សាធារណរដ្ឋឆេក ឈប់ចេញវីសាការងារ ឲ្យជនជាតិវៀតណាម

  • 2018-07-24 03:40:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រជាជន​វៀតណាម មិនអាច​ស្នើ​សុំ​ទិដ្ឋាការ​សម្រាប់​ការ​ស្នាក់នៅ​រយៈ​ពេល​វែង ឬ​ការ​ចូល​រួម​ក្នុង​សកម្មភាព​ជំនួញ​ណា​មួយ​បន្ត​ទៀត​ទេ នៅ​សាធារណរដ្ឋឆេក​។

រដ្ឋមន្ត្រី​ការបរទេស​ស្ដីទី​សាធារណរដ្ឋ​ឆេក​ លោក Jan Hamacek បាន​និយាយថា​ ចំនួន​ស្នើ​សុំ​ទិដ្ឋាការ​ការងារ ដែល​បាន​ដាក់​ស្នើ​ដោយ​ប្រជាជន​វៀតណាម​ ទៅ​កាន់​ស្ថានទូត​ឆេក​ប្រចាំ​វៀតណាម គឺ​ច្រើន​លើស​លប់ និង​ពុំ​មាន​សញ្ញាណ​នៃ​ការ​ថមថយ​សោះឡើយ។ ការណ៍​នេះ អាច​នាំ​ឲ្យ​មាន​បញ្ហា​សន្តិសុខផងដែរ។ នេះបើយោង​តាម​ការ​ចុះ​ផ្សាយ​របស់​ភ្នាក់ងារ​សារព័ត៌មាន​វៀតណាម នៅ​ថ្ងៃ​ទី​២៣ ​កក្កដា​នេះ។

បច្ចុប្បន្ន​នេះ ស្ថានទូត​ឆេក​ប្រចាំ​វៀតណាម នឹង​ផ្ដល់​អាទិភាព​តែ​មួយ​គត់​ សម្រាប់​ពលរដ្ឋ​វៀតណាម​រូប​ណា ដែល​ចង់​ស្នើ​សុំ​ទិដ្ឋាការ​សម្រាប់​ការ​​ជួបជុំ​គ្រួសារ​ឡើង​វិញ​ប៉ុណ្ណោះ។

រូបតំណាង (រូបថត៖ Vietnam Express)

ជុំវិញ​រឿង​នេះ អគ្គរដ្ឋទូត​វៀតណាម​ប្រចាំ​សាធារណរដ្ឋ​ឆេក លោក Ho Minh Tuan បាន​និយាយ​ថា រដ្ឋាភិបាល​វៀតណាម បាន​ព្យាយាម​ចាត់វិធានការ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ តាម​រយៈ​ការ​ចរចា​ការទូត​។

គួរ​បញ្ជាក់​ថា សព្វ​ថ្ងៃ​នេះ ប្រជាជន​វៀតណាម​ច្រើន​ជាង ៦៥ ០០០ នាក់ កំពុង​រស់​នៅ​ក្នុង​សាធារណរដ្ឋ​ឆេក ដែល​ក្លាយ​ជា​ក្រុម​ភាគ​តិច​ដ៏​ធំ​បំផុត​លំដាប់​ទី ៣ ក្នុង​ប្រទេស​នេះ​។

យោង​តាម​ការ​ឲ្យ​ដឹង​ពី​ក្រសួង​ការងារ​វៀតណាម ប្រជាជន​វៀតណាម​ប្រមាណ​កន្លះ​លាន​នាក់ កំពុង​រស់​នៅ​ និង​ធ្វើ​ការ​ នៅ​ក្រៅ​ប្រទេស។ ជា​មធ្យម ពលករ​វៀតណាម​ច្រើន​ជាង ៩ ម៉ឺន​នាក់ ចាកចេញ​ពី​ប្រទេស​ជា​រៀងរាល់​ឆ្នាំ ជា​ពិសេស​ពលករ​ខាង​ផ្នែក អតិពលកម្ម និង​ការងារ​មាន​ជំនាញ​កម្រិត​ទាប។ កម្លាំង​ពលកម្ម​សរុប​របស់​វៀតណាម មាន​ចំនួន​ប្រមាណ​ជាង ៥០ លាន​នាក់៕

ប្រភព៖ Kley Kley   ប្រែ​សម្រួល៖ អឹុម ម៉េងស៊ាង

អត្ថបទពេញនិយម