ហ្គេម Fortnite នឹងគ្មានថ្ងៃដាក់ឲ្យដំឡើងលើ Play Store នោះទេ

  • 2018-08-04 05:26:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Epic Games បាន​ប្រកាស​ថា​​នឹង​មិន​ដាក់​ហ្គេម​ដ៏​ល្បី​របស់​ខ្លួន​ឲ្យ​ទាញយក​នៅ​លើ​ Play Store របស់​ Google នោះ​ទេ។ ផ្ទុយ​ទៅ​វិញ​ក្រុមហ៊ុន​គ្រោង​នឹង​បញ្ចេញ​ហ្គេម​នេះ​ឲ្យ​អ្នក​ប្រើ​ប្រាស់​ទាញយកតាម​រយៈវិបសាយ​ផ្លូវ​ការ​របស់​ Fortnite ជំនួស​វិញ។

នេះ​មាន​ន័យ​ថា​អ្នក​ប្រើ​ប្រាស់​ទូរសព្ទ​ Android នឹង​អាច​ទាញ​យក​ហ្គេម​ Fortnite ដាក់​លេង​លើ​ទូរសព្ទ​តាម​រយៈ​វិបសាយ​ Fortnite ផ្ទាល់។ ការ​ប្រកាស​នេះ​ ក្រោយ​ពី​មាន​ការ​ចេញ​ផ្សាយ​ថា​ Epic Games នឹង​​ហក់​រំលង​ Google ចំពោះ​​ការ​ដាក់​ឲ្យ​ហ្គេម​នេះ​លេង​លើ​ទូរសព្ទ Android ក្នុង​ពេល​ខាង​មុខ។

មានហេតុផលពីរដែល Epic Games សម្រេច​ចិត្តបែប​នេះ ទី​មួយ​គឺ​ចង់​រក្សា​ការ​មាន​ទំនាក់ទំនង​ផ្ទាល់ៗជាមួយអតិថិជនរបស់ខ្លួន និងទីពីរទាក់ទងនឹងហិរញ្ញវត្ថុ។ ប្រសិន​បើ​ដាក់​លើ​ Play Store នោះ Epic Games ត្រូវ​ចែកចំណូល​ ៣០% របស់​ខ្លួន​ឲ្យ​ទៅ​ Google ដែលជា​ភាគ​រយ​ដ៏​ខ្ពស់​មួយ។

សម្រាប់ iOS ឯណោះ​វិញ Epic Games បាន​សម្រេច​ចិត្ត​ថា​​​ប្រើ​ App Store ជា​​ឈ្មួញ​កណ្ដាល​របស់​ខ្លួន ដោយ​ហេតុផល​ទំនង​ជា​ដោយ​សារ​តែ​គ្មាន​វិធីសាស្ត្រ​ផ្សេង​ដែល​អាច​ឲ្យ​អ្នក​ប្រើ​ប្រាស់​ឧបករណ៍​ iOS ងាយ​ស្រួល​ទាញ​យក​ហ្គេម​ជាង​លើ App Store នោះ​ទេ។ គួរ​ដឹង​ថា​ Apple ខុស​ពី​ Google ដោយ​មិន​អនុញ្ញាត​ឲ្យ​អ្នកប្រើ​ប្រាស់​ទាញ​យក​កម្មវិធី​ដែល​មិន​បាន​ឆ្លង​កាត់​ការ​ពិនិត្យ​នោះ​ទេ។

មក​ទល់​ពេល​នេះ​គេ​នៅ​មិន​ទាន់​ដឹង​ច្បាស់​ថា​ហ្គេម​ Fortnite នឹង​មាន​សម្រាប់​ Android នៅ​ពេល​ណា​នោះ​ទេ ប៉ុន្តែ​មាន​ពាក្យ​ចចាមអារ៉ាម​ថា​ហ្គេម​នេះ​នឹង​ចេញ​ផ្ដាច់​មុខ​សម្រាប់​តែ​ Galaxy Note 9 ដែល​ត្រៀម​ប្រកាស​នៅ​ថ្ងៃ​ទី​ ៩ ខែ​សីហា​ខាង​មុខ​។ យ៉ាងណាក្ដីក្រុមហ៊ុន​ Epic Games មិនបានឆ្លើយតបពី​ចចាមអារ៉ាម​នេះ​ទេ៕

ប្រភព៖ The Verge   ប្រែ​សម្រួល៖ សុខហេង