គ្រាន់​តែ​បាន Ronaldo ភ្លាម លេច​ដំណឹង Juventus ចង់​លក់ Higuain ភ្លែត ខណៈ​ក្លឹប​ខ្លះ​កំពុង​អង្រួន

  • 2018-07-27 11:13:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាយក​ប្រតិបត្តិ​ក្លឹប Juventus លោក Giuseppe Marotta ក្នុង​ថ្ងៃ​នេះ បាន​និយាយ​ថា កីឡាករ​ប្រយុទ្ធ​របស់​ក្លឹប មាន​ចំនួន​ច្រើន។ លោក​ថា ក្លឹប​កំពុង​ពិនិត្យ​ស្ថាន​ភាព​នៃ​ការ​ផ្ទេរ​របស់​ខ្សែ​ប្រយុទ្ធ Gonzalo Higuain ប៉ុន្តែ​មក​ទល់​ពេល​នេះ មិន​ទាន់​សំណើ​ច្បាស់លាស់​ណា​មួយ​ពី​ក្លឹប​ដទៃ​ឡើយ។

លោក Marotta បាន​និយាយ​ប្រាប់​ Sky Italia ថា៖ "ខ្ញុំ​មិន​ប្រកែក​ទេ​ថា ឥឡូវ​យើង​មាន​ចំនួន​កីឡាករ​ប្រយុទ្ធ​ច្រើន​ ក្រោយ​ពី​ផ្ទេរ​បាន​ Cristiano Ronaldo មក"។

នាយក​ប្រតិបត្តិ​ក្លឹប Juventus លោក Giuseppe Marotta

នាយក​ប្រតិបត្តិ​ក្លឹប​បន្ត៖ "យើង​កំពុង​ពិនិត្យ​វាយ​តម្លៃ​ស្ថានភាព​របស់ Higuain។ យ៉ាង​នេះ​ក្ដី​រហូត​មក​ទល់​ពេល​នេះ មិន​ទាន់​មាន​សំណើ​ផ្ទេរ​ជាក់លាក់​ណា​មួយ​ពី Chelsea ឬ AC Milan ឡើយ"។

សូម​បញ្ជាក់​ផង​ដែរ​ថា ការ​បង្ហើរ​ពាក្យ​សំដី​ចង់​លក់ Higuain នេះ ធ្វើ​ឡើង​តែ​ជាង ២ សប្ដាហ៍​ប៉ុណ្ណោះ ក្រោយ​ក្លឹប​ Juventus ទិញ​ខ្សែ​ប្រយុទ្ធ Ronaldo បាន​ពី​ Real Madrid។

តាម​ពិត​ទៅ កាល​ពី​ពេល​ក្លឹប​យក្ស​អ៊ីតាលី​ផ្ទេរ Higuain ក៏​មិន​ថោក​ប៉ុន្មាន​ដែរ។ កាល​ពី​ឆ្នាំ ២០១៦ ក្លឹប Juventus បាន​ទិញ ខ្សែ​ប្រយុទ្ធ​អាហ្សង់ទីន​ពី Napoliក្នុង​តម្លៃ​ដល់​ទៅ ៩០ លាន​អឺរ៉ូ (ជាង ១០៤ លាន​ដុល្លារ​សហរដ្ឋអាមេរិក)។

ក្នុង​រយៈ​ពេល ២ រដូវ​កាល​នៅ​ក្លឹប​សេះ​បង្កង់ Higuain ត្រូវ​បាន​មើល​ឃើញ​ថា​បាន​បង្ហាញ​ទម្រង់​លេង​ល្អ​ក្នុង​ប្រកួត​ភាគ​ច្រើន។ កីឡាករ​ស៊ុត​ចូល​បាន​ដល់​ទៅ ៥៥ គ្រាប់ ក្នុង​ការ​បង្ហាញ​ខ្លួន ១០៥ លើក​ឲ្យ​ក្លឹប។

កន្លង​មក​ជា​ពិសេស​ក្រោយ​ពេល Ronaldo ចូល​រួម​ជាមួយ Juventus មាន​របាយការណ៍​ និង​ពាក្យ​ចចាមអារ៉ាម​ជា​ច្រើន ដែល​ថា ក្លឹប Chelsea និង AC Milan បាន​បង្ហាញ​ចំណាប់អារម្មណ៍​ខ្លាំង​ក្នុង​ការ​តាម​ទិញ Higuain៕

ប្រភព៖ Four Four Two   ប្រែ​សម្រួល៖ ហ៊ីម រស្មី