ងាយៗ ក្បួនគិតពន្ធលើផ្ទះសំបែង និងដីធ្លីខ្លួនឯង ការពារកុំឲ្យភ្នាក់ងារបន្លំស៊ីពីលើ

  • 2018-07-27 08:14:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ច្បាប់​ស្ដី​ពី​ពន្ធ​លើ​អចលនទ្រព្យ​ ត្រូវ​បាន​ដាក់​​ឲ្យ​អនុ​វត្ត​កាល​ពី ២០១១ មកទល់​បច្ចុប្បន្ន​ ប៉ុន្តែនៅក្នុងជំហ៊ានដំបូងច្បាប់នេះបានកំណត់យកពន្ធលើអចលនទ្រព្យទាំងឡាយណាដែលស្ថិតនៅតាមតំបន់រដ្ឋបាលថ្នាក់ក្រុង (ទីក្រុង) និងតំបន់រដ្ឋបាលថ្នាក់ខេត្ត (ទីរួមខេត្ត) ជាមុនសិនចំណែកតំបន់ផ្សេងទៀតដូចជាថ្នាក់ស្រុក និងទីជនបទមិនទាន់ជាប់ពន្ធនោះទេ។

នៅក្នុង​ច្បាប់​បាន​គូស​បញ្ជាក់​ថា​ អចលនទ្រព្យ​ដែល​មិនជាប់​ពន្ធ​​ សំដៅ​ដល់​អចលនទ្រព្យ​ទាំង​ឡាយ​មាន​តម្លៃ​ក្រោម ១០០លាន​រៀល​ (២៥,០០០ដុល្លារ) មិនត្រូវបាន​គិតពន្ធនោះទេ

សម្រាប់អចលនទ្រព្យ​ មាន​តម្លៃ​លើ​ស​ពី​ ១០០លាន​រៀល​ ត្រូវបង់ពន្ធជូនរដ្ឋមាន៖

  • ដី (ដែល​មាន​ ឬគ្មាន​អគារ)​
  • លំនៅដ្ឋាន​
  • អគារ​ ឬ​សំណង់​ផ្សេង​ៗ​នៅ​លើ​ដី​រួមមាន៖ ​សណ្ឋាគារ​ ផ្ទះល្វែង​ ការិយាល័យ​ ខុនដូ​ រោងចក្រ​ ឃ្លាំង​ទំនិញ​ អគារ​ឧស្សាហកម្ម​ និង​ចំណត​រថយន្ត។

តទៅ​នេះ Sabay សូម​ចែក​រំលែក​ការ​គណនា​ពន្ធ​អចលនទ្រព្យ​ដល់​ប្រិយមិត្តអ្នកអាន​ ជាពិសេស​អ្នក​មាន​លំនៅដ្ឋាន​ និងដី​ធ្លី​ផ្ទាល់​ខ្លួន ពលរដ្ឋត្រូវ​ពន្ធ​ជូន​ជាតិ​ ឬពេលខ្លះប្រើ​ប្រាស់​ភ្នាក់​ងារក្រុមហ៊ុន​បង់​ឲ្យ ប៉ុន្តែលោក​អ្នក​​​ក៏គួរ​ដឹង​ និង​ចេះ​គណនា​ដោយ​ខ្លួន​ឯង។ ដូចនេះសូម​តាម​ដានឲ្យលម្អិត​បន្ទាប់៖​​​​​

ប្រាក់​ពន្ធ​ត្រូវ​បាន​គណនា​តាម​រូប​មន្ត​ដូច​ខាង​ក្រោម​៖

  • ​មូលដ្ឋាន​គិត​ពន្ធ

(តម្លៃអចលទ្រព្យ x៨០%) -១០០ ០០០ ០០០ រៀល

  • ប្រាក់ពន្ធ

មូលដ្ឋាន​គិត​ពន្ធ x ០,១%

សូមមើលលម្អិតឧទាហរណ៍​គំរូ​ ៖ អចលនទ្រព្យ​មួយ​ស្ថិត​នៅសង​ខាង​កំណាត់​ផ្លូវ​សហព័ន្ធរុស្ស៊ី​ ចាប់​ពី​ផ្លូវ​យោធពលខេមរភូមិន្ទ​( ២៧១) ដល់​ផ្លូវ​ចូល​ក្រសួង​ពាណិជ្ជកម្មថ្មី​។ អចលនទ្រព្យ​នោះ​មាន​ដីទំហំ​ ៤មx ២០ម និង​ផ្ទះ​ល្វែង​កម្ពស់​ ២ជាន់​ (E0E1E2) ដែលមាន​ទំហំ​ ៤ម x២០ម សាងសង់​នៅ​ឆ្នាំ​ ២០០៥ និង​មាន​តម្លៃ​ទី​ផ្សារ​កំណត់​ដោយ​គណៈកម្មការ​វាយតម្លៃ​អចលនទ្រព្យ​ក្នុងមួយម៉ែត្រក្រឡា​។ តាមដានការគណនាដូច​ខាងក្រោម​៖​

  • តម្លៃដី៖ ៧៥០ដុល្លារ/ម៉ែត្រការ៉េ
  • តម្លៃផ្ទាល់​ជាន់ផ្ទាល់​ដី​(E0)
  • តម្លៃផ្ទាល់​ជាន់ទី១ (E1)
  • តម្លៃផ្ទាល់​ជាន់ទី២ ​(E2)​

​*បញ្ជាក់​៖ សម្រាប់អាយុកាល​សំណង់​ក្រោម ១០ឆ្នាំ

ការ​គណនា​តម្លៃ​អចលនទ្រព្យ​រួមមាន៖

តម្លៃដី

​ = ​ ៤មx ២០ម x ៧៥០ដុល្លារ = ៦០ ០០០ដុល្លារ

តម្លៃផ្ទាល់​ជាន់ផ្ទាល់​ដី​(E0)

= ​ ៤មx ២០ម x ២៥០ដុល្លារ = ២០ ០០០ដុល្លារ

តម្លៃផ្ទាល់​ជាន់ទី១ (E1)

= ៤មx ២០ម x ២០០ដុល្លារ= ១៦ ០០០ដុល្លារ

តម្លៃផ្ទាល់​ជាន់ទី២ ​(E2)

= ៤មx ២០ម x ១៥០ដុល្លារ= ១២ ០០០ដុល្លារ

តម្លៃ​អចលនទ្រព្យ​សរុប

= ១០៨ ០០០ដុល្លារ

តម្លៃ​សរុប​ ៨០%​ ជា​ប្រាក់​រៀល

= ១០៨ ០០០ដុល្លារ x៨០% x៤ ០០០រៀល

​​= ៣៤៥ ៦០០ ០០០រៀល

មូលដ្ឋាន​គិត​ពន្ធ

= តម្លៃអចលទ្រព្យ - ១០០ ០០០ ០០០រៀល

= ៣៤៥ ៦០០ ០០០រៀល - ១០០ ០០០ ០០០រៀល

​​= ២៤៥ ៦០០ ០០០រៀល

ប្រាក់​ត្រូវ​បង់​ពន្ធ

​= ២៤៥ ៦០០ ០០០រៀល x ០,១% = ២៤៥ ៦០០រៀល

= ៦១,៤ដុល្លារ

គួរជម្រាបថា ចំពោះការបង់ពន្ធ ជាទូទៅពន្ធអចលនទ្រព្យតម្រូវឲ្យបង់បានមុនបំណាច់ខែកញ្ញានៃឆ្នាំ​ដែលជាប់ពន្ធ។ បច្ចុប្បន្ន ការបង់ពន្ធកាន់តែងាយស្រួល នាយកដ្ឋានពន្ធដារបានដាក់ឲ្យមានការប្រើប្រាស់ការបង់ពន្ធតាមប្រព័ន្ធអនឡាញ (E-payment) ដែលជួយសម្រួលដល់ម្ចាស់អចលនទ្រព្យថែមទៀតមិនថានៅទីណាប្រទេសណាក៏ពួកគេនៅតែអាចបង់ពន្ធបាន។ សូមបញ្ជាក់ ឯកសារ​នេះ ​បាន​ដក​ស្រង់​ចេញ​ពី​សៀវភៅ​ស្ដី​ពី​ពន្ធ​លើ​អលចលនទ្រព្យ​​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ៕

អត្ថបទ៖ ស៊ិន សាវ៉េត

អត្ថបទពេញនិយម