ទទួល​ពាន​នៅ​ថ្ងៃ​នេះ ប្រាសាទ​អង្គរ​វត្ត ជាប់​លេខ​១ ជា​សំណង់​ប្រវត្តិសាស្ត្រ​ដ៏​អស្ចារ្យ​បំផុត​ក្នុង​លោក​ឆ្នាំ ២០១៨

  • 2018-08-09 12:24:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 5270

ចន្លោះមិនឃើញ

នៅ​ថ្ងៃ​នេះ ជា​ប្រវត្តិសាស្ត្រ​ថ្មី​ទៀត​សម្រាប់​កម្ពុជា ដោយ​ប្រាសាទ​អង្គរវត្ត​ដ៏​អស្ចារ្យ​របស់​ខ្មែរ បាន​ឈ្នះ​ជយលាភី​លេខ​១ ជា​សំណង់​ប្រវត្តិសាស្ត្រ​ដ៏​អស្ចារ្យ​បំផុត​ក្នុង​លោក ដែល​ផ្ដល់​ជូន​ដោយ​ទី​ភ្នាក់​ងារ​ប្រឹក្សាយោបល់​លើ​ការ​ធ្វើ​ដំណើរ (TripAdviser)។

ឯកឧត្តម ថោង ខុន ​រដ្ឋ​មន្ត្រី​ក្រសួង​ទេសចរណ៍ បាន​ទទួល​ពានរង្វាន់​ខាង​លើ​​ពី​​អ្នក​ស្រី Sarah Mathews ជា​នាយក​ភ្នាក់​ងារ​ប្រឹក្សាយោបល់​លើ​ការ​ធ្វើ​ដំណើរ(TripAdvisor) នៅ​រសៀល​ថ្ងៃ​នេះ​ នៅ​មុខ​ប្រាសាទ​អង្គរវត្ត​តែ​ម្ដង។

តាម​សេចក្ដី​ជូន​ដំណឹង​របស់​ក្រសួង​ទេសចរណ៍ ជយលាភី​នេះ គឺ​ប្រាសាទ​អង្គរ​វត្ត​នៃ​យើង ​បាន​យក​ឈ្នះ​សំណង់​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​នានា​២៤​ផ្សេង​ទៀត សម្រាប់​ឆ្នាំ ២០១៨​នេះ។ នេះ​មិន​មែន​ជា​លើក​ទី​១ ប៉ុន្តែ​តាម​សេចក្ដី​ជូន​ដំណឹង​ដដែល គឺ​ជា​លើក​ទី​៥ ហើយ​ដែល​កេរ​មរតក​ដូន​របស់​ខ្មែរ​មួយ​នេះ បាន​ឈ្នះ​ពាន​ដ៏​មាន​កិត្យានុភាព​ដូច​គ្នា​នេះ រាប់​ចាប់​តាំង​ពី​ឆ្នាំ ២០១៤​មក។ ជយលាភី​ទាំង​នេះ ​ត្រូវ​បាន​រៀប​ចំ និង​ចាត់​ចំណាត់​​ដោយ​គេហទំព័រ​ល្បី​ៗ​លើ​ពិភព​លោក​ផ្សេងៗ​គ្នា​។

-កាល​ពី​ឆ្នាំ ២០១៤ អង្គរវត្ត​បាន​ជាប់​ជយលាភី​លេខ​១ ពី​គេហទំព័រ Archeao Madnessជា​តំបន់​បុរាណ​វិទ្យា និង​ប្រវត្តិសាស្ត្រ​ទាក់​ទាញ​បំផុត​លើ​ពិភព​លោក. -ឆ្នាំ ២០១៥ អង្គរវត្ត​បាន​ជាប់​ជយលាភី​លេខ​១ ពី​គេហទំព័រ TripAdvisor ជា​តំបន់​ទេសចរ​ប្រវត្តិសាស្ត្រ​ល្បី​ល្បាញ​លើ​ពិភព​លោក -ឆ្នាំ ២០១៦ អង្គរវត្ត​បាន​ជាប់​ជយលាភី​លេខ​១ ទៀត ពី​គេហទំព័រ Lonely Planet ជា​រមណីយដ្ឋាន​វប្បធម៌​ដ៏​ល្បី​ល្បាញ​លើ​ពិភព​លោក។ -ឆ្នាំ ២០១៧ និង​ឆ្នាំ ២០១៨ អង្គរវត្ត​បាន​ជាប់​ជយលាភី​លេខ​១ ពី​គេហទំព័រ TripAdvisor ជា​សំណង់​ប្រវត្តិសាស្ត្រ​ដ៏​អស្ចារ្យ​បំផុត​លើ​ពិភព​លោក៕


អត្ថបទ៖ ទារិកា