Dailymail របស់​អង់គ្លេស​ចុះផ្សាយ​ពី​ស្ពាន​កោះ​ប៉ែន​ថា​ជា​ស្ពាន​ឫស្សី​ដ៏​អស្ចារ្យ តែ​បារម្ភ​ខ្លាច​បាត់បង់​

  • 2018-08-05 03:47:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ជា​ស្ពាន​ឫស្សី​ដែល​មាន​ប្រវែង​ប្រមាណ ១ពាន់​ម៉ែត្រ សារព័ត៌មាន​ Dailymail ដ៏​មាន​ប្រជាប្រិយភាព​របស់​អង់គ្លេស បាន​រៀបរាប់​ថា​ជា​ស្ពាន​ដ៏​អស្ចារ្យ​ធ្វើ​ពី​ឫស្សី​ ៥០ ០០០ ដើម ភ្ជាប់​ក្រុង​កំពង់ចាម ឆ្លង​ទៅ​កោះ​ប៉ែន ដែល​មាន​ផ្ទះ​ប្រជាពលរដ្ឋ​ប្រមាណ ១ ០០០ គ្រួសារ​លើ​កោះ​នោះ។

អ្វី​ដែល​មិន​គួរ​ឲ្យ​ជឿ​គឺ​ ស្ពាន​នេះ​ត្រូវ​បាន​គេ​រុះរើ​ និង សាងសង់​ឡើង​វិញ​ជា​រៀង​រាល់​ឆ្នាំ ពោល​គឺ​ធ្វើ​នៅ​រដូវ​ប្រាំង និង រុះរើ​នៅ​រដូវ​វស្សា ហើយ​ការ​រុះរើ និង ធ្វើ​ឡើង​វិញ​របៀប​នេះ​​ត​មក​អស់​ជា​ច្រើន​ទសវត្ស​មក​ហើយ។ ប្រភព​ខាង​លើ​បន្ត។

ស្ពាន​ឫស្សី​នេះ​មិន​ត្រឹម​តែ​សម្រាប់​អ្នកថ្មើរជើង​ដើរ​ឆ្លង​កាត់​ទន្លេ​​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​​រឹងមាំ​គ្រប់គ្រាន់​ឲ្យ កង់​ ម៉ូតូ រថយន្ត និង ឡាន​ដឹក​ទំនិញ ឆ្លង​កាត់​បាន​ទៀត​ផង។

ប្រភព​ខាង​លើ​បន្ត​ថា អ្នក​ភូមិ​ដែល​ចង់​ឆ្លង​កាត់​ស្ពាន​នេះ​ត្រូវ​​បង់​ប្រាក់ ១០០ រៀល​ដែល​មាន​តម្លៃ​ត្រឹម​​១​កាក់​​ឬ​មួយ​សេន។ ភ្ញៀវ​ទេសចរ​បរទេស​​តម្រូវ​ឲ្យ​បង់​លើស​អ្នក​ក្នុង​ស្រុក​​៤០ដង (តម្លៃ​១​ដុល្លារ)។ រដូវ​វស្សា ពេល​ស្ពាន​ឫស្សី​មិន​នៅ អ្នកដំណើរ​ជិះ​ទូកដ ឬ សាឡាង ដើម្បី​ឆ្លង​ទន្លេ។

ទោះជាយ៉ាងណា គេ​ក៏​មិន​ច្បាស់​ដែរ​ថា​​​ប្រពៃណី​នៃ​ការសាងសង់​និង​រុះរើ​ស្ពាន​ឫស្សី​នេះ​នឹង​បន្ត​ដល់​ពេល​ណា។ កាល​ពី​ឆ្នាំ​មុន​ស្ពានបេតុង​​របស់​រដ្ឋាភិបាល​កម្ពុជា​ត្រូវ​បាន​សាងសង់​ឡើង នាំ​ឱ្យ​មាន​ការ​ព្រួយ​បារម្ភ​​ថា​ស្ពាន​ឫស្សី​នឹង​មិន​មក​វិញ​ទេ។ Dailymail បន្ថែម​។

ប៉ុន្តែ​អ្នក​ដំណើរ​ម្នាក់​ដែល​បាន​ទៅ​លេង​ខេត្ត​កំពង់ចាម​កាល​ពី​ខែ​មេសា​បាន​បញ្ជាក់​ថា​ស្ពាន​នេះ​នៅ​តែ​មាន​ និង នៅ​តែ​រឹង​មាំ ប៉ុន្តែ វា​តូច​ជាង​មុន៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ សុខ លាងហ៊ត