ក្រៅ​ពី Note 9 មានផលិតផល ៤ ទៀត Samsung ប្រកាសយប់​មិញ ទុកប្រកួត​ Apple

  • 2018-08-10 02:05:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើម្បី​ពង្រឹង​ប្រព័ន្ធ​ Eco-System នៃ​ផលិតផល​របស់​ខ្លួន​ Samsung បាន​ប្រកាស​ចេញ​ផលិតផល​ថ្មីៗ​​ចំនួន​ ៤ បន្ថែម​ពី​លើ​ Galaxy Note 9 ដោយ​ផលិតផល​ទាំង​អស់​នេះ​សុទ្ធ​តែ​អាច​ទ្រាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មក។

១. Galaxy Watch

​​Galaxy Watch ជា​គូ​ប្រជែង​ថ្មី​របស់​ Apple Watch ដោយ​មាន​ថាមពល​ថ្ម​អាច​ប្រើ​បាន​ដល់​រាប់​ថ្ងៃ ចំពោះ​ការ​សាក​បំពេញ​ថាមពល​មួយ​លើក។ នាឡិកា​វៃ​ឆ្លាត​នេះ​មាន​ជម្រើស​ទំហំ​ ៤២ ម.ម និង ៤៦ ម.ម ដោយ​មាន​តម្លៃ​ ៣២៩ ដុល្លារ និង ៣៤៩ ដុល្លារ។

Galaxy Watch អាច​​បម្រើ​មុខងារ​ជា​ច្រើន​ដូច​ជា​តាមដាន​សុខភាព​របស់​​អ្នក​ប្រើ​ប្រាស់, ប្រមូល​យក​ទិន្នន័យ​សំខាន់ៗ​ពេល​ធ្វើ​លំហាត់​ប្រាណ និង​ តាម​ដាន​ដំណេក​ជា​ដើម។ នាឡិកា​នេះ​អាច​ប្រើ​ជា​មួយ​ទូរសព្ទ​​ត្រកូល​ Galaxy ឬ​អាច​ប្រើ​តែ​ឯង​វា​ ដោយ​មាន​បំពាក់​នូវ​ប្រព័ន្ធ​អ៊ីនធឺណិត​ LTE មក​ស្រាប់។

២. Galaxy Home

គូ​ប្រជែង​របស់​ HomePod គឺ​ Galaxy Home នេះ​ឯង។ វា​ជា​ឧបករណ៍​បំពង​សំឡេង​វៃ​ឆ្លាត​ មាន​បំពាក់​នូវ​ជំនួយ​ការ​ឥត​សំឡេង​ Bixby ជំនាន់​ថ្មី​ អាច​​សន្ទនា​គ្នា​ទៅ​វិញ​ទៅ​មក​ជា​មួយ​អ្នក​ប្រើ​ប្រាស់​ និង​អាច​បំពេញ​មុខងារ​ជា​ច្រើន​ទៀត​ លើស​ពី​ការ​ចាក់​ចម្រៀង។

៣. សេវាកម្ម​ស្ដាប់​តន្រ្តី​ Spotify

Samsung បាន​រួម​សហការ​គ្នា​ជា​មួយ​សេវាកម្ម​ Spotify ដើម្បី​ផ្ដល់​នូវ​បទ​ពិសោធន៍​ស្ដាប់​តន្ត្រី​ដ៏​សម្បូរ​បែប​​នៅ​លើ​ឧបករណ៍​ទាំង​ឡាយ​របស់​ Samsung រួម​មាន​ទូរសព្ទ និង Galaxy Home ផង​ដែរ។ គួរ​ដឹង​ថា​ Spotify ជា​គូ​ប្រជែង​ធំ​មួយ​របស់​ Apple Music។

៤. ឆ្នាំង​សាក​ឥត​ប្រើ​ខ្សែ

Wireless Charger Duo បាន​បង្ហាញ​ខ្លួន​យប់​មិញ​នេះ ដោយ​អាច​ប្រើ​ដើម្បី​សាក​​ស្មាតហ្វូន​ត្រកូល​ Galaxy និង Galaxy Watch ក្នុង​ពេល​តែ​មួយ​បាន។ វា​មិន​ខុស​អី​ពី​ AirPower របស់​ Apple ដែល​អាច​សាក​ឧបករណ៍​បាន​ច្រើន​ក្នុង​ពេល​តែ​មួយ​ដោយ​មិន​បាច់​ដោត​ខ្សែ​៕​

អត្ថបទ៖ សុខហេង