ក្រុម​ Premier League ៣​ មិន​ទាន់​ទិញ​កីឡាករ​ថ្មី​សូម្បី​តែ​ម្នាក់​

  • 2018-07-23 08:16:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​សល់​មិន​ដល់​១​ខែ​ទៀត​ទេ​ក្របខ័ណ្ឌ​កំពូល​អង់គ្លេស​ហៅ​កាត់​ Premier League នឹង​ត្រឡប់​មក​វិញ​ហើយ​ពោល​គឺ​ចំ​​ថ្ងៃ​ទី​១៣​ ខែ​សីហា​ ឆ្នាំ​២០១៨​ខាង​មុខ​នេះ​តែ​ម្ដង។

ស្រប​ពេល​ក្រុម​ជា​ច្រើន​នៅ​ក្របខ័ណ្ឌ​កំពូល​អង់គ្លេស​ក៏​ដូចជា​លីគ​ធំ​ៗ​នៅ​អឺរ៉ុប​កំពុង​មមាញឹក​ទិញ​ដូរ​កីឡាករ​ ក៏​មាន​ក្រុម​ចំនួន​៣​ហាក់​មិន​អើ​ពើ​ក្នុង​ការ​រុះរើ​សមាជិក​របស់​ខ្លួន​បើ​ទោះ​ជា​សល់​តែ​២០​ថ្ងៃ​ទៀត​នឹង​បើក​រដូវ​កាល​ថ្មី​ក៏​ដោយ។​ ក្រុម​ទាំង​នោះ​មាន​ដូចជា៖

#៣ Tottenham Hotspur

Spurs ដែល​បាន​ចាយ​លុយ​សន្ធឹកសន្ធាប់​សាងសង់​កីឡដ្ឋាន​ថ្មី​នោះ​នៅ​មិន​ទាន់​ទិញ​បាន​កីឡាករ​ណា​ម្នាក់​នៅ​ឡើយ​ផ្ទុយ​ទៅ​វិញ​ក្លឹប​បាន​លក់​សមាជិក​ម្នាក់​ចេញ​ថែម​ទៀត​គឺ​ Keanan Bennetts ឲ្យ​ទៅ​ Monchengladbach ក្នុង​តម្លៃ​២,២៤​លាន​អឺរ៉ូ​កាល​ពី​ខែ​ឧសភា។​ ប្រភព​ព័ត៌មាន​ឲ្យ​ដឹង​ថា​ក្រុម​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ឡុង​ភាគ​ខាង​ជើង​មួយ​នេះ​កំពុង​ចាប់​អារម្មណ៍​កីឡាករ​២​រូប​គឺ Jack Grealish របស់​ Aston Villa និង​ Wilfred Zaha របស់​ Crystal Palace។​

#២ Everton

មិន​ខុស​ពី Spurs ក្រុម​ Everton បាន​បញ្ចេញ​កីឡាករ​៣​នាក់​រួម​មាន​ Ramiro Funes Mori ឲ្យ​ទៅ​ Villarreal ក្នុង​តម្លៃ​ខ្ទង់​៥​លាន​អឺរ៉ូ​ ហើយ Wayne Rooney និង​ Joel Robles​ បាន​ចាកចេញ​ដោយ​គ្មាន​តម្លៃ​ខ្លួន។​ ក្រុម​រហស្សនាម​ថា​ស្ករ​តាំងម៉ែ​នៅ​មិន​ទាន់​ទិញ​បាន​នរណា​នៅ​ឡើយ​ តែ​កំពុង​ចាប់​អារម្មណ៍​ Richarlison ដែល​អាច​នឹង​ឈាន​ដល់​ការ​ចុះ​ហត្ថលេខា​ឆាប់​ៗ​ ហើយ​ខ្សែ​ការពារ​ដែល​មិន​មាន​ជម្រើស​លេង​នៅ​ Barca គឺ Yerry Mina ក៏​ជា​គោល​ដៅ​របស់​ Everton ដែរ។

#១ Burnley

Burnley នៅ​រដូវ​កាល​នេះ​កាន់​តែ​ពិសេស​ដោយសារ​ពួកគេ​មាន​កៅអី​លេង​វគ្គ​ជម្រុះ​​នៅ​ Europa League តែ​យ៉ាង​ណា​ក្រុម​លោក​ Sean Dyche មិន​ទាន់​មាន​សកម្មភាព​ទិញ​កម្លាំង​ថ្មី​មក​ពង្រឹង​ក្រុម​នៅ​ឡើយ។​ ក្រុម​រហស្សនាម​ថា​ Clarets កំពុង​ចាប់​អារម្មណ៍​ Sam Clucas របស់​ Swansea។ ខ្សែ​ការពារ​ម្នាក់​ទៀត​ដែល​លេង​នៅ​ Swansea ដែរ​នោះ​គឺ Alfie Mawson ក៏​កំពុង​ជា​គោលដៅ​របស់​ Burnley ដែរ​៕

ប្រភព៖ Premier League   ប្រែសម្រួល៖ វីរ័ត្ន