ពិសេសណាស់! កូនខ្មែរជាង១០០នាក់ នឹងបង្ហាញរបាំប្រពៃណីច្រើនទម្រង់នៅថ្ងៃស្អែកនេះ ​​​​​​​​​

  • 2018-08-08 06:57:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ព្រឹក​មិញ​នេះ​​សាលាមធ្យមសិក្សា​វិចិត្រ​សិល្បៈ​​​បាន​រៀប​ចំ​ហាត់​សម​របាំ​ច្រើន​​ទម្រង់​​​​ទៅ​លើ​សិស្ស​ប្រុស​ស្រី​ជាង​១០០​នាក់ មុន​ថ្ងៃ​ប្រឡង​​ឯក​ទេស​ជំនាញ​បញ្ចប់​សញ្ញាប័ត្រ​សិល្បៈ​ និង​ស្មាតកបត្រសិល្បៈ នៅ​​ភូមិ​បឹងសំយ៉ាប​ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​ រាជធានី​ភ្នំពេញ។

អ្នក​ស្រី​​ កែម សនសាងាំ នាយិកា​សាលា​​មធ្យម​​សិក្សា​វិចិត្រ​សិល្បៈ​ មាន​​ប្រសាសន៍​ថា ប្រឡង​​ឯក​ទេស​ជំនាញ​បញ្ចប់​សញ្ញាប័ត្រ​សិល្បៈ​ និង​ស្មាតកបត្រសិល្បៈ នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី៩ ខែ​សីហា ឆ្នាំ ២០១៨ ស្អែក​នេះ​ មាន​បក្ខជន​ប្រឡង​ជាង​១០០ នាក់។

ការ​ប្រឡង​នៅ​ថ្ងៃ​ស្អែក​នេះ​សិស្ស​ទាំង​អស់​​បាន​យក​របាំ​ប្រពៃណី​ខ្មែរ​មួយ​ចំនួន​មក​​​បង្ហាញ​មាន​ដូច​ជា របាំ​បុរាណ" ឈួយឆាយបួងសួង" របាំ​ប្រពៃណី​"ល្បុក្កតោ" ល្ខោន​យីកេ"មា​យើង" សៀក​" មហិទ្ធិឫទ្ធិ​​​នាគ​រាជ" ល្ខោន​និយាយ ​"កំពង់ធំ​ជំរុំចិត្ត" និង​ល្ខោន​បាសាក់​ "មរណមាតា" ជា​ដើម​។

“កន្លង​មក​គឺ​យើង​តែង​តែ​ធ្វើ​រៀង​រាល់​ឆ្នាំ ព្រោះ​សិស្ស​មាន​ប្រឡង​ចេញ​ និង​ចូល។ ចំពោះ​ការ​ប្រឡង​ចេញ​នេះ​មាន​ពីរ​ទី១​គឺ​ខាង​សញ្ញាប័ត្រ​ឌីប្លូម និង​ទី​២​គឺ​​សញ្ញាប័ត្រ​​បាក់​ឌុប ហើយ​ពួក​គាត់​បញ្ចេញ​ស្នា​ដៃ​ទៅ​តាម​ចំណេះ​ជំនាញ​ដែល​បាន​រៀន​កន្លង​មក"។នេះ​បើ​តាម​អ្នក​ស្រី​ នាយិកា​ខាង​លើ​បន្ថែម។

ថ្លែង​ក្នុង​ពិធី​ខាង​លើ​លោក វិន ឡៃជូ អគ្គនាយក​រង​បច្ចេកទេស​វប្បធម៌​ និង​ជា​នាយក​ស្ដីទី​​សាលា​មធ្យម​សិក្សា​វិចិត្រ​សិល្បៈ​បាន​មាន​ប្រសាសន៍​ថា ក្រោយ​​ពី​សិស្ស​បញ្ចប់​ការ​សិក្សា​សញ្ញាប័ត្រ​បាក់​ឌុប​ ពួក​គេ​ទាំង​អស់​មាន​ចំណេះ​ជំនាញ​ឯក​ទេស​​រៀង​ខ្លួន​អាច​យក​ទៅ​ប្រកប​របរ​ចិញ្ចឹម​ជីវិត​បាន។ កន្លង​មក​មាន​សិស្ស​​មួយ​ចំនួន​មាន​ឱកាស​​​បាន​ចេញ​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស​ទៀត​ផង។

ឆ្លៀត​ក្នុង​ឱកាស​នេះ​លោក​នាយក​ស្ដី​ទី ក៏​សូម​អំពាវ​នាវ​​ដល់​​​​​ទ្រង់​ឯកឧត្ដម​ លោក​ជំទាវ​​​អ្នក​នាង​កញ្ញា និង​ពុក​ម៉ែ​បង​ប្អូន​ទៅ​ចូល​រួម​ទស្សនា​ឲ្យ​បាន​​ច្រើន​កុះករ​ ​ចំពោះ​​ការ​ប្រឡង​​ឯក​ទេស​ជំនាញ​បញ្ចប់​សញ្ញាប័ត្រ​សិល្បៈ​ និង​ស្មាតកបត្រសិល្បៈ នៅ​ថ្ងៃ​ស្អែក​នេះ​។ ដើម្បី​លើក​ស្ទួយ​សិល្បៈ​វប្បធម៌​​ដ៏​ស្រស់​ផូរផង់​​ប្រពៃណី​ខ្មែរ​នៅ​លើ​ឆាក​អន្តរជាតិ។

ជា​ចុង​ក្រោយ​លោក សុំ​អំពាវ​នាវ​​ដល់​ប្អូន​ៗ​មួយ​ចំនួន​​ប្រសិន​បើ​ចង់​សិក្សា​​​នៅ​ សាលា​មធ្យម​សិក្សា​​វិចិត្រ​សិល្បៈ​​អាច​មក​ចុះ​ឈ្មោះ​បាន ព្រោះ​សាលា​នឹង​បើក​ទទួល​សិស្ស​ថ្មី​នៅ​ខែ​ក្រោយ​នេះ​ហើយ។ ​​​​​

​​​​​​​​​

អត្ថបទ៖ ឆុង ស៊ីណាន