Mourinho សារភាព​ថា​ Man Utd រដូវ​កាល​នេះ​ពិបាក​ប្រជែង​ក្រុម​ដទៃ​

  • 2018-08-06 03:53:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Jose Mourinho បាន​ទទូច​ឲ្យ​ក្លឹប​ Manchester United ព្យាយាម​ធ្វើ​យ៉ាង​ណា​ចុះហត្ថលេខា​យក​កីឡាករ​ថ្មី​ឲ្យ​បាន​មុន​ទីផ្សារ​ដោះដូរ​កីឡាករ​នៅ​អង់គ្លេស​បិទ​ទ្វារ​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ។​

Mourinho

United បាន​ព្យាយាម​ទាក់ទង​កម្លាំង​សំខាន់​២​រូប​មួយ​រយៈ​មក​ហើយ​គឺ Harry Maguire និង​ Toby Alderweireld ក្រោយ​ទិញ​បាន​ Fred, Diogo Dalot និង​អ្នក​ចាំ​ទី​ដៃ​ទី​៣​ Lee Grant ប៉ុន្តែ​ក្លឹប​នៅ​មិន​ទាន់ ជោគជ័យ​ក្នុង​ការ​ចុះ​ហត្ថលេខា​យក​អ្នក​ទាំង​នោះ​នៅ​ឡើយ។​

ភាព​កម្សោយ​ក្នុង​ការ​នាំ​យក​កីឡាករ​ថ្មី​នេះ​ធ្វើ​ឲ្យ​ក្លឹប​រហស្សនាម​ថា​បិសាច​ក្រហម​ហាក់​ចាញ់​ប្រៀប​គូ​ប្រជែង​ដែល​ចាយ​លុយ​​ឥត​ស្រាកស្រាន្ត​ដូចជា​ Liverpool ជា​ដើម សូម្បី​តែ​ Manchester City ដែល​មាន​ក្រុម​ខ្លាំង​ស្រាប់​នៅ​ទិញ​បាន​ Riyad Mahrez ពី​ Leicester City ដែរ​។

និយាយ​ក្រោយ​ចាញ់​ Bayern ១-០ ក្នុង​ជំនួប​មិត្តភាព​ Mourinho បាន​ប្រាប់​ថា៖ "មេ​ដឹង​ពី​តម្រូវ​ការ​របស់​ខ្ញុំ​ ហើយ​គាត់​ក៏​កំពុង​ព្យាយាម​សម្រេច​វា។​ ពួក​យើង​នៅ​សល់​ប៉ុន្មាន​ថ្ងៃ​ទៀត​ដើម្បី​ដឹង​ថា​អ្វី​នឹង​កើត​ឡើង។​ គូ​ប្រជែង​របស់​យើង​គឺ​ពិតជា​ខ្លាំង Chelsea, Tottenham, Manchester City ហើយ​ក្រុម​ខ្លះ​​ដូចជា​ Liverpool បាន​ទិញ​សុទ្ធ​​កីឡាករ​ល្អ​ៗ​ ដូច្នេះ​បើ​​ចាញ់​ប្រៀប​គេ​ រដូវ​កាល​នេះ​នឹង​ពិបាក​សម្រាប់​យើង"៕

ប្រភព៖ Sky Sports   ប្រែសម្រួល៖ វីរ័ត្ន