រ៉ាវុធ យុវជន​ខ្មែរ​ច្នៃ​មិន​ទំនេរ​ដៃ អស់​ពី​ម៉ាស៊ីន​មួយ​ចូល​មួយ​ទៀត​គួរ​ឲ្យ​ស្ងើច​សរសើរ!(វីដេអូ)

  • 2018-08-06 04:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យុវជន សង រ៉ាវុធ ដែល​ប្រិយមិត្ត​ខ្លះ​ប្រហែល​ជា​បាន​ស្គាល់​ហើយ​តាម​រយៈ​ស្នាដៃ​បង្កើត​ថ្មី ដោយ​ប្រើប្រាស់​សម្ភារៈ​ចាស់ៗ​មក​ច្នៃ​ចេញ​ជា ម៉ាស៊ីន​បាញ់​សម្លាប់​សត្វល្អិត​ដែល​តែង​តែ​បំផ្លាញ​ដំណាំស្រូវ ដំឡូវ ឬស្វាយ ដោយ​ប្រើ​តេឡេ​បញ្ជា​ពី​ចម្ងាយ​និង​ដំណើរការ​ស្វ័យ​ប្រវត្តិ​ទៀត​ផង។

ម៉ាស៊ីនថ្មីបាញ់​លើ​ដំណាំ​ស្វាយ​ចន្ទី

កាលពីពេល​ថ្មីៗ​ យុវជន​មាន​ស្រុក​កំណើត​នៅ​ចុងកាល់​ខេត្ត​ឧត្តរ​មាន​ជ័យ​រូប​នេះ ទើប​នឹង​បង្កើត​បាន​ម៉ាស៊ីន​បាញ់​ថ្នាំ​ស្រូវ​មួយ​ទៀត ដែល​មាន​រូប​រាង​ប្លែក​ជាង​មុន និង​សមត្ថភាព​អាច​ជួយ​កសិករ​បាន​ច្រើន​មែន​ទែន ពោល​គឺ​ក្នុង​មួយ​ហិតតា ចំណាយ​ពេល​បាញ់​តែជាង ៣០ នាទី​ប៉ុណ្ណោះ។ ម៉ាស៊ីន​ថ្មី​ ច្នៃ​ដោយ​កង់​ដាក់​ដុំ​មិន​ឲ្យ​ជាប់​ស្មៅ អាច​ផ្ទុក​ធុង​ថ្នាំ​បាន ១០០ លីត្រ អាច​បាញ់​លើ​ដំណាំ​ស្វាយ​ចន្ទី ទុរេន និង​ស្វាយ​ ដែល​មាន​ដើម​ខ្ពស់ៗ​ជា​ដើម​។

រ៉ាវុធ បាន​លើក​ឡើង​ពី​អត្ថប្រយោជន៍​ពី​ម៉ាស៊ីន​បាញ់​ថ្នាំ អាច​ជួយ​សម្រាល​បន្ទុក​ការងារ ជៀស​ផុត​ពី​សត្វ​អសិរិពិស​នានា និង​ជៀស​ផុត​ពី​ការ​ពុល​ថ្នាំ​បាញ់​ជាដើម។

បើ​និយាយ​ពី​តម្លៃ​ជួល​គេ​បាញ់​ថ្នាំ មួយ​ហិចតា​តម្លៃ ១៥ ដុល្លារ។ ជាមួយ​ម៉ាស៊ីន​នេះ ក្រៅ​ពី​ទុក​ប្រើប្រាស់​ខ្លួន​ឯង កសិករ​អាច​យក​ទៅ​ស៊ី​ឈ្នួល​ឲ្យ​អ្នក​ផ្សេង​ទៀត​ក្នុង​មូលដ្ឋាន​បាន​ផង​ដែរ។

ពី​មុន​ការ​ដើរ​ស្ពាយ​បំពង់​ថ្នាំ​បាញ់​លើ​ខ្នង ប្រឈម​នឹង​ការ​ប៉ះ​ពាល់​សារធាតុ​គីមី​រហូត​ដល់ ៩០% ឯណោះ។ ដោយ​ឡែក​ចំពោះ​ម៉ាស៊ីន​នេះ អាច​ឲ្យ​អ្នក​ជៀស​ផុត​ពី​សារធាតុ​គីមី​បាន​ដល់ ៩០% វិញ។

រ៉ាវុធ អង្គុយលើ​ម៉ាស៊ីន​បាញ់​ថ្នាំ​របស់គេ

គិត​មក​ដល់​ឥឡូវ ស្នាដៃ​បង្កើត​ថ្មី​របស់​យុវជន​ខ្មែរ​រូប​នេះ​មាន​ចំនួន ៣ ផ្សេងៗ​គ្នា​ហើយ ដែល​សុទ្ធ​តែ​ជា​ម៉ាស៊ីន​សម្រាប់​បម្រើ​ឲ្យ​កសិករ​ក្នុង​ការ​ធ្វើ​ចម្ការ​នានា ក្នុង​នោះ​ដែរ ក៏​មាន​តម្លៃ​រៀងៗ​ដូចជា ម៉ាស៊ីន​បាញ់ម៉ាស៊ីន​បាញ់​ថ្នាំ​ស្រូវ តម្លៃ ៨៥០ ដុល្លារ ឯ​ម៉ាស៊ីន​បាញ់​ថ្នាំ​ស្រូវ​និង​ដំឡូង ​ផ្ទុក​ធុង​ថ្នាំ​បាន ២០០ លីត្រ​តម្លៃ ១៣៥០ ដុល្លារ។ ចំណែក​គោយន្តប្រើតេឡេបញ្ជា និង​ម៉ាស៊ីន​ថ្មី​មិន​ទាន់​បញ្ចេញ​តម្លៃ​នៅ​ឡើយ​ទេ។

ចំពោះ​ប្រិយមិត្ត​​ដែល​មាន​បំណង​វិនិយោគ ឬ​ផ្តល់​ជំនួយ​សម្ភារៈ​នានា ដល់​យុវជន​បង្កើត​ឧបករណ៍​ដ៏​ពិសេស​នេះ អាច​ទាក់​ទង​តាម​លេខ​ 098 248 058៕

ទស្សនាវីដេអូខាងក្រោម៖

អាន​អត្ថបទ​បន្ត៖

អត្ថបទ៖ រក្សា

អត្ថបទថ្មី