដល់អ្នកនឹងឃើញមន្ត្រីចាំចែកលិខិតស្នើសុំចេញពីប្រទេសកម្ពុជា។ អ្នកត្រូវបំពេញលិខិតនោះតាមការទាមទារនៃបែបបទអន្តោប្រវេសន៍ ដែលគេទាមទារទាំងលេខយន្តហោះទៀត អ្នកអាចរកលេខយន្តហោះនៅលើ Boarding Pass។ រួចហើយភ្ជាប់វាជាមួយលិខិតឆ្លងដែន ដើរទៅកន្លែងមន្ត្រីអន្តោប្រវេសន៍វាយត្រា។ ពេលវាយត្រារួចមានន័យថា អ្នកចាកចេញពីប្រទេសកម្ពុជាហើយ។
៧ ពិនិត្យអីវ៉ាន់យួរដៃម្ដងទៀត
អីវ៉ាន់យួរដៃជាទូទៅមិនត្រូវលើសពី៧គីឡូក្រាមនោះទេ ហើយក៏ហាមឃាត់មិនឱ្យផ្ទុកសារធាតុរាវដូចជាទឹកអប់ ទឹកបរិសុទ្ធ សារធាតុឆេះដូចជាឡេ ដែកកេស និងវត្ថុមុតស្រួចដូចជាកន្ត្រៃ កាំបិត ឡាមកោរពុកមាត់ និងវត្ថុដែលអាចបង្ករគ្រោះថ្នាក់ផ្សេងទៀតៗ។ បើមាននោះមន្ត្រីព្ររលានមានសិទ្ធិចោលក្នុងធុងសម្រាម។ ដោះគ្រឿងស្ពាន់ចេញពីខ្លួនដូចជា នាឡិកា ខ្សែក្រវ៉ាត់ អាវធំដាក់លើកន្ត្រមួយដោយលែក ស្បែកជើងនៅកន្ត្រកមួយដោយឡែក ដើម្បីម៉ាស៊ីនស្វ័យប្រវតិ្តពិនិត្យ។ ហើយអ្នកខ្លួនឯងត្រូវដើរកាត់ម៉ាស៊ីនស្កែនមួយ បើមានករណីពុំប្រក្រតីណាមួយ មន្ត្រីព្រលាននឹងប្រើដំបងពិនិត្យខ្លួនអ្នកម្ដងទៀត។ ក្នុងនោះដែរ ចំពោះ Power Bank Laptop ហាមដាក់ក្នុងវ៉ាលី គឺគេតម្រូវឲ្យដាក់ក្នុងឥវ៉ាន់យួរដៃ។
៨. Gate
ពេលនោះអ្នកនឹងឃើញហាងលក់អីវ៉ាន់ជាច្រើននៅក្នុងព្រលាន បើសល់ពេលអ្នកអាចទិញបានតាមចិត្តចង់ បើមិនសល់ពេលអ្នកត្រូវប្រញាប់ទៅGateរបស់អ្នក។ លេខGateគឺមាននៅក្នុង Boarding Pass អ្នកត្រូវអង្គុយរង់ចាំទីនោះ រហូតភ្នាក់ងារព្រលានអនុញ្ញាតឱ្យចូល។ ប៉ុន្តែលិខិតឆ្លងដែន និង Boarding Pass មិនអាចទុកឯណាឆ្ងាយទេ ព្រោះមិនចូល Gate គេឆែកម្ដង ពេលដល់មាត់ទ្វារយន្តហោះ គេឆែកម្ដងទៀត ដើម្បីប្រាកដថា អ្នកមិនចូលច្រឡំ Gate ឬច្រឡំយន្តហោះ។
៩. កៅអីអង្គុយ
ពេលទៅដល់ក្នុងយន្តហោះ មិនបាច់បារម្ភនោះទេ អ្នកបម្រើលើយន្តហោះឬ Cabin Crew នឹងស្វែងរកកន្លែងអង្គុយឱ្យអ្នកទៅតាមសំបុត្រយន្តហោះ។
១០. ស្ដាប់បទបញ្ជាលើយន្តហោះ
មុនពេលហោះហើរ គេនឹងប្រកាសពីបទបញ្ជានិងប្រការរក្សាសុវត្ថិភាពលើយន្តហោះ និងដំណោះស្រាយពេលមានអាសន្ន។ ត្រង់នេះអ្នកគួរតែយកចិត្តទុកដាក់បន្តិច ព្រោះដើម្បីសុវត្ថិភាពផ្ទាល់ខ្លួននិងទាំងអស់គ្នា និងស្វែងរកផ្លូវចេញពេលមានគ្រោះអាសន្ន។ មុនយន្តហោះមានលំនឹង អ្នកត្រូវពាក់ខ្សែក្រវាត់ ហើយអាចដោះចេញ ឬដើរទៅបន្ទប់ទឹកបាន លុះត្រាភ្លើងសញ្ញាខ្សែក្រវ៉ាត់ត្រូវបានបិទ (ជាទូទៅសញ្ញាខ្សែក្រវ៉ាត់នៅខាងលើកន្លែងដាក់អីវ៉ាន់)។
១១. បែបបទចូលប្រទេសទី២
បែបបទសុំចូលប្រទេសទី២ នឹងត្រូវបានចែកនៅលើយន្តហោះ ដូច្នេះអ្នកអាចបំពេញវាឱ្យហើយក៏បាន ឬចាំដល់ព្រលានប្រទេសទី២ ចាំបំពេញក៏បាន។ ប៉ុន្តែភាពតឹងតែងអាស្រ័យលើប្រទេសនីមួយៗ ជួនកាលគេទារទាំងឈ្មោះ អាសយដ្ឋាន សណ្ឋាគារ លេខទូរសព្ទសណ្ឋាគារ និងមូលហេតុដែលអ្នកមកប្រទេសរបស់គេទៀតផង។
១២. វាយត្រាចូលប្រទេសទីពីរសិន ទើបអាចទៅយកវ៉ាលីសបាន។
១៣. ជាការហោះហើរលើកដំបូង ទោះពូកែប៉ុនណាក៏ជៀសពីវង្វេងមិនរួចដែរ ដូច្នេះដំណោះស្រាយដ៏ល្អគឺការមើលការចង្អុលបង្ហាញនានាដែលមាននៅក្នុងព្រលាន ព្រោះនៅព្រលានយន្តហោះនីមួយៗ គេតែងដាក់អក្សរបញ្ហាញថាត្រូវធ្វើអ្វី នៅកន្លែងណា។