Smart ប្រកាស​ទិញ​ភាគហ៊ុន​ក្រុមហ៊ុន​ល្បី​មួយ​ផ្នែក​ដឹក​ជញ្ជូន និង​ទិញ​អាហារ

  • 2018-08-08 09:24:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មូលនិធិ​សម្រាប់​អាជីវកម្ម​បែប​ឌីជីថល (SADIF) របស់​ក្រុមហ៊ុន Smart Axiata បាន​ទិញ​ហ៊ុន​ភាគ​តិច​របស់ Nham24 កាល​ពី​ម្សិលមិញ ដែល​ជា​ក្រុមហ៊ុន​ផ្ដល់​សេវា​ដឹកជញ្ជូន និង​បញ្ជា​ទិញ​ម្ហូប​អាហារ​តាម Online ធំ​មួយ នៅ​កម្ពុជា។

លោក ចាន់ បូរីម៉ា ស្ថាបនិក និង​ជា​នាយក​ប្រតិបត្តិ Nham24 បាន​និយាយ​ថា ជាមួយ​នឹង​ការ​បញ្ចូល​មូលនិធិ និង​ផ្ដល់​យុទ្ធសាស្ត្រ​ពី​វិនិយោគិន លោក​នឹង​បន្ត​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ផ្ដល់​សេវា​ឲ្យ​បាន​ប្រសើរ​បំផុត​តាម​ដែល​អាច​ធ្វើ​បាន ដល់​អតិថិជន ក៏​ដូចជា​ភោជនីយដ្ឋាន​ដែល​ជា​ដៃគូ។

ការ​វិនិយោគ​របស់ SADIF ជាទូទៅ មាន​ទំហំ​ទឹក​ប្រាក់​ចន្លោះ​ពី ២៥០០០ ទៅ ៥០០ ០០០ ដុល្លារ អាស្រ័យ​ទៅ​តាម​ដំណាក់​កាល​នៃ​អាជីវកម្ម លក្ខខណ្ឌ​តម្រូវ​ផ្នែក​ឧស្សាហកម្ម និង​លក្ខខណ្ឌ​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន​អ្នក​ទទួល​ទុន​វិនិយោគ​ទាំង​នោះ។

លោក ថូម៉ាស ហ៊ុន នាយក​ប្រតិបត្តិ Smart Axiata បាន​លើក​ឡើង​ថា៖ “ការ​លូតលាស់​យ៉ាង​លឿន​របស់​ក្រុមហ៊ុន Nham24 ក៏​ដូចជា​គោល​បំណង​របស់​ក្រុមហ៊ុន​ដែល​ចង់​អភិវឌ្ឍន៍​សេវា​ដឹក​ជញ្ជូន និង​បញ្ជា​ទិញ​ម្ហូប​អាហារ ជា​កត្តា​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​រំភើប​ចិត្ត ហើយ​ខ្ញុំ​នឹង​រង់ចាំ​មើល​ការ​លេច​ចេញ​ជា​រូបរាង​នូវ​ការ​វិនិយោគ​របស់​មូលនិធិ SADIF ក្នុង​ក្រុមហ៊ុន Nham24"។

មូលនិធិ​សម្រាប់​អាជីវកម្ម​បែប​ឌីជីថល SADIF មាន​ថវិកា​សរុប ៥ លាន​ដុល្លារ បាន​បង្កើត​ឡើង​កាល​ពី​ខែ​មីនា ២០១៧ ហើយ​គ្រប់​គ្រង​ដោយ​ក្រុមហ៊ុន​ផ្ដល់​ប្រឹក្សា និង​វិនិយោគ ដែល​មាន​ឈ្មោះ​ថា Mekong Strategic Partner (MSP) ដោយ​ពេល​នេះ បាន​វិនិយោគ​ទៅ​លើ​ក្រុមហ៊ុន ៤ គឺ ក្រុមហ៊ុន​ផ្ដល់​សេវា​ធានា​រ៉ាប់​រង Forte ក្រុមហ៊ុន​ដឹកជញ្ជូន “ជូន​អ្នក” Joonaak Delivery Co., Ltd ក្រុមហ៊ុន Morakot Technology និង​ចុង​ក្រោយ Nham24។

Nham24 បាន​បង្កើត​ឡើង​នៅ​ឆ្នាំ ២០១៦ និង​បាន​ក្លាយ​ជា​ក្រុមហ៊ុន​ផ្ដល់​សេវា​ដឹក​ជញ្ជូន​ម្ហូប​អាហារ​ធំ​មួយ​នៅ​កម្ពុជា ដែល​បច្ចុប្បន្ន​ប្រតិបត្តិការ​នៅ​ភ្នំពេញ និង​សៀមរាប ដោយ​សហការ​ជាមួយ​ភោជនីយដ្ឋាន​ជាង ៥៥០ កន្លែង ហើយ​ថ្មីៗ​នេះ ក្រុមហ៊ុន​បញ្ចេញ​កម្មវិធី Nham24 Fresh ដែល​អាច​បញ្ជា​ទិញ​គ្រឿង​ទេស​គ្រប់​មុខ និង​ដឹកជញ្ជូន​ដល់​កន្លែង​ក្នុង​ពេល ២ ម៉ោង​ប៉ុណ្ណោះ។

សម្រាប់​ព័ត៌មាន​បន្ថែម និង​ព័ត៌មាន​ថ្មីៗ​ពី​មូលនិធិ​សម្រាប់​អាជីវកម្ម​បែប​ឌីជីថល (SADIF) ចូល​ទៅ​ផេក​ហ្វេសប៊ុក Smart for Cambodia ឬ​វិបសាយ www.sadif.com.kh

អត្ថបទ៖ វិទូ