ហៀង ស្រីនាង ខំប្រឹងដុះខាត់សមត្ថភាពដើរម៉ូដ ដើម្បីក្លាយជាម៉ូដែលអាជីព​ អាចល្បីឈ្មោះដល់ក្រៅប្រទេស

  • 2024-05-07 09:12:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាយុទើប១២ឆ្នាំ យុវតីរូបស្រស់ ហៀង ស្រីនាង មានមហិច្ឆិតាខ្ពស់ ចង់ក្លាយជាតារាម៉ូដែលអាជីពដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញក្នុងនិងក្រៅប្រទេស ដើម្បីមានឱកាសប្រម៉ូតផ្សព្វផ្សាយពីទម្រង់សិល្បៈ វប្បធម៌ និងប្រពៃណីដ៏ផូរផង់របស់ខ្មែរបង្ហាញទៅកាន់ពិភពលោក។

ក្រោមការជួយជ្រោមជ្រែងគាំទ្រយ៉ាងពេញទំហឹងពីសាច់ញាតិក្រុមគ្រួសារ ស្រីនាង បានចូលហាត់រៀនពីមូលដ្ឋានគ្រឹះនៃការដើរម៉ូដក្នុងសាលារបស់អ្នកច្នៃម៉ូដ និងជាគ្រូជំនាញដើរ Catwalk លោក អូលីវ៉ា គង់។

រយៈពេលប្រមាណ ១ ឆ្នាំ យុវតី ហៀង ស្រីនាង ចេះដើរបង្ហាញម៉ូដ និងកាច់ស្ទីល៍ pose យ៉ាងស្ទាត់ជំនាញ ថែមទាំងមានឱកាសបានចូលរួមដើរបង្ហាញម៉ូដកម្មវិធី Fashion show លំដាប់អន្តរជាតិបានចំនួន ២ លើក រួមមាន៖ Vietnam International Junior Fashion Week នៅប្រទេសវៀតណាម និងកម្មវិធីដើរម៉ូដលំដាប់អន្តរជាតិ ASIA FASHION RUNWAY COLLECTION នៅប្រទេសម៉ាឡេស៊ី។

មិនទាន់អស់នៅឡើយទេ ម៉ូដែលវ័យក្មេងពោរពេញដោយសមត្ថភាពទេពកោសល្យរូបនេះ ក៏បានស្ម័គ្រចិត្តចូលរួមដើរបង្ហាញម៉ូដមហាព្រឹត្តិការណ៍សិល្បៈដ៏ធំអស្ចារ្យ «រាត្រីចងចាំ និងរាត្រីសមោសរ» ឆ្នាំ២០២៣ នៅទឹកដីអង្គរ ខេត្តសៀមរាប និងកម្មវិធីកម្មវិធី «រាត្រីសមោសរសំពត់បត់ខ្មែរ» អមដោយ «ពិព័រណ៍សិប្បកម្មយើង» លើកទី១ ដែលរៀបចំឡើងដោយ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កាលពីដើមខែមីនា ឆ្នាំ២០២៤ ផងដែរ។

កន្លងមក តារាម៉ូដែលវ័យក្មេងគួរឱ្យស្រលាញ់ ហៀង ស្រីនាង ធ្លាប់ផ្តល់កិច្ចសម្ភាសន៍ឱ្យដឹងថា ទៅថ្ងៃអនាគតនាងចង់ក្លាយជាតារាម៉ូដែលអាជីពម្នាក់ មានកេរ្តិ៍ឈ្មោះល្បីសុះសាយនៅក្នុង និងក្រៅប្រទេស ដើម្បីនាងមានឱកាសប្រម៉ូតផ្សព្វផ្សាយពីសិល្បៈ វប្បធម៌ អរិយធម៌ ដ៏ល្អផូរផង់របស់ខ្មែរទៅលើឆាកអន្តរជាតិ ដូចដែលលោកគ្រូ អូលីវ៉ា ធ្លាប់ឱ្យឃើញនៅពេលនេះ។

ដើម្បីឱ្យក្តីស្រមៃដ៏ធំនេះក្លាយជាការពិត ស្រីនាង នឹងខំប្រឹងដុះខាតសមត្ថភាពខ្លួនឯងបន្ថែម ហើយបើមានឱកាសនាងនឹងចូលរួមដើរបង្ហាញម៉ូដកម្មវិធីជាតិ-អន្តរជាតិបន្តបន្ទាប់ទៀតទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន ដែលនេះជាការកសាងស្នាដៃ និងជំហានឆ្ពោះទៅរកក្តីស្រមៃជាតារាម៉ូដែលអាជីពម្នាក់នាពេលអនាគត។ ទោះបីចិត្តស្រលាញ់វិស័យសិល្បៈ និងការដើរម៉ូដខ្លាំង តែយុវតីវ័យ១២ឆ្នាំនេះមិនដែលគិតបោះបង់ចោលការសិក្សាឡើយ ផ្ទុយទៅវិញមានតែប្រឹងលៃលកពេលវេលាឱ្យបានល្អ កុំឱ្យការដើរម៉ូដជះឥទ្ធិពលដល់ការសិក្សា ព្រោះនាងជឿជាក់ថា ការសិក្សាជារឿងសំខាន់ បើថ្ងៃក្រោយយើងក្លាយជាតារាបង្ហាញម៉ូដអាជីពក៏យើងត្រូវមានការសិក្សាខ្ពស់ផងដែរ។

ក្រៅពីការដើរម៉ូដ ស្រីនាង ក៏ស្រលាញ់ទម្រង់សិល្បៈបុរាណខ្មែរ និងចេះរាំរបាំបុរាណខ្លះ ហើយនាងក៏មានបំណងចង់រៀនជំនាញសិល្បៈផ្សេងៗបន្ថែមទៀត ដើម្បីអភិវឌ្ឍសមត្ថភាពខ្លួនឯងឱ្យកាន់តែខ្លាំងក្លាជាងនេះ៕

រូបភាព៖ ហ្វេសប៊ុក Heang Sreyneang

អត្ថបទ៖ Ah Mouy

អត្ថបទថ្មី