ព្រាប សុវត្ថិ បញ្ជាក់រឿងស៊ីកម្រៃជើងសារ ពី ឡេង ណាវ៉ាត់ត្រា លើជំនួញជាង៥លានដុល្លារ

  • 2018-08-01 04:28:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ប្រកាស​គម្រោង​ពុះ​ដី​ឡូត៍​លក់​លើ​ផ្ទៃដី​ជាង​១៣ហិកតា ដោយ​ប្រើ​ដើម​ទុន​ជាង​៥លាន​ដុល្លារ រវាង​​តារា​​ចម្រៀង​លោក ព្រាប សុវត្ថិ ជា​មួយ​ឧកញ៉ា វ័យ​​ក្មេង​ឡេង ណាវ៉ាត់ត្រា ភ្លាម មាន​ការ​លើក​ឡើង​ពី​មហាជន​មួយ​ចំនួន​​ថា វត្តមាន​របស់​តារា​ចម្រៀង ព្រាប សុវត្ថិ លើ​ជំនួញ​នោះ តារា​ចម្រៀង​រូប​នេះ​មិន​មាន​ភាគហ៊ុន​ឡើយ ពោល​លោក​​គ្រាន់​តែ​ឈរ​ឈ្មោះ​ឲ្យ ដើម្បី​ទាក់ទាញ​អតិថិជន​មក​ទិញ​ដី​នោះ​ជា​ថ្នូរ​នឹង​ការ​​ទទួល​បាន​កម្រៃ​ជើងសា​រពី​ការ​លក់​ប៉ុណ្ណោះ ប៉ុន្តែ​ការ​លើក​ឡើង​នេះ ត្រូវ​បាន​លោក ព្រាប សុវត្ថិ​ ច្រាន​ចោល​​ថា មិន​មែន​ជា​ការ​ពិត​ឡើយ។

លោក ព្រាប សុវត្ថិ​ បាន​បញ្ជាក់​ថា ខ្លួន​គឺ​ពិត​ជា​មាន​ភាគ​ហ៊ុន​លើ​គម្រោង​ពុះ​ដី​ឡូត៍​​លក់​លើ​ផ្ទៃដី​ជាង​១៣ ហិកតា ដោយ​ប្រើ​ដើម​ទុន​ជាង​៥លាន​ដុល្លារ ​នោះ​ពិត​ប្រាកដ​មែន មិនមែន​មក​ឈរ​ឈ្មោះ ដើម្បី​ទទួល​បាន​កុំមីស្យុង ​ឬ​កម្រៃ​ជើងសា​រដូច​ការ​លើក​​ឡើង​ឡើយ ប៉ុន្តែ​បែប​នេះ​ក្ដី តារា​ចម្រៀង​រូប​នេះ​មិន បាន​បង្ហើប​ពី​ភាគហ៊ុន​​របស់​ខ្លួន​មាន​ប៉ុន្មាន​ភាគរយ​ឡើយ។

"ដោយសារ​យើង​មាន​អារម្មណ៍​ដូច​គ្នា គាត់​ជោគជ័យ​ខ្លាំង​លើ​មុខរបរ​​នេះ យើង​ក៏​បាន​ជួប​គ្នា​ពិភាក្សា​គ្នា យើង​​យើង​ក៏​ព្រម​រក​ស៊ី​ជា​មួយ​គ្នា មិន​មែន​ជា​ការ​ស៊ី​ក្បាល​កាក់ ​ឬកុំមីស្យង​ឡើយ គឺ​យើង​មាន​ភាគហ៊ុន​ជា​មួយ​គ្នា" លោក ព្រាប សុវត្ថិ​ ​ថ្លែង។

កំពូល​តារា​ចម្រៀង​ល្បី​ឈ្មោះ​​ប្រចាំ​ប្រទេស​កម្ពុជា​រូប​នេះ​បាន​បន្ត​​លើក​ឡើង​ថា មុន​ការ​ការ​សម្រេច​​​ចិត្ត​លោក​បាន​​សិក្សា​ល្អិតល្អន់​​ណាស់ អ្វី​ដែល​ពិសេស​ជាង​នេះ​ទៅ​ទៀត​នោះ លោក​​សម្លឹង​ឃើញ​ថា ឧកញ៉ា​វ័យ​ក្មេង​រូប​នេះ​គឺ​ជា​​អ្នក​ជំនួញ​ម្នាក់​មាន​​​បទ​ពិសោធន៍​​​ច្រើន​​ក្នុង​ការ​រក​ស៊ី និង​ជា​មនុស្ស​តែងតែ​​ចូល​រួម​​សកម្មភាព​​សប្បុរសធម៌​​ច្រើន ដូច​នេះ​ប្រសិន​បើ​អ្នក​ទាំង​ពីរ​រក​ស៊ី​ជា​មួយ​គ្នា ច្បាស់​ជា​ជោគជ័យ​ជាក់​ជា​មិន​ខាន។

ទោះបី​ជា​លោក​គឺ​ជា​តារា​ចម្រៀង​ដែល​អាច​រក្សា​ប្រជាប្រិយភាព​រហូត​ដល់​​ទៅ​ជាង​២០ឆ្នាំ​ហើយ​ក្ដី ប៉ុន្តែ​សម្រាប់​ជំនួញ​ដី​ធ្លី ​និង​សំណង់​ផ្ទះ​ល្វែង​នេះ​លោក ព្រាប សុវត្ថិ ទទួល​ស្គាល់​ថា ខ្លួន​នៅ​ក្មេង​ខ្ចី​ខ្លាំង​ណាស់ ដូច​នេះ​ត្រូវ​​​ទទួល​ការ​បង្ហាត់​បង្រៀន​ពី ឧកញ៉ា​ឡេង ណាវ៉ាត់ត្រា បន្ថែម​ទៀត ដើម្បី​ឲ្យ​កាន់​តែ​ជោគជ័យ​​ថែម​ទៀត។

មុន​​​​ការ​បោះ​ទុន​រួម​គ្នា​លើក​ទឹក​ប្រាក់​ជាង​៥លាន​ដុល្លារ​ដូច​បាន​រៀបរាប់​ខាង​លើ តារាចម្រៀង ​ព្រាប សុវត្ថិ ​ធ្លាប់​បាន​បោះ​ទុន​រក​ស៊ី​មុខ​របរ​នេះ​នៅ​ឯ​ផ្លូវ​៥១ ជិត​ផ្សារ​បាត់ដឹង​ជា​មួយ​នឹង​ម្ចាស់​ភាគ​ហ៊ុន​ផ្សេង​ទៀត​ផង​ដែរ ដោយ​ដី​របស់​លោក​នៅ​ទី​​នោះ​កំពុងតែ​​បន្ត​ដាក់​លក់ ប៉ុន្តែ​សល់​មិន​សូវ​ច្រើន​ឡូត៍​ឡើយ។ ចំពោះ​ការ​បោះ​ទុន​ជា​មួយ ឧកញ៉ា​ឡេង ណាវ៉ាត់ត្រា​ នេះ ​ក្រៅ​ពី​គម្រោង​ទិញ​ដី​រួមគ្នា​ដើម្បី​ពុះឡូត៍ អ្នក​ទាំង​ពី​​គ្រោង​នឹង​ប្រកាស​​លើ​កិច្ច​ព្រមព្រៀង​ថា​សង់​បុរី​រួមគ្នា​បន្ថែម​ពី​លើ​គម្រោង​ទិញ​ដី​ពុះ​ឡូត៍​នៅ​តំបន់​ផ្សេង​ទៀត​ផង​ដែរ៕

អត្ថបទៈ ស៊ុនហួត

អត្ថបទថ្មី