​ក្រមា​​បង់​ក​​ខ្មែរ​កំពុងឡើងកូដ​ក្លាយ​ជា​ Fashion ​ស៊ី​វិល័យ​នៅ​ប៉ារីស​

  • 2014-11-14 22:24:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យក​ទៅ​ បង់​ក ក្រវាត់​ចង្កេះ ទទូរ​​ឬ​ជួត​ក្បាល ជា​ដើម ​គឺ​ជា​រឿង​ធម្មតា និង​ជា​​វប្បធម៌​ដ៏​​សាមញ្ញ​និង​យូរយារ​តាំង​ពី​ដើម​មក​​របស់​​ប្រជាជន​ខ្មែរ​នៅ​តាម​ស្រុក​ស្រែ​ចម្ការ​​។ ​ប៉ុន្តែ​អ្វី​ដែល​ពិសេស​​ថ្មី​នោះ ​​ឥឡូវ​នេះ​ ក្រមា​ខ្មែរ បាន​​​​​ក្លាយ​​ជា​​​​ម៉ូដ​ Fashion ​សម្រាប់​​​មនុស្ស​សម័យ​ថ្មី​នៅ​ដែន​ដី​​ទី​ក្រុង ​ប៉ារីស ​​ប្រទេស​បារាំង​​ ទៀត​ផង​។

 

 

គម្រោង​ "មរតក​ក្រមា ឬ Krama Heritage” កំពុង​​​នាំ​ ក្រមា​​ខ្មែរ ទៅ​ផ្សព្វ​ផ្សាយ​និង​​លក់​​​នៅ​ឯ​ដែន​ដី​ធ្លាក់​ព្រិល​​ សម្រាប់​​អ្នក​និយម​ស្តាយ៍​ស៊ីវិល័យ​​ ដោយ​ការ​​​រំលេច​ចេញ​ជាមួយ​​មរតក​វប្បធម៌​ប្រជាជន​ខ្មែរ​។​ឥឡូវ​នេះ​ ក្រមា​​ធ្វើ​ពី​​​អំបោះ​​កប្បាស​​និង​ជា​​ទឹក​ដៃ​​​របស់​ប្រជា​តម្បាញ​ខ្មែរ​​​​ទាំង​នេះ​​​ កំពុង​ដាក់​លក់​នៅ​ Galeries Lafayette បណ្ដោយ​វិថី​ Haussmann ទីក្រុង ​ប៉ារីស។

 

 

លោក​ Raphael Bessis ​​​អ្នក​បង្កើត​គម្រោង​ Krama Heritage ​​នាំ​កន្សែង​ ឬ​ ក្រមា​ ខ្មែរ​ទៅ​កាន់​​​​​ភាព​ទាន់​​​សម័យ​របស់​​យុវវ័យ​អឺរ៉ុប​នោះ​​ថា ​ការងារ​នេះ​ជា​​បេសកកម្ម​​សម្រាប់​​វប្បធម៌​​ កម្ពុជា។ វា​ជា​ការ​បង្ហាញ​​ថា​ក្រមា​ខ្មែរ ​មាន​ប្រើប្រាស់​​​នៅ​ក្រៅ​ប្រទេស ​និង​ធ្វើ​ឲ្យ​គេ​ដឹង​ច្បាស់​ថា​តើ​ក្រមា​​មាន​ប្រភព​ពិត​មក​ពី​ណា និង​ តំណាង​ឲ្យ​នរណា។ ​​

 

 

ក្រៅ​ពី​​​ផ្សព្វផ្សាយ​វប្បធម៌​​​​ ក្រមាខ្មែរ និង​បង្កើត​ទីផ្សារ​ថ្មី​ឲ្យ​ប្រជា​តម្បាញ​ គម្រោង​ Krama Heritage ក៏​ជា​ផ្នែក​ដែល​​ជ្រោមជ្រែង​ហិរញ្ញវត្ថុ​​​ដល់​​​អង្គការ​ ដើម្បី​​​ភាព​​​ញញឹម​នៃ​កុមារ ដែល​កំពុង​​​​សង្គ្រោះ​កុមារ​​​​ក្រខ្សត់​ខ្មែរ​រាប់​ពាន់​នាក់​នៅ​ កម្ពុជា​។ ផល​ចំណេញ​​ពី​ការ​លក់​​នៅ​ប៉ារីស នឹង​ច្រៀក​​​ដើម្បី​​សកម្មភាព​​មនុស្ស​ធម៌​របស់​អង្គការ​​​ជួយ​កុមារ​​កម្ពុជា​ដ៏​ធំ​មួយ​នេះ។

 

 

​ក្រមា​ខ្មែរ​ ដែលកំពុងក្លាយជា​​គ្រឿង​ Fashion ​សម្រាប់​យុវវ័យ​ ប៉ារីស​​​ មាន​ដល់ទៅ​​​៣​ម៉ូដែល​។ ម៉ូដែល Renaissance ​និង​ម៉ូដែល​ប្រពៃណី Traditional ​មាន​​៧​ពណ៌​ដូច​គ្នា​ និង​លក់​ក្នុង​តម្លៃ​ ៣៥​​​​អឺរ៉ូ ​​​ឬ​ប្រមាណ ៤៣​ដុល្លារ។ ​រាល់​ការ​លក់​ដាច់​ក្រមា​មួយ Krma Heritgate ​នឹង​ដក​៣​​ដុល្លារ​​ ដើម្បី​ទ្រទ្រង់​សកម្មភាព​របស់​​អង្គការ​ដើម្បី​​​​​ភាព​​​​ញញឹម​​នៃ​កុមារ​។

 

ឯ​​ម៉ូដែល Les Estivales វិញ​មាន​ទំហំ​​ធំ​ជាង​ ២​ម៉ូដែល​ខាង​លើ​បន្តិច​ ហើយ​​ក្រមា Les Estivales មួយ​​មាន​តម្លៃ​ ៤៥​​​​​អឺរ៉ូ ឬ​ប្រមាណ​​ ៦៥​ដុល្លារ​។ ៥​ដុល្លារ​ពី​ការ​លក់​ Les Estivales មួយ​ នឹង​​បរិច្ចាគ​ឲ្យ​ អង្គការ​សង្គ្រោះ​កុមារ​នៅ​កម្ពុជា​ដូច​គ្នា​។

 

Krama Heritage ក៏​នឹង​ផ្សព្វផ្សាយ​ស្តាយ៍​​​បង់​ក ​ក្រមា​ខ្មែរ ​​​តាម​​ទីក្រុង​មួយ​ចំនួន​ដូច​ជា​​​ទីក្រុង ញ៉ូយ៉ក សហរដ្ឋ​អាមេរិក ទីក្រុង ឡុងដុង ​ប្រទេស​អង់​គ្លេស ទីក្រុង Saint Petersburg ប្រទេស​រុស្ស៊ី នៅ ប៉ារីស និង ​នៅ​ភ្នំពេញ៕

 

 

 

អត្ថបទ៖ ប៉ែន សុផាន់ណា​​

 

អត្ថបទពេញនិយម