ការ​ផ្ទេរ​កីឡាករ​៥​រូប​ដែល​អ្នក​ចាត់​ការ​​នៅ​ Premier League មើល​ខុស​

  • 2018-07-30 03:52:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ដោះដូរ​កីឡាករ​គឺ​ជា​រឿង​សំខាន់​សម្រាប់​អ្នក​ចាត់ការ​ទូទៅ​នៃ​ក្លឹប​នីមួយ​ៗ​ត្រូវ​ធ្វើ​ដើម្បី​រក​ប្រាក់​ចំណេញ​ឲ្យ​​ក្លឹប​ និង​ដើម្បី​ពង្រឹង​ការ​លេង​របស់​ក្រុម​ផង​។

ការ​ផ្ទេរ​កីឡាករ​មិន​មែន​សុទ្ធ​តែ​ត្រឹមត្រូវ​ទាំង​អស់​ទេ​ ​គឺ​​ការ​ទិញ​ដូរ​ខ្លះ​​ជា​ការ​សម្រេច​ចិត្ត​ខុស​របស់​អ្នក​ចាត់​ការ​​ ដូច​ជា​ រឿង​​ចាយ​ច្រើន​លើ​កីឡាករ​ខុស​ ទិញ​មក​លេង​មិន​ចុះ​សម្រុង​ជាមួយ​មិត្ត​រួម​ក្រុម​ រហូត​ពេល​ខ្លះ​អ្នក​ចាត់ការ​ខ្លួន​ឯង​ត្រូវ​បណ្ដេញ​ចេញ​ព្រោះ​រឿង​ទិញ​ដូរ​​នេះ​ក៏​មាន។ ខាង​ក្រោម​គឺ​​កីឡាករ​៥​រូប​ ដែល​អ្នក​ចាត់​ការ​នៅ​ Premier League ទិញ​មក​លេង​​មិន​កើត​៖​

#៥ Leicester City (រដូវ​កាល​​២០១៦-១៧)

ក្រោយ​ឈ្នះ​ជើង​ឯក​ Premier League ​កក្រើក​ពិភព​បាល់ទាត់​ Leicester City បាន​ចាយ​លុយ​មួយ​ប្រាវ​​រហូត​ ៨២,៤៤​លាន​ផោន​ ទិញ​កីឡាករ​នៅ​រដូវ​កាល​បន្ទាប់ ​ពិសេស​គឺ​ការ​ទិញ​ខ្សែ​ប្រយុទ្ធ​​ Islam Slimani (២០​លាន​ផោន​) ពី​ Sporting CP ដើម្បី​ពង្រឹង​តំបន់​ប្រយុទ្ធ​តែ​យ៉ាង​ណា​ កីឡាករ​​នេះ​លេង​មិន​ល្អ​សោះ​ធ្វើ​ឲ្យ​ក្រុម​បាន​ត្រឹម​បញ្ចប់​លេខ​១៣​ ហើយ​លោក​ Claudio Ranieri ត្រូវ​បណ្ដេញ​ចេញ។

#៤ Liverpool (រដូវ​កាល​២០១៤-១៥)

ក្រោយ​បរាជ័យ​មិន​អាច​ក្លាយ​​ជា​ជើង​ឯក​ Premier League ក្រុម​ Liverpool បាន​បាត់បង់​ Luis Suarez ទៅ​លើ​ Barcelona ហើយ​លោក​ Brendan Rogers បាន​ទិញ​យក​ Mario Balotelli ដើម្បី​ជំនួស​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អ៊ុយរ៉ាហ្គាយ​រូប​នេះ​ ប៉ុន្តែ​ខុស​ពី​ការ​រំពឹង​ទុក​ Balotelli ស៊ុត​បញ្ចូល​ទី​បាន​១​គ្រាប់​ប៉ុណ្ណោះ​នៅ​លីគ​។

#៣ Arsenal (២០១១-១២)

នៅ​ឆ្នាំ​២០១១ គឺ​ជា​ពេល​វេលា​ដែល​ Arsenal លក់​កីឡាករ​សំខាន់​ៗ​មួយ​ចំនួន​កំពុង​ឡើង​ជើង​ដូចជា Cesc Fabregas ទៅ​ Barcelona ក្នុង​តម្លៃ​៣០​លាន​ផោន​ ហើយ​ Samir Nasri ទៅ​ Manchester City ក្នុង​តម្លៃ​២៥​លាន​ផោន។​ ក្រុម​រហស្សនាម​ថា​កាំភ្លើង​ធំ​បាន​​នាំ​យក​ Mikel Arteta ពី​ Everton ដើម្បី​ពង្រឹង​តំបន់​បម្រើ​ក្រោយ​បាត់បង់​កីឡាករ​២​រូប​ ប៉ុន្តែ​កីឡាករ​សញ្ជាតិ​អេស្ប៉ាញ​រូប​នេះ​មិន​ជោគជ័យ​ប៉ុន្មាន​ទេ​នៅ​ទីនោះ​ដោយ​៥​ឆ្នាំ​ស៊ុត​បញ្ចូល​ទី​បាន​១៤​គ្រាប់​ប៉ុណ្ណោះ។​

#២ Chelsea (២០១៧-១៨)

ក្រោម​ការ​ដឹកនាំ​របស់​លោក​ Antonio Conte ក្រុម​ Chelsea បាន​ចាយ​លុយ​រហូត​ ៧០​លាន​ផោន​​​បំបែក​កំណត់ត្រា​របស់​ក្លឹប​ដើម្បី​ទិញ​យក​ខ្សែ​ប្រយុទ្ធ​ Alvaro Morata មក​កាន់​ទឹកដី​ Stamford Bridge ប៉ុន្តែ​ខុស​ពី​ការ​រំពឹង​ទុក​ កីឡាករ​រូប​នេះ​ធ្វើ​មិន​បាន​ល្អ​សោះ​នៅ​ទឹកដី​អង់គ្លេស​រហូត​ជម្រើស​ដំបូង​ធ្លាក់​ទៅ​លើ​ Olivier Giroud ​ជា​កីឡាកដែល​ក្លឹប​យក​ពី​ Arsenal ទៅ​វិញ។

#១ Tottenham Hotspurs (២០១៣-១៤)

បន្ទាប់​ពី​ Gareth Bale ឈាន​ដល់​កម្រិត​កំពូល​ហើយ​ចាកចេញ​ទៅ​ Real Madrid ក្នុង​តម្លៃ​ ៨៥​លាន​ផោន​បាត់​ទៅ​អ្នក​ចាត់​ការ​ Spurs ជំនាន់​នោះ​គឺ​លោក​ Andre Vilas-Boas បាន​នាំ​យក​ខ្សែ​ប្រយុទ្ធ​​ Roberto Soldado ទៅ​ជំនួស​នៅ​តំបន់​ប្រយុទ្ធ​តែ​កីឡាករ​រូប​នេះ​បាន​កម្រិត​ខុស​គ្នា​ឆ្ងាយ​ពី​ Bale ដោយ​លេង​៣​ឆ្នាំ​រក​បាន​៧​គ្រាប់​ប៉ុណ្ណោះ​ឲ្យ​ក្រុម​រហស្សនាម​ថា​មាន់​ខ្នាយ​មាស៕

ប្រភព៖ Wikipedia | Premier League   អត្ថបទ៖ វិរ័ត្ន