កីឡាករ​៣​រូប​មិន​សម​អត់​ឈ្មោះ​ដណ្ដើម​ពាន​ FIFA Best Men’s Player Award

  • 2018-07-25 08:39:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពាន​កីឡាករ​បាល់ទាត់​ឆ្នើម​ប្រចាំ​ឆ្នាំ​ ឬ​ FIFA World Player of the Year award បាន​បង្កើត​ឡើង​តាំង​ពី​ឆ្នាំ​១៩៩១​ ដល់​២០០៩​ ហើយ​បាន​ចូល​គ្នា​តែ​មួយ​ជាមួយ​ Ballon d’Or បង្កើត​បាន​ជា​ FIFA Ballon d’Or award នៅ​ឆ្នាំ​២០១០។​

ក្រោយ​រួម​គ្នា​៦​ឆ្នាំ​ ពាន​ផ្ទាល់​ខ្លួន​ដ៏​សំខាន់​នេះ​បាន​ផ្ដាច់​ចេញ​វិញ​នៅ​ឆ្នាំ​២០១៦​រហូត​ដល់​បច្ចុប្បន្ន​នេះ។​ Cristiano Ronaldo ​ជា​កីឡាករ​ម្នាក់​គត់​តែង​​ឈ្នះ​ពាន​នេះ​ចាប់​តាំង​ពី​ការ​បំបែក​ពី Ballon d’Or ​នៅឆ្នាំ​២០១៦ និង​២០១៧។

ឆ្នាំ​២០១៨​ នេះ FIFA បាន​បង្ហាញ​បេក្ខភាព​១០​នាក់​ចុង​ក្រោយ​រួចហើយ ដែល​មាន​សិទ្ធ​ដណ្ដើម​ពាន​នេះ​មាន​ដូចជា​ Cristiano Ronaldo, Kevin De Bruyne, Antoine Griezmann, Eden Hazard, Harry Kane, Kylian Mbappe, Lionel Messi, Luka Modric, Mohamed Salah និង​ Raphael Varane។

Neymar គឺ​ជា​កីឡាករ​ទទួល​ការ​​ចាប់​អារម្មណ៍​ខ្លាំង​ក្រោយ​គ្មាន​ឈ្មោះ​ប៉ុន្តែ​កុំ​ភ្លេច​ថា​ខ្សែ​ប្រយុទ្ធ​រូប​នេះ​ចំណាយ​ពេល​ភាគ​ច្រើន​​ព្យាបាល​របួស​ប៉ុណ្ណោះ​កាល​ពី​រដូវ​កាល​មុន​។ ​អ្វី​ដែល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ពិត​ប្រាកដ​នោះ​គឺ​អ​វត្តមាន​កីឡាករ​៣​រូប​ខាង​ក្រោម​ ដែល​លេង​ល្អ​ទាំង​នៅ​ក្លឹប​ និង​ World Cup តែ​គ្មាន​ឈ្មោះ​ប្រជែង​ពាន​នឹង​គេ។

#៣ Ivan Rakitic

Ivan Rakitic គឺ​ជា​ខ្សែ​បម្រើ​ល្អ​បំផុត​មួយ​រូប​នៅ​លើ​ពិភពលោក​នា​ពេល​បច្ចុប្បន្ន។​ កីឡាករ​រូប​នេះ​លេង​បាន​៧១​ប្រកួត​កាល​ពី​រដូវ​កាល​មុន​​ច្រើន​ជាង​កីឡាករ​ណា​ទាំង​អស់។​ គេ​ក៏​ជា​កម្លាំង​សំខាន់​ជួយ​ Barcelona ឈ្នះ​ La Liga និង​ Copa del Rey ផង​ដែរ​ ថែម​ទាំង​ជួយ​ក្រូអាត​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ World Cup តែ​ភ្លាត់​ចាញ់​បារាំង។​

#២ N’Golo Kante

N’Golo Kante ប្រហែល​ជា​មិន​សូវ​មាន​នរណា​ចាប់​អារម្មណ៍​ទេ​ដោយសារ​គេ​មិន​មែន​ជា​ខ្សែ​ប្រយុទ្ធ​សុទ្ធ​បញ្ចូល​ទី ប៉ុន្តែ​កីឡាករ​ស្បែក​ខ្មៅ​រូប​នេះ​បំពេញ​តួ​នាទី​យ៉ាង​ល្អ​នៅ​តំបន់​បម្រើ​ការពារ​ ពិសេស​ការ​តាម​បិទ​កីឡាករ​សំខាន់​ៗ​របស់​គូ​ប្រជែង​ដូចជា​ Messi កាល​លេងប៉ះ​អាហ្សង់ទីន​ និង​កីឡាករ​ Lukaku របស់​ប៊ែលហ្សិក។ អាច​និយាយ​បាន​ថា​ជោគជ័យ​របស់បារាំង​គឺ​ជា​ការ​រួម​ចំណែក​ធំ​របស់​ Kante។

#១ Paul Pogba

មិន​ខុស​ពី​ N’Golo Kante ប៉ុន្មាន​ទេ​ Paul Pogba ក៏​ជា​កម្លាំង​សំខាន់​នៅ​តំបន់​ការពារ​ក្នុង​ដំណើរ​ឆ្ពោះ​ទៅ​ជើង​ឯក​របស់​បារាំង​ដែរ។​ Pogba ជា​ដៃ​គូ​ល្អ​ឥត​ខ្ចោះ​របស់​ Kante នៅ​ World Cup ថែម​ទាំង​ជា​អ្នក​ស៊ុត​បញ្ចូល​ទី​១​គ្រាប់​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ថែម​ទៀត​ផង។ តែ​គួរ​ឲ្យ​ស្ដាយ​កីឡាករ​មក​ពី​ Manchester United គ្មាន​ឈ្មោះ​សូម្បី​បញ្ជី​១០​នាក់​ចុង​ក្រោយ​សម្រាប់​ពាន​ FIFA World Player of the Year award៕

ប្រភព៖ Wikipedia | FIFA   អត្ថបទ៖ វិរ័ត្ន