ភា សុភក្ត្រា៖ ​ទ័ព ​ត្រូវ​តែ​ប្ដូរ ​សម្រាប់​ជើង​ទី​២​នេះ

  • 2018-08-08 04:45:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ភា សុភក្ត្រា ​គ្រូ​បង្វឹក​ក្រុម​ក្រសួង​ការពារ​ជាតិ ​បាន​បញ្ជាក់​ថា​សមាជិក​ក្រុម​ទាំង​មូល​បាន​ត្រៀម​រួច​ជា​ស្រេច​ហើយ ​ដើម្បី​ប្ដូរ​យក​ឈ្នះ​ក្រុម​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង​នៅ​ល្ងាច​នេះ។

ក្រសួង​ការពារ​ជាតិ ​នឹង​​ប៉ះ​ជាមួយ​ក្រុម​ម្ចាស់​ផ្ទះ​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង ​ជើង​ទី​២ ​នៃ​ពាន​រង្វាន់ Hun Sen Cup ​ម៉ោង​៦:៣០​នាទី​ល្ងាច​នេះ។ ​ខណៈ​ដែល​ជើង​ទី​១​កន្លង​ទៅ ​ទ័ព​បាន​បរាជ័យ​១-២ ​រួច​ទៅ​ហើយ​នៅ​កីឡដ្ឋាន​ស្ដាត​ចាស់។ ដូច្នេះ​ហើយ ​បាន​ជា​ជើង​ទី​២​នេះ ​លោក ភា សុភក្ត្រា ​ដែល​ជា​គ្រូ​បង្វឹក​ក្រុម​ទ័ព ​បាន​បញ្ជាក់​ថា​កូន​ក្រុម​ទាំង​អស់ ​បាន​ត្រៀម​ខ្លួន​លេង​ប្ដូរ​ជាមួយ​ស្វាយ​រៀង​ហើយ។

គ្រូ​បង្វឹក​ដែល​មាន​វ័យ​៣៦​ឆ្នាំ​រូប​នេះ​បាន​និយាយ​ថា​៖ “កូន​ក្រុម​ខ្ញុំ ​មាន​ឆន្ទៈ ​អារម្មណ៍ ​និង​កម្លាំង​ចិត្ត​ខ្លាំង​មែនទែន ដើម្បី​លេង​យក​ឈ្នះ​ស្វាយ​រៀង។ ពួកគេ​បាន​សុំ​ខ្ញុំ​ហ្វឹកហាត់​បន្ថែម​នៅ​ថ្ងៃ​អាទិត្យ​កន្លង​ទៅ ​ដែល​ជា​ថ្ងៃ​ឈប់​សម្រាក តែ​ពួកគេ​មិន​ឈប់ ​សុំ​ខ្ញុំ​ហាត់​បន្ថែម។ ដូច្នេះ​មាន​ន័យ​ថា ​ពួកគេ​តាំង​ចិត្ត​ខ្លាំង ដើម្បី​យក​លទ្ធផល​ល្អ។ ជើង​ទី​១ ​យើង​ដាក់​កីឡាករ​ខុស ទើប​យើង​មិន​ទទួល​បាន​ផល ប៉ុន្តែ​ជើង​ទី​២​នេះ ​យើង​នឹង​ផ្លាស់​ប្ដូរ​យុទ្ធសាស្ត្រ​”។

ការ​ទៅ​លេង​នៅ​ទឹក​ដី​​ស្វាយ​រៀង​នេះ ​អតីត​កីឡាករ​ជម្រើស​ជាតិ​កម្ពុជា​ខាង​លើ​ដែល​ចូល​ដឹក​នាំ​ទ័ព​នៅ​រដូវ​កាល​នេះ ​បាន​យល់​ឃើញ​ថា​គ្មាន​សម្ពាធ​អ្វី​នោះ​ទេ សម្រាប់​ការ​លេង​ក្រៅ​ដី​នេះ។ ព្រោះ​ថា​ទៅ​លេង​នៅ​ស្វាយ​រៀង ​ក្រសួង​ការពារ​ជាតិ​ក៏​ចេញ​ពី​ភ្នំពេញ​ទៅ ​ហើយ​ម្ចាស់​ផ្ទះ​ស្វាយ​រៀង​នោះ ​ក៏​ចេញ​ពី​ភ្នំពេញ​ទៅ​ដូច​គ្នា៕

អត្ថបទ៖ មុន្នីរម្យ

អត្ថបទពេញនិយម