លោក ជើរី ថៃ៖ "មិនប្រកួតប្រជែង​លើតម្លៃ តែផ្ដោត​លើគុណភាព និងសេវាកម្មជាចម្បង"

  • 2018-07-31 04:14:52
  • ចំនួនមតិ

ចន្លោះមិនឃើញ

ថ្ងៃ​នេះ​ក្រុមការងារ​ផ្លូវ​ទៅស្រុក​វគ្គ២ នឹង​ណែនាំ​ពី​អាជីវកម្ម​ថ្មី​មួយ​ទៀត គឺមុខរបរ​ថតរូប​​ ។ ខាង​ក្រោម​នេះ គឺជារូបភាព ៥សន្លឹក បង្ហាញ​អំពី​ដំណើរ​ការ​នៃ​មុខរបរ​អ្នកជំនាញ​ថតរូប​ និង​ប្រវត្តិ​ត្រួសៗ ព្រម​ទាំង​គំនិត​នៃ​ការ​រកស៊ី ដែលផ្ដោតសំខាន់​លើ​គុណភាព និង​សេវាកម្ម។

១. លោក ថៃ វ៉ាន់ថា ហៅ ជើរី ថៃ វ័យ៣៥ឆ្នាំ គឺជា​ស្ថាបនិក និង​ជា​អ្នក​គ្រប់គ្រង​ស្ទូឌីយោ​ថតរូប @Home Photography នៅ​រាជធានី​ភ្នំពេញ។ ដោយ​សេចក្ដី​ស្រលាញ់ លោក ជើរី ថៃ បាន​ប្រឡូក​ក្នុង​វិស័យ​ថតរូប​នៅឆ្នាំ ២០០៩ ហើយ ឆ្នាំ២០១១ លោក​និង​ក្រុម​ការងារ​ផ្ដល់​សេវា​ថត​រូប​ដល់​អតិថិ​ជន​ ជា​លើក​ដំបូង​។

២. បច្ចុប្បន្ន ក្រៅតែ​ពី​បំពេញ​ការងារ​ជា​អ្នក​គ្រប់គ្រង លោក​ក៏ជា​ជាង​ថត និង​ជា​គ្រូ​បង្រៀន​ថតរូប​នៅ Canon​ Imaging Academy ផង​ដែរ។ ក្រុម​ការងារ​ថតរូប​របស់​លោក​ភាគច្រើន គឺជា​សិក្ខាកាម​ដែល​ធ្លាប់​ឆ្លងកាត់​ការ​បណ្ដុះ​បណ្ដាល​របស់​លោក និង មាន​និស្ស័យ​ស្រឡាញ់​ការ​ថតរូប។ នៅ​ក្នុង​រូបនេះ លោក ជើរី ថៃ កំពុង​ពន្យល់​ណែនាំ​កិច្ចការ​ខ្លះ ដល់​ក្រុម​ការងារ មុននឹង​ថតរូប​ជូន​អតិថិជន។

៣. @Home Photography ផ្ដល់​សេវា​ថត​រូប​គ្រប់​ទី​កន្លែង ទាំង​ក្នុង​ស្រុក និង​ក្រៅ​ស្រុក ដែល​មាន​ដូចជា ថត​រូប​មុន​អាពាហ៍ពិពាហ៍ ថត​រូប​ក្នុង​មង្គលការ ថត​រូប​បែប​ពាណិជ្ជកម្ម ថត​រូប​ក្នុង​ពិធី​ផ្សេងៗ​ជាដើម។ នៅ​ក្នុង​រូបនេះ លោក ជើរី ថៃ និង​ក្រុម​ការងារ​កំពុង​ថត​រូប​មុន​អាពាហ៍ពិពាហ៍​ឱ្យ​អតិថិន នៅ​ក្នុង​តំបន់​មួយ នា​ខេត្ត​កោះកុង។

៤. នៅ​ក្នុង​ការ​ថតរូប លោក ជើរី ថៃ តែង​បំពេញ​តម្រូវការ​របស់​អតិថិជន​ជានិច្ច។ សម្រាប់​លោក បើ​អតិថិជន​សប្បាយ​ចិត្ត​នឹង​ស្នាដៃ​លោក នោះ​មានន័យថា​អាជីវ​កម្ម​របស់​លោក កំពុង​បោះ​ជំហាន​ទៅ​រក​ភាព​ជោគជ័យ​ហើយ។ នៅ​ក្នុង​រូបនេះ លោក ជើរី ថៃ កំពុង​បង្ហាញ​រូបភាព​ដែល​ទើប​ថត​បាន ឱ្យ​អតិថិជន​របស់​ខ្លួន។

៥. រូបថត ដែល​ថត​បាន​ពី​គ្រប់ទិសទី នឹង​ត្រូវ​ទម្លាក់​ទៅ​អោយ​ក្រុម​ការងារ​នៅ​ក្នុង​ស្ទូឌី​យោ ដើម្បី​រៀបចំ​រចនា​បន្ថែម មុន​នឹង​យក​ទៅ​ជូន​អតិថិជន។ នៅ​ក្នុង​អាជីវ​កម្ម​មួយ​នេះ លោក​ជើរី ថៃ មិន​ប្រកួតប្រជែង​លើ​តម្លៃ​នោះ​ទេ តែ​លោ​ក​ប្រកួត​ប្រជែង​លើ​គុណភាព និង សេវាកម្ម​ជាចម្បង៕


អត្ថបទ៖ ក្រុមការងារផ្លូវទៅស្រុក