ហេតុ​ផល​​៣​​ ដែល​ Liverpool អាច​ស្គាល់​ជាតិ​ពាន​ Premier League លើក​ដំបូង​

  • 2018-07-31 03:16:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Liverpool ធ្លាប់​ជា​ក្រុម​ខ្លាំង​នៅ​បាល់ទាត់​អង់គ្លេស​កាល​ពី​ទសវត្ស​ឆ្នាំ​៧០ និង​៨០​ ដោយ​ឈ្នះ​ជើង​ឯក​លីគ​កំពូល​អង់គ្លេស​រហូត​១៨​ដង​ និង​ជើង​ឯក​ទ្វីប​អឺរ៉ុប​ចំនួន​៤​ដង​ក្នុង​យុគ​សម័យ​ដែល​មាន​កីឡាករ​ល្បី​ៗ​ដូចជា​ Kenny Dalglish, Ian Rush, Steve Grobbelaar, Alec Lindsay, Alan Hansen និង​ John Barnes ក្រោម​ការ​ដឹកនាំ​របស់​វីរបុរស​លោក​​ Bill Shankly, Bob Paisley, និង​ Joe Fagan ជា​ដើម។​

យ៉ាង​ណា​ចាប់​តាំង​ពី​ក្របខ័ណ្ឌ​កំពូល​អង់គ្លេស​ប្ដូរ​ឈ្មោះ​ទៅ​ជា​ Premier League មក​រយៈ​ពេល​២៨​ឆ្នាំ​ហើយ​ដែល​ក្រុម​រហស្សនាម​ថា​ហង្ស​ក្រហម​មិន​ធ្លាប់​​ឈ្នះ​ជើង​ឯក​ម្ដង​ណា​សោះ​ពោល​បាន​ត្រឹម​រង​ជើង​ឯក​ប៉ុណ្ណោះ​។ លើក​ចុង​ក្រោយ​ដែល​ Liverpool សឹង​តែ​ក្លាយ​ជា​ជើង​ឯក​លីគ​កំពូល​គឺ​នៅ​រដូវ​កាល​ ២០១៣/១៤​ តែ​បែរ​ជា​ភ្លាត់​អស់​ឱកាស​ទៅ​វិញ​បន្ទាប់​ពី​ចាញ់​ Chelsea និង​ស្មើ​ Crystal នៅ​៣​ប្រកួត​ចុង​ក្រោយ។

យ៉ាង​ណា​នៅ​រដូវ​កាល​ថ្មី​​ក្រុម​មាន​មូលដ្ឋាន​ឈ្មោះ​ Anfield បាន​ពង្រឹង​សមត្ថភាព​របស់​ខ្លួន​យ៉ាង​ខ្លាំង​ក្រោម​ការ​ដឹកនាំ​របស់​លោក​ Jurgen Klopp ដោយ​ចាយ​លុយ​ជាង​១០០​លាន​ផោន​ហើយ​លើ​ការ​ដោះដូរ​កីឡាករ។​ អ្នក​ចាត់ការ​សញ្ជាតិ​អាល្លឺម៉ង់​បាន​និយាយ​ថា​លោក​មាន​គ្រប់​កីឡាករ​ដែល​​ចង់​បាន​​អស់​ហើយ​ទល់​ពេល​នេះ​​ ហើយ​វា​ក៏​ដល់​ពេល​ដែរ សម្រាប់​ Liverpool ក្នុង​ការ​ចាប់​ផ្ដើម​ឈ្នះ​ពាន​រង្វាន់។​ ខាង​ក្រោម​គឺ​ជា​មូលហេតុ​សំខាន់​៣​យ៉ាង​ដែល​ក្រុម​នេះ​អាច​ឈ្នះ Premier League នៅ​រដូវ​កាល​ថ្មី៖

#៣ ការ​មក​ដល់​របស់​អ្នក​ចាំ​ទី​ Alisson Becker

Jurgen Klopp គឺ​ជា​អ្នក​ចាត់​ការ​ Liverpool ដំបូង​ដែល​ហ៊ាន​ចាយ​លុយ​ច្រើន​បំផុត​ទិញ​អ្នក​ចាំ​ទី​ ដោយ​បាន​ចាយ​៦៧​លាន​ផោន​ បំបែក​កំណត់ត្រា​ពិភពលោក​ទិញ​យក​ Alisson Becker ពី​ Roma។ ក្រុម​មួយ​នេះ​តែង​រង​ការ​រិះគន់​ថា​មាន​ប្រព័ន្ធ​ការពារ​អន់​ ពិសេស​គឺ​អ្នក​ចាំ​ទី​ចាប់​តាំង​ពី​ Reina ចាកចេញ​ទៅ។​ នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ Champions League ២០១៨​ ក្រុម​ Liverpool បាន​បាត់បង់​ពាន​ដោយ​សារ​កំហុស​២​លើក​ជាប់​គ្នា​របស់​អ្នក​ចាំ​ទី​ Lorius Karius ធ្វើ​ឲ្យ​ពួកគេ​ចាញ់​ Real Madrid ៣​ទល់​នឹង១​ ដូច្នេះ​ការ​ទិញ​យក​អ្នក​ចាំ​ទី​ដៃ​ទី​មួយ​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល​គឺ​ពិត​ជា​គ្រឿង​លើក​ទឹកចិត្ត​យ៉ាង​សំខាន់​ដល់​ក្រុម​សម្រាប់​ការ​ប្រជែង​ជើង​ឯក​លីគ​កំពូល​។

#២​ កំណត់ត្រា​ល្អ​ទល់​នឹង​ក្រុម​ខ្លាំង

Liverpool ប្រហែល​ជា​ស្មើ​ និង​ចាញ់​ច្រើន​ទល់​នឹង​ក្រុម​ខ្សោយ​ ឬ​មធ្យម​ តែ​ការ​ប៉ះ​ក្រុម​ខ្លាំង​វិញ​ពួកគេ​តែង​ធ្វើ​បាន​យ៉ាង​ល្អ។ ចាប់​តាំង​ពី​ Klopp ទៅ​ដល់​ Anfield ក្រុម​ Liverpool មាន​លទ្ធផល​វិជ្ជមាន​ច្រើន​ពេល​ប៉ះ​ក្រុម​ខ្លាំង​ៗ​ដូចជា Arsenal, Manchester United, Spurs, Manchester City និង​ Chelsea ជា​ដើម។​ កាល​ពី​រដូវ​កាល​មុន​ក្រុម​នេះ​បាន​ក្លាយ​ជា​ក្រុម​ដំបូង​ដែល​បញ្ចប់​កំណត់ត្រា​មិន​ដែល​ចាញ់​របស់​ City ដោយ​យក​ឈ្នះ​ ៤-៣​ នៅ​ Anfield រួច​បន្ត​យក​ឈ្នះ​នៅ​ Champions League ទៀត​សរុប​ទាំង​២​ជើង​ ៥​ទល់​នឹង​១។​ បើ​សិន​ Liverpool អាច​រក្សា​ការ​លេង​ល្អ​ទល់​ក្រុម​ខ្លាំង​ និង​លេង​កុំ​ឲ្យ​ភ្លាត់​ទល់​ក្រុម​តូចៗ​ដូច្នេះ​ពួកគេ​ពិត​ជា​មាន​សង្ឃឹម​ដើម្បី​លើក​ពាន​ Premier League។​

#ក្រុម​ប្រយុទ្ធ​៣​រូប​ដ៏​មាន​ឥទ្ធិពល​

ទោះ​មាន​ខ្សែ​ការពារ​ទន់​ តែ​ Liverpool គឺ​ជា​ក្រុម​​មាន​ប្រព័ន្ធ​ប្រយុទ្ធ​ខ្លាំង​មួយ​នៅ​លើ​ពិភពលោក​ពិសេស​គឺ​៣​រូប​ខាង​លើ​មាន​ Mohamed Salah, Mane និង​ Firmino។ Salah ជា​ម្ចាស់​ស្បែក​ជើង​មាស​នៅ Premier League និង​ស៊ុត​បញ្ចូល​ទី​សរុប​ ៤៤​គ្រាប់​គិត​លើ​គ្រប់​កម្មវិធី​កាល​ពី​រដូវ​កាល​មុន។​ ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អេហ្ស៊ីប​​​ក្ដោប​ពាន​ជា​ច្រើន​ទៀត​ដូចជា​កីឡាករ​ល្អ​ប្រចាំ​សប្ដាហ៍​ និង​កីឡាករ​ល្អ​ប្រចាំ​រដូវ​កាល​។ ងាក​ទៅ​ Firmino និង​ Mane វិញ​ក៏​មិន​ធម្មតា​ដូចគ្នា​ ត្បិត​ពួកគេ​មាន​គ្រាប់​បាល់​តិច​ជាង​ តែ​កីឡាករ​ទាំង​ពីរ​គឺ​ជា​កម្លាំង​សំខាន់​ជួយ​ជ្រោមជ្រែង​ Salah នៅ​តំបន់​ប្រយុទ្ធ​ដោយ​មិន​អាច​ខ្វះ​នរណា​ម្នាក់​បាន។ កីឡាករ​ទាំង​៣​រក​​គ្រាប់​សរុប​ជិត​១០០​គ្រាប់​ (៩១​គ្រាប់) ឲ្យ​ Liverpool នៅ​រដូវ​កាល​២០១៧/១៨៕

ប្រភព៖ Wikipedia | Premier League   អត្ថបទ៖ វិរ័ត្ន

អត្ថបទថ្មី