បើ​អ្នកភូមិដឹង​ពិតជា​រំភើបមិនស្ទើរ ស្រុក​មួយ​នៅ​តាកែវ​ត្រូវ​ជ្រើសរើស​សម្រាប់គម្រោងភូមិឌិជីថល

  • 2018-08-07 03:20:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រភពពី​ក្រ​សួងព័ត៌មាន​ឲ្យ​ដឹង​ថា​កម្ពុជា និង​ភាគី​ឥណ្ឌា​បាន​សម្រេច​ជ្រើស​យក​ស្រុក​មួយ​ក្នុង​ខេត្ត​តាកែវ​ដើម្បី​សាក​ល្បង​ភូមិ​ឌីអីថល ក្នុង​ក្រមខណ្ឌកិច្ច​សហប្រ​តិបត្តិការ​លើ​វិស័យ​​ប្រៃសណីយ៍ ទូរគមនាគមន៍ និងវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាននៃ​ប្រ​ទេស​ទាំងពីរ។

(ភូមិឌីជីថលនឹង​អាចផ្តល់​ព័ត៌មាន​ច្រើនពី​ការងារ​កសិកម្ម តម្លៃ​កសិផល បច្ចេកទេស​ផលិត​ដល់កសិករតាមរយៈព័ត៌មានៅ​លើ​អ៊ីនធឺណេត)

បើ​តាម​ប្រ​ភព​ក្រ​សួង​ព័ត៌មាន កាល​ពី​ម្សិល​មិញ​ភាគី​កម្ពុជា​ ឯកឧត្ដម ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និង​លោកស្រី​Manika Jain ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌា ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សា​គ្នា​ពី​គម្រោង​ភូមិ​ឌីជីថលនេះ។

បើ​តាម​ពិតទៅ​ក្រុមការ​ងារ​ជំនាញ​ទាំងពីរ​ភាគីបាន​ជួបគ្នា​រួចម្តងហើ​យកាលពី​ចុង​ខែ​កក្កដា កន្លងទៅ និង​បាន​ជ្រើស​រើស​យក​ស្រុក​ទ្រាំង ខេត្ត​តកែវ សម្រាប់​សាកល្បង​គម្រោងភូមិឌីជីថល​នេះ។ នេះបើ​តាម​ប្រ​ភព​ដដែល។

អ្វីទៅជា​ភូមិឌីជីថល?​

ភូមិឌីជីថល គឺ​ជា​គំនិត​មួយ​ផ្តួច​ផ្តើម​ឡើង​នៅប្រ​ទេស​ឥណ្ឌា សំដៅ​ដល់​ការ​ភ្ជាប់បណ្តាញទូរគមនាគមន៍ ​ដល់​តំបន់​ជន​បទ ដើម្បី​ឲ្យ​អ្នក​ភូមិអាច​មាន​ប្រ​ព័ន្ធ​អ៊ីនធឺណេត និង​សេវ៉ា​ទូរសព្ធជាដើមសម្រាប់​ប្រើ​ប្រាស់​។ នេះ​បើ​តាម​ឯកសារ​មួយ​និយាយពីភូមិឌីជីថល​របស់ប្រទេស​ឥណ្ឌា។

តើ​ធ្វើ​នេះដើម្បីអ្វី?

បើ​តាម​ឯកសារ​ដដែល​អ្នក​ភូមិ​ជនបទដែល​អាច​ភ្ជាប់ប្រ​ព័ន្ធ អ៊ីនធឺណេត​បាន គឺ​អ្នក​ទាំងនោះ​នឹង​អាច​ទទួលបាន​ព័ត៌មាន​ច្រើនពីការងារ​កសិកម្ម តម្លៃ​កសិផល បច្ចេកទេស​ផលិត​ ជាដើម តាម​រយៈ​ព័ត៌មាន​ដែល​មាន​នៅ​លើប្រព័ន្ធ​អ៊ីនធឺណេត។ លើសពីនេះ​អ្នកទាំងនោះ​អាច​ស្វែង​រក​ព័ត៌មាន​ទាក់ទង​នឹង​សេវាហិរញ្ញ​វត្ថុបាន​កាន់តែ​ទូលាយ​ជាង​មុន។

ក្រៅផល​ប្រ​យោជន៍ដល់​វិស័យ​កសិកម្ម ក៏មាន​ដែរ​ផលប្រយោជន៍ក្នុង​វិស័យ​អប់​រំ បាន​ន័យ​ថា​កូន​ចៅ​អ្នក​ភូមិ​អាចរក​មេរៀន ឬ​ឯកសារ​រៀន​បាន​ច្រើន​តាម​ប្រ​ព័ន្ធ​អនឡាញ និង​អាច​ធ្វើតេស្ត​សមត្ថភាពបាន​តាម​ប្រ​ព័ន្ធអន​ឡាញ​ទៀត​ផង។ ក្រៅពីនេះ​ទៀត​ អ្នក​ភូមិជន​បទ ក៏អាច​តាម​ដាន​ព័ត៌មានទាក់ទង​នឹង​សង្គម អភិបាល​កិច្ច និង​សុខភាព​ផង​ដែរ។ នេះ​បើ​តាម​ឯកសារ​ដដែល។

បើ​តាម​ក្រ​សួង​ព័ត៌មាន កិច្ច​សហប្រ​តិបត្តិការ​នេះនឹងជំរុញ ការអភិវឌ្ឍវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានសម្រាប់ជនបទ​នៅ​កម្ពុជា៕​

អត្ថបទ៖ ទូច សុខា