Roma ចេញ​មុខ​បក​ស្រាយ​រឿង Barca ឆក់​យក Malcom ពី​ខ្លួន និងកំពុងរៀបចំរកប្ដឹង Bordeaux

  • 2018-07-25 12:28:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ថ្ងៃ​នេះ នាយក​ផ្នែក​កីឡា​របស់​ក្លឹប Roma បាន​ចេញ​មុខ​បក​ស្រាយ​រឿង​ផ្ទេរ​ដ៏​ភ្ញាក់ផ្អើល​របស់​កីឡាករ Malcom ទៅ​ក្លឹប Barcelona។

លោក Monchi នាយក​ផ្នែក​កីឡា​របស់​ក្លឹប Roma

កាល​ពី​យប់​ថ្ងៃ​ចន្ទ (ម៉ោង​នៅ​កម្ពុជា) ទាំង​ក្លឹប​បារាំង Bordeaux និង​ក្លឹប​ Roma សុទ្ធ​តែ​បាន​ប្រកាស​ថា ពួក​គេ​បាន​ព្រមព្រៀង​គ្នា​ក្នុង​ការ​ផ្ទេរ​កីឡាករ​ Malcom។ ទោះ​ជា​យ៉ាង​ណា មួយ​ថ្ងៃ​ក្រោយ​មក ខ្សែ​ស្លាប​ត្រូវ​បាន​ប្រកាស​ថា​បាន​ទៅ​ចូល​រួម​ជាមួយ Barcelonaទៅ​វិញ ដែល​នេះ​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​មែន​ទែន​ក្នុង​មជ្ឈដ្ឋាន​តាម​ដាន​បាល់ទាត់ និង​បណ្ដាល​ឲ្យ​មាន​ជា​ចម្ងល់​ជា​ច្រើន។

ក្នុង​ថ្ងៃ​នេះ នាយក​ផ្នែក​កីឡាករ​របស់​ក្លឹប Roma លោក Monchi បាន​ហៅ​ព្រឹត្តិការណ៍​នេះ​ថា "ស្រួល​ក្នុង​ការ​បក​ស្រាយ​ តែ​ពិបាក​ក្នុង​ការ​យល់"។ លោក​បាន​និយាយ​ថា តាម​ពិត​ កាល​ពី​យប់​ថ្ងៃ​ចន្ទ ក្លឹប Roma បាន​ព្រមព្រៀង​រួច​អស់​ហើយ​ជាមួយ​ក្លឹប Bordeaux និង​ភាគី​កីឡាករ Malcom គ្រាន់​តែ​មិន​ទាន់​បាន​ចុះ​ហត្ថលេខាប៉ុណ្ណោះ។

មួយ​រយៈ​ពេល​ក្រោយ​មក ស្រាប់​តែ​ក្លឹប​បារាំង បាន​និយាយ​ប្រាប់​ Roma ថា Barcelona បាន​ចាប់​អារម្មណ៍​ខ្លាំង​លើ​ខ្សែ​ស្លាប​ប្រេស៊ីល និង​ហ៊ាន​ឲ្យ​ថ្លៃ​ជាង​ក្លឹប​អ៊ីតាលី។ នៅ​ពេល​នោះ លោក Monchi បាន​បន្ត​ថា ប្រធាន​ក្លឹប Roma បាន​ប្រាប់​លោក​ឲ្យ​បន្ត​ហ៊ាន​ឲ្យ​ថ្លៃ​ផ្ទេរ​ខ្ពស់​ជាង​មុន​ដល់​ក្លឹប Bordeaux ដើម្បី​យក​ Malcom ឲ្យ​បាន។

កាល​ពី​ព្រឹក​ម្សិលមិញ Roma ក៏​ឲ្យ​ថ្លៃ​ផ្ទេរ​ខ្ពស់​ជាង​មុន ទៅ Bordeaux ហើយ​ក្លឹប​ទាំង​ពីរ​ក៏​ព្រម​គ្នា​ម្ដង​ទៀត ហើយ កីឡាករ Malcom ត្រូវ​ធ្វើ​ដំណើរ​មក​ក្រុង​រ៉ូម​អ៊ីតាលី នា​ល្ងាច​ថ្ងៃ​ម្សិលមិញ​នេះ​ដើម្បី​ចូល​រួម​ជាមួយ​ក្លឹប។ ស្រាប់​តែ​ ប្រមាណ​កន្លះ​ថ្ងៃ​ក្រោយ​មក Bordeaux បាន​ប្រាប់ Roma ថា ក្លឹប​អ៊ីតាលី​ត្រូវ​ដំឡើង​ថ្លៃ​ផ្ទេរ​ទៀត ព្រោះ​ Barcelona ហ៊ាន​ឲ្យ​ថ្លៃ​ជាង​តម្លៃ​ផ្ទេរ​ចុង​ក្រោយ​ដែល​ Roma និង Bordeaux ព្រមព្រៀង។

ក្រោយ​ឮ​ដំណឹង​នេះ Roma បាន​ដក​ខ្លួន​ចេញ​ពី​ការ​ផ្ទេរ​មួយ​នេះ​តែ​ម្ដង ដោយ​ខ្លួន​មិន​ចង់​ធ្វើ "សង្គ្រាម​ដេញ​ថ្លៃ" ជាមួយ Barcelona។

លោក Monchi បាន​និយាយ​ថា ក្លឹប Roma កំពុង​ពិនិត្យ​មើល​ផ្លូវ​ច្បាប់​ថា តើ​ក្លឹប​អាច​ប្ដឹង​ក្លឹប Bordeaux បាន​ឬ​អត់។

បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ជា​ច្រើន តម្លៃ​ដែល Roma និង Bordeaux ព្រមព្រៀង​ស្ថិត​ក្នុង​រង្វង់ ៤០ លាន​អឺរ៉ូ (៤៦ លាន​ដុល្លារ​សហរដ្ឋអាមេរិក) ដើម្បី​ផ្ទេរ Malcom ខណៈ Barcelona ហ៊ាន​ឲ្យ ៤២ លាន​អឺរ៉ូ (ជិត ៥០ លាន​ដុល្លារ​សហរដ្ឋអាមេរិក) ដើម្បី​បាន​កីឡាករ។

នៅ​ថ្ងៃ​ពុធ Malcom បាន​ទៅ​ចូល​រួម​ជាមួយ Barcelona ហើយ​នឹង​ចូល​រួម​ជាមួយ​ក្លឹប​អេស្ប៉ាញ​ក្នុង​ការ​ប្រកួត Pre-season នៅ​សហរដ្ឋអាមេរិក៕

ប្រភព៖ Twitter   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទថ្មី